អភិបាលខេត្ត​កែប ដឹកនាំ​ក្រុមការងារ​ចុះ​សួរ​សុខទុក្ខ​ប្រជា​ការពារ​​៩១​នាក់ ក្នុង​ឃុំ​ពងទឹក ​
BREAKING NEWS
Search

អភិបាលខេត្ត​កែប ដឹកនាំ​ក្រុមការងារ​ចុះ​សួរ​សុខទុក្ខ​ប្រជា​ការពារ​​៩១​នាក់ ក្នុង​ឃុំ​ពងទឹក ​

កែប ៖ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ១២​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០២០ នេះ លោក កែន ស​ត្ថា អម​ដំណើរ​ជាមួយ​ លោក អ៊ុក ថា អភិបាលរង​ខេត្ត គណៈ​អភិបាល​ស្រុក​ដំណាក់​ចង្អើរ ក្រុមប្រឹក្សា​ស្រុក រួម​ទាំង​ក្រុមការងារ​ថ្នាក់​ខេត្ត បាន​អញ្ជើញ​ចុះ​សំណេះ​សំណាល​សួរសុខទុក្ខ​ប្រជា​ការពារ​៩១​នាក់ មកពី​ភូមិ​ចំនួន​៧ របស់​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ក្នុង​ឱកាស​សំណេះសំណាល​នេះដែរ លោក កែន ស​ត្ថា អភិបាលខេត្ត​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កែប បាន​មានប្រសាសន៍ថា ទោះបី​បងប្អូន​ប្រជា​ការពារ មិនមែនជា​មន្ត្រី​នគរបាល​យុត្តិធម៌​ក្ដី ប៉ុន្តែ​បងប្អូន​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា ការពារ​សន្តិសុខ សណ្ដាប់​ធ្នាប់ របៀបរៀបរយ​នៅ​តាម​គោលដៅ​ និង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សហការ​ជាមួយ​កងកម្លាំង​ទាំង​៣​ និង​អាជ្ញាធរ​មូលដ្ឋាន​(​ភូមិ ឃុំ ស្រុក​)។ មិនតែប៉ុណ្ណោះ ​បងប្អូន​ ក៏ត្រូវ​ចូលរួមចំណែក​អនុវត្ត​ និង​ទប់​ស្កាត់​ការ​រីក​រាលដាល ​នៃ​ជំងឺ​កូ​វីដ​-១៩ តាម​សារ​អប់រំ​ និង​ណែនាំ របស់​ក្រសួងសុខាភិបាល និង​រាជ​រដ្ឋាភិបាល ដែល​បាន​ផ្សព្វផ្សាយ​ដោយ​តម្រូវ​ឲ្យ​យើង​មាន​អនាម័យ​ជាប្រចាំ​។​

លើស​ពី​នេះ​ទៅទៀត ​បងប្អូន​ទាំងអស់គ្នា ​ក៏​ត្រូវតែ​ចូលរួម​ផ្សព្វផ្សាយ​ និង​គោរព​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​ទើប​តែ​កែសម្រួល​ថ្មី ​និង​កំពុងតែ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​បំផុត ព្រោះថា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មួយថ្ងៃៗ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាត់បង់​ជីវិត​ក្នុង​ចន្លោះ​ពី​៥​នាក់ ​ទៅ​៧​នាក់ និង​រង​របួស​ធ្ងន់​ស្រាល​ជា​ច្រើន​នាក់​ផង​ដែរ។ ក្នុងនោះ ក៏​ធ្វើ​ឲ្យ​ប្រទេស​យើង​ខាតបង់​ថវិកា​រាប់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ទៀតផង។

​ក្នុង​ឱកាស​នោះ​ដែរ លោក កែន ស​ត្ថា អភិបាលខេត្ត បាន​ឧបត្ថម្ភ​ជូន​បងប្អូន​ប្រជា​ការពារ​ក្នុង​ម្នាក់ៗ​ទទួល​បាន អង្ករ​២០​គីឡូក្រាម សាប៊ូដុំ ស្ទីក​គ័​រ​អប់រំ ថវិកា​ ២០ ០០០រៀល និង​ ម៉ាស់​២​ប្រអប់ អាល់​កុល​១០​លីត្រ ក្នុង​មួយ​ភូមិៗ និង​សាលាឃុំ​ពងទឹក អាល់កុល​១០​លីត្រ សាប៊ូដុំ និង​ម៉ាស​២​ប្រអប់ សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​៕

សូមចុចអាន ៖ ចុះ​បង្ក្រាប​ អ្នក​ជួញដូរ​និង​ថ្នាំញៀន​បាន ​៧​នាក់​ នៅ​ទីតាំង​ផ្សេង​គ្នា​

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114