អនុប្រធាន​ប្រចាំការ គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ ណែនាំ​មន្ត្រី​បក្ស​ យកចិត្តទុកដាក់​ប្រជាពលរដ្ឋ និង​ជួយ​ពួកគាត់​ឲ្យ​ចំ​គោលដៅ
BREAKING NEWS
Search

អនុប្រធាន​ប្រចាំការ គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ ណែនាំ​មន្ត្រី​បក្ស​ យកចិត្តទុកដាក់​ប្រជាពលរដ្ឋ និង​ជួយ​ពួកគាត់​ឲ្យ​ចំ​គោលដៅ

ភ្នំពេញ ៖ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ មន្ត្រី​បក្ស​ថ្នាក់​សង្កាត់ នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រែក​ព្នៅ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ លោក​ម៉ៅ បូរ៉ា អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ បាន​ណែនាំ​ដល់​ប្រធាន អនុប្រធាន គណៈកម្មាធិការ​បក្ស​ស​ង្កា​ត់ ព្រែក​ព្នៅ​ត្រូវ​បន្ដ​យកចិត្តទុកដាក់ ពិនិត្យ​តាមដាន​ពី​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ដិតដល់ ពិសេស​បងប្អូន​ដែល​មាន​ជីវភាព​ខ្វះខាត ព្រោះ​នៅ​សម័យ​កូ​វីដ​កំពុង​រាតត្បាត​នេះ គ្រួសារ​មួយចំនួន មាន​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​ចំពោះ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់។

លោក ម៉ៅ បូរ៉ា បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​ពិភពលោក​មាន​ឱនភាព​តែ​ប្រជាពលរដ្ឋ​ត្រូវ​រស់នៅ​ធម្មតា តាម​គន្លង​ថ្មី ពោល​គឺ​ត្រូវ​យក​ចិត​ទុកដាក់​ក្នុងការ​ការពារ ការរីក​រាលដាល​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ព្រោះ​បើ​យើង​ធ្វើ​អញ្ចឹង​ទាំងអស់គ្នា សេដ្ឋកិច្ច​យើង​នឹង​ដើរ​តិចៗ​ឡើងវិញ តែបើ​យើង​មិន​រស់​នៅតាម​គន្លង​ថ្មី​ទេ យើង​នឹង​ស្លាប់​ទាំងអស់គ្នា។

លោក​អនុប្រធាន​ប្រចាំការ​បញ្ជាក់​ថា ក្នុង​ការ​ធ្វើ​ប័ណ្ណ​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ សូម​ធ្វើ​ឲ្យ​ចំ​គោលដៅ បើ​ធ្វើ​ឲ្យ​អ្នកធូរធារ ឬ​បងប្អូន​បក្សពួក​របស់​ខ្លួន មតិ​មហាជន​នឹង​រិះគន់​និទ្ទាន បើ​យើង​ធ្វើ​ជូន អ្នក​ក្រីក្រ​ខ្វះខាត​ពិតប្រាកដ ទាំង​សាមី​ខ្លួន​និង​មហាជន​ទូទៅ មានការ​សប្បាយចិត្ត​ពួកគេ​នឹង គាំទ្រ​យើង។

ជា​មួយ​នេះ​ ត្រូវ​បន្ដ​យកចិត្តទុកដាក់​ធ្វើ​គោលនយោបាយ​លើ​ស្ដ្រី​និង​កុមារ ដោះស្រាយ បញ្ហា​លំបាក​របស់​ពួកគាត់​គឺ​ពេល​សម្រាលកូន គឺ​ត្រូវ​បាន​ជួយ​ទំនុក​បម្រុង ធ្វើ​យ៉ាង​ណា​ជួយ​សម្របសម្រួល​មិន​ឲ្យ​មាន​កើតកូន​តាម​ផ្ទះ ឬ​តាមផ្លូវ​ឡើយ គឺ​ត្រូវ​ជូន​ពួកគាត់​ឲ្យ​មក​សម្រាល​ដល់​មន្ទីរ ពេទ្យ ឬ មណ្ឌល​សុខភាព ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពួកគាត់​។

លោក អនុប្រធាន​គណបក្ស​ខ​ណ្ឌ​មានប្រសាសន៍​ថា ការ​ដឹង​សុខ​ទុក​ប្រជាពលរដ្ឋ​គឺជា​កិច្ច​ការសំខាន់ ដូចនេះ សូម​បងប្អូន​បន្ដ​ខិតខំ​យកចិត្តទុកដាក់​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដើម្បី​បង្កើន​នូវ​ភាព​ស្និទ្ធស្នាល ពិសេស​ស្វែងរក​ព័ត៌មាន​ដែល​ជា​តម្រូវការ និង សំណូមពរ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម ដើម្បី​យក​បញ្ហា​ទាំងនោះ មក​ពិភាក្សា ដោះស្រាយ​និង ត្រូវ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ​របស់​ខ្លួន ទើប​អាច​ជំរុញ សកម្មភាព​ការងារ​រួម​ទទួល​បាន​ជោគជ័យ។

​ជា​មួយ​នេះ ត្រូវ​បន្ដ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ប្រសើរ ក្នុង​ការ​រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន តាម រយៈ​ការ​លើកកម្ពស់​ការអនុវត្ត គោល នយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ទាំង ៩​ចំណុច ដោយ​ធ្វើការ ទប់ស្កាត់​អំពើ​ចោរកម្ម ល្បែងស៊ីសង អំពើ​ហិង្សា និង​បញ្ហា​គ្រឿងញៀន​ជាដើម ពិសេស​រក្សា​ឲ្យ​បាន នូវ​សន្ដិសុខ សុវត្ថិភាព របៀបរៀបរយ សាធារណៈ​៕
ឧ​ត្ត​រ៉ា

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114