អភិបាលខណ្ឌ​ទួលគោក ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​ចុះ​ធ្វើការ​សម្ភាសន៍​ដោយ​ផ្ទាល់ ដើម្បី​អាច​ទទួល​ប័ណ្ណ​ក្រីក្រ
BREAKING NEWS
Search

អភិបាលខណ្ឌ​ទួលគោក ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​ចុះ​ធ្វើការ​សម្ភាសន៍​ដោយ​ផ្ទាល់ ដើម្បី​អាច​ទទួល​ប័ណ្ណ​ក្រីក្រ

ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក លោក​ឯក ឃុន​ដឿ​ន​ បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​ទាំងអស់ ចុះ​ទៅដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ និង​ធ្វើការ​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដើម្បី​ឲ្យ​ដឹង​ថា ពួកគាត់​ពិតជា​ក្រីក្រ អាច​ទទួល​ប័ណ្ណ​ក្រីក្រ​ដើម្បី​បាន​ថវិកា​ពី​រាជរដ្ឋាភិបាល​ដែល​គ្រោង​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​២៥​លាន​ដុល្លារ​ក្នុង​មួយខែ​នោះ​។

លោក​ឯក ឃុន​ដឿ​ន​ បាន​បញ្ជាក់​ទៀត​ថា ក្នុងនាម​សង្កាត់ ត្រូវ​ហ៊ាន អា កាត់​ថា​ត្រូវ​ដក​ប័ណ្ណ​ក្រីក្រ​ពី​ប្រជាពលរដ្ឋ​មកវិញ បើ​ពិនិត្យ​ទៅ​ឃើញថា ពួកគាត់​មាន​ជីវភាព​ប្រសើរឡើង​ហើយ​នោះ ហើយក៏​ត្រូវប្រគល់​ប័ណ្ណ​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ពិត​ផងដែរ​។

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​បាន​មក​ដាក់ពាក្យ​ស្នើសុំ​យក​ប័ណ្ណ​ក្រី​ករ​មាន​ចំនួន​រហូត​ទៅដល់ ៣៩៦​នាក់ ហើយ​យើង​បានសម្រេច​ឲ្យ​ពួកគាត់​សម្ភាសន៍​៣៤៩​នាក់ តែ​មក​ដល់​ពេល​នេះ យើង​ទើបតែ​សម្ភាសន៍​បាន​ចំនួន​៥១​នាក់​ប៉ុណ្ណោះ។ ដូច្នេះ​ទេ មន្ត្រី​របស់​យើង​ត្រូវតែ​ពន្លឿន​កិច្ចការងារ​នេះ​ឲ្យ​បាន​លឿន ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ប័ណ្ណ​ក្រីក្រ​និង​បានទទួល​ប្រាក់​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល​។

ក្រៅ​ពី​នេះ លោក​អភិបាល​ខណ្ឌទួលគោក​ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មន្ត្រី​ថ្នាក់​ខណ្ឌ សង្កាត់ បន្ត​ចុះ​ផ្សព្វផ្សាយ​ទៅ​ប្រជាពលរដ្ឋ​ឲ្យ​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ ដោយហេតុថា មកដល់ពេលនេះ បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន លែង​ភ័យខ្លាច​ពី​ជំងឺ​កូ​វី​-១៩​ទៅ​ហើយ ដោយ​អ្នកខ្លះ​មិនបាន​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឡើយ ខណៈដែល​មកដល់ពេលនេះ នៅ​លើ​ពិភព​លោកអ្នក​ដែល​បាន​ឆ្លង​ជម្ងឺ​កូ​វីត​-១៩​មាន​ចំនួន​រហូតដល់​ជាង ១០​លាន​នាក់​ហើយ​នោះ។ ដូច្នេះ​យើង​ត្រូវតែ​រួមគ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​ឲ្យ​បាន​ការ​លើក​ឡើង​បែបនេះ​របស់​លោក​អភិបាលខណ្ឌ​ទួលគោក បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី ៣០ មិថុនា​ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១៣​របស់​ក្រុមប្រឹក្សា​ខណ្ឌទួលគោក ក្រោម​វត្តមាន​លោកស្រី​ញ៉ែម មុំ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក​ស្តីទី​និង​លោក​ឯក ឃុន​ដឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក នៅ​សាលាខណ្ឌ​ទួលគោក៕
ស្រីរ័ត្ន

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114