ព័ត៍មានទាន់​ហេតុការណ៏
Search

អបអរ​ខួប​មួយ​ឆ្នាំ​ ក្នុង​ការ​ចុះបញ្ជី​ល្ខោនខោល​ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្សជាតិ

សៀមរាប ​៖ ​កម្មវិធី​សម្ដែង​សិល្បៈ «​រាត្រី​ចងចាំ​» ដើម្បី​អបអរ​ខួប​មួយ​ឆ្នាំ​នៃ​ការចុះបញ្ជី​ល្ខោនខោល​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​នា​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ រដ្ឋបាល​ខេត្តសៀមរាប មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​មហាជន​ជា​ទេសចរ​ជាតិ​-​អន្ដរជាតិ ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​។

លោកជំទាវ ភឿង ស​កុ​ណា បាន​ថ្លែង​ថា កម្មវិធី​នៅ​ពេល​នេះ​ផ្តោត​លើ​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​មួយ​ចំនួន ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​មនុស្សជាតិ រួមមាន​របាំ​ព្រះរាជ​ទ្រព្យ ល្ខោន​ស្រមោល​ស្បែក​ធំ និង​ចាប៉ី​ដង​វែង​។ ដោយឡែក ការរៀបចំ​រាត្រី​ចងចាំ​នៅ​ព្រះ​លានជល់ដំរី​នៅ​លើ​ទឹកដី​អង្គរ អតីត​បេះដូង​នៃ​មហានគរ​ខ្មែរ ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដើម្បី​បំផុស​ឡើងវិញ​ឲ្យ​កូន​ខ្មែរ​ទាំងអស់​ដឹង​អំពី​ទេពកោសល្យ ការច្នៃប្រឌិត​ពី​បញ្ញាញាណ​របស់​ដូនតា​យើង​។

លោកជំទាវ​រដ្ឋមន្ត្រី បញ្ជាក់​បន្ថែម​ជាពិសេស​កម្មវិធី​នេះ​ក៏បាន​បង្ហាញ​ពី​កម្លាំង​រួបរួម​របស់​ជាតិខ្មែរ ហើយ​កាលណា​យើង​រួមគ្នា គឺ​យើង​អាច​ធ្វើ​បាន​។ លោកជំទាវ​បាន​អំពាវនាវ​ឲ្យ​បន្ត​ស្មារតី​ទៅ​មុខ​ទៀត ហើយ​គ្មាន​អ្វី​ដែល​ថែ​បាន​ល្អ​ជាង​ប្រជាជន​ខ្លួនឯង ហើយ​គ្មាន​អ្វី​ដែល​អាច​ថែ​បាន​ល្អ​ជាង​យុវជន​ជំនាន់​ក្រោយ​ទេ ដើម្បី​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ដែល​ដូនតា​ប្រឹង​បង្កើត​ឡើង​ទុក​ទៅ​អ្នកជំនាន់ក្រោយៗ​ទៀត​។ បន្ថែម​ពីនេះ លោកជំទាវ​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​នូវ​បំណង​ក្នុងការ​ឲ្យ​មានការ​បំផុស​ចលនា​ចូលរួម​ផ្សព្វផ្សាយ​អំពី​សិល្បៈ​វប្បធម៌​របស់​ជាតិខ្មែរ​ឲ្យ​កាន់តែ​មាន​ភាព​ល្បី​រន្ទឺ​ក្នុង​កម្រិត​ជាតិ​និង​អន្តរជាតិ​។

ជាមួយគ្នា​នោះ លោកជំទាវ​រដ្ឋមន្ត្រី​ក៏បាន​ថ្លែង​អរគុណ​ដល់​ក្រសួង​ស្ថាប័ន​មួយចំនួន​ដែល​សហការ​ចូលរួម​ក្នុង​កម្មវិធី​នេះ និង​បង្ហាញ​អារម្មណ៍​រីករាយ​ជា​ពន់ពេក​ពេល​ឃើញ​មហាជន​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ ដែល​ឆ្លុះបញ្ចាំង​នូវ​ស្មារតី​រួបរួម​ជាតិ ស្រឡាញ់​និង​មាន​មោទនភាព​ចំពោះ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​របស់ខ្លួន​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114