BREAKING NEWS
Search

អភិបាលខេត្តបន្ទាយ​មានជ័យ ​ផ្ដាំ​ផ្ញើ​ឲ្យ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​បន្ត​ការពារ​ជំងឺ​កូ​វីដ​-១៩ ទោះបី​កូ​វីដ​.១៩ ធ្លាក់ចុះ

បន្ទាយមានជ័យ ៖ លោក​អ៊ុំ ​រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​COVID-19 ទោះបីជា​ស្ថានភាព​នៅ​កម្ពុជា​បាន​ធូរស្បើយ​ច្រើន​ហើយ មិនមាន​អ្នក​ឆ្លង​ថ្មី​ក៏ពិតមែន​ ក៏​មិន​ត្រូវ​ភ្លេចខ្លួន​ឡើយ ដោយ​បន្ត​ប្រយុទ្ធ​ប្រឆាំង​ចំពោះ​ជំងឺ​រាតត្បាត​នោះ​បន្ថែមទៀត។

ក្នុង​ពិធី​នេះ ​ដោយមាន​ការចូលរួម លោក​ហ៊ឹល​ រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ផងដែរ​។ ក្នុង​នោះ​លោក ​អ៊ុំ​ រាត្រី​ បាន​ធ្វើ​ការចែក អំណោយ​របស់​រដ្ឋបាល​ក្រុង​សិរីសោភ័ណ​បាន​មក​ពី​សប្បុរសជន​ក្នុង​ក្រុង​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥៧​គ្រួសារ​រស់នៅ​សង្កាត់​កំពង់ស្វាយ​ក្នុង​១​គ្រួ​សារបាន​អង្ករ ២៥​គីឡូ ឃី​ត​១​បញ្ចប់ និង​ថវិកា​១០.០០០​រៀល នៅក្នុង​វត្ត​តា​ហី ក្នុងភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

ក្នុង​ពិធី​ចែក​អំណោយ​នោះ​ លោក​ អ៊ុំ​ រាត្រី​ បាន​មានប្រសាសន៍ថា​ ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី ឬ​ហៅថា Covid-19​ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ ឆ្លង​ក្នុង​ល្បឿន​លឿន នៅក្នុង​ពិភពលោក​អ្នក​កើត​ជំងឺ​នេះ​វា​ងាយ​និង​ស្លាប់​ណាស់​ពិសេស អ្នកមាន​ជម្ងឺ ជន​ចាស់ជរា ប្រជាពលរដ្ឋ​ផ្តុំ​ក្បាល​គ្នា​ជា​ក្រុម រហូតមកដល់ ថ្ងៃនេះ​នៅ​មិន​ទាន់​មាន​ក្រុម​គ្រូពេទ្យ​ជំនាញ​ណា​អាច​រកឃើញ​ថ្នាំ​សម្លាប់​មេរោគ​នេះ​បាន​នៅឡើយ​ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​គោរព​គោលការណ៍​របស់​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ដូចជា ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ត្រូវ​ពាក់​ម៉ាស ខ្ទប់​ក្រមា អាល់កុល និង​ជែ​ល​លាងដៃ​កំចាត់​មេរោគ​បាក់តេរី និង​ធ្វើការ​វាស់​កំដៅ​ក្នុង​ខ្លួន​ដោយ​អ្នកជំនាញ​ពិសេស​ប្រជាពលរដ្ឋ​ណា ដែល​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ​កាលពីពេល​ថ្មី ត្រូវ​នៅ​ដោយឡែក​ពីគ្នា​១៤ ថ្ងៃ​សិន។

លោក​ក៏បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​សុខ​ភាពល្អ និង​ជោគជ័យ​ក្នុង​ភារកិច្ច​ការងារ​គ្រប់ៗ​ក្រុម​គ្រួសារ ពិសេស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​គ្រប់ៗ​ក្រុម​គ្រួសារ ក្នុងការ​ចូលរួម​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស មិនត្រូវ​ភ្លេចខ្លួន​នោះ​ទេ បើ​ទោះបី​ជា​ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​នៅ​មាន​កម្រិត​តិច ក្រោម​ការ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​សារាចរ​ណែនាំ និង​វិធានការណ៍​ជាច្រើន​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ កម្ពុជា​មកដល់​ថ្ងៃនេះ អ្នក​ឆ្លង​មាន​ចំនួន ១២២​នាក់ អ្នកជា​សះស្បើយ​មាន​ចំនួន ១២១​នាក់ និង​ពុំ​មាន​អ្នក​ស្លាប់​នោះទេ​។

លោក​បាន​ជំរុញ​ប្រជាពលរដ្ឋ​ការងារ​កសិក​ម្ម​ក្នុង​ការដាំដុះ ចិញ្ចឹមសត្វ នៅក្នុង​មូលដ្ឋាន ជាពិសេស ត្រូវ​រក្សាទុក​នូវ​ស្បៀងអាហារ​ដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ប្រសិនបើ​ជំងឺ​កូ​វីដ​-១៩​នេះ នៅតែ​អូសបន្លាយ ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​និង​ការបាត់បង់​អាយុ​៕
គង្គា

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114