អភិបាលខេត្ត​កំពង់ស្ពឺ​ ៖ ប្រទេស​កាន់តែ​អភិវឌ្ឍន៍ បញ្ហា​បរិស្ថាន​ គឺ​កាន់តែ​ប្រឈម​​
BREAKING NEWS
Search

អភិបាលខេត្ត​កំពង់ស្ពឺ​ ៖ ប្រទេស​កាន់តែ​អភិវឌ្ឍន៍ បញ្ហា​បរិស្ថាន​ គឺ​កាន់តែ​ប្រឈម​​

កំពង់ស្ពឺ ​៖ លោក វ៉ី សំណាង អភិបាលខេត្ត​បានលើកឡើង​បែបនេះ គ្រា​ដែល​លោកបាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​បរិស្ថាន មន្ត្រី​ឧទ្យាន​រក្ស អភិបាល អភិបាលរង ក្រុង ស្រុក នៅ​មន្ទីរ​បរិស្ថាន​នា​រសៀល​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧ នេះ។​

ក្រោយពី​បាន​ស្តាប់​ការលើកឡើង​ពី​បញ្ហា​ប្រឈម​នានា ទាំង​ភាព​ខ្លាំង ​និង​ភាព​ខ្សោយ​របស់​ប្រធាន​មន្ទីរ​បរិស្ថាន ​ដោយ​លោក គាត រង្សី អង្គភាព ​នៃ​មន្ទីរ​បរិស្ថាន​ ក៏បាន​ស្នើ​ឲ្យ​អស់លោក​ជា​អភិបាល អភិបាលរងក្រុង ស្រុក ជួយ​បំផុស​នៅ​ចលនា​មហាជន​ ជាពិសេស​ឲ្យ​ក្រុមហ៊ុន រោងចក្រ សហ​គ្រាស ក្នុង​មូលដ្ឋាន​ មេត្តា​ជួយ និង​នាំគ្នា​សម្អាត​បរិស្ថាន​ផង​ដែរ។​

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​មាន​មតិ​ដោយ​លើកឡើងថា ពិតណាស់​ប្រទេស​យើង​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ គឺ​ពិតជា​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​ខ្លាំង ដោយ​ឧទាហរណ៍ សម័យ​មុន​ មនុស្ស​តែងតែ​ប្រើ​នៅ​ស្លឹកឈើ ស្លឹក​ឈូក សម្រាប់​ប្រើប្រាស់​ដោយ​រុក្ខជាតិ វា​ឆាប់​រលាយ​នឹង​ធម្មជាតិ តែ​ដល់​សម័យ​ជឿនលឿន​យើង​នេះ​មនុស្ស​ប្រើ​ថង់​ប្លាស្ទិក​ភាគច្រើន គ្រឿង​ជ័រ។..​ល​។ ​វា​មិន​អាច​រលាយ​ទៅ​នឹង​ធម្មជាតិ ​ដូច្នេះ​បង្ក​បញ្ហា​បរិស្ថាន ដែល​ទាមទារ​ឲ្យ​មនុស្ស​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។​

អភិបាលខេត្ត​បន្តថា ​សូម​ឲ្យ​ការ​បំពេញ​បេសកកម្ម​ការងារ​តាម​តំបន់​ការពារ​ធម្មជាតិ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មាន​ឧទ្យាន​ជាតិ​គិរីរម្យ ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្តាល ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​ខាងត្បូង ឧទ្យាន​ជាតិ​បូកគោ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ រួម​នឹង​បុគ្គលិក​-​កម្មករ សេវា​សំអាត​អនាម័យ តាម​មូលដ្ឋាន ដែល​បាន​បំពេញការងារ​ជូន​ខេត្ត ក៏​ដូច​ក្រសួងបរិស្ថាន​សូម​ប្រឹងប្រែង​បំពេញការងារ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ប្រសើរ។

​ចំពោះ​វិស័យ​បរិស្ថាន លោក​កោតសរសើរ និង​អរគុណ​ផងដែរ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​មានការ​គាំទ្រ​ពី​សហការី​ដល់​ការងារ​បរិស្ថាន និង​ការគ្រប់គ្រង​ធនធានធម្មជាតិ តាម​តំបន់​ទាំង​៥​ខាង​លើឲ្យ​មាន​ស្ថិរភាព​ ដោយមាន​វិធានការ​ទប់ស្កាត់​នូវ​សកម្មភាព​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ទាន់ពេលវេលា រក្សា​បាន​នូវ​ជីវចម្រុះ​ល្អប្រសើរ​។

រដ្ឋបាលខេត្ត​ បានកត់​សម្គាល់​ឃើញថា មន្ទីរ​បរិស្ថាន​ ជា​មន្ទីរ​ដែល​បាន​យកចិត្តទុកដាក់​ថែរក្សា ពង្រឹង​សហគមន៍​បាន​ល្អ ដូចជា​សហគមន៍​ចំបក់​ជាដើម ដែល​ជីវភាព​សមាជិក​សហគមន៍​ត្រូវបាន​លើក​កម្ពស់​ជា​បន្តបន្ទាប់​។ ពោលគឺ​រាល់​បទល្មើស​ក្នុង​តំបន់ការពារធម្មជាតិ សុទ្ធតែ​ត្រូវ​បាន​ដោះ​ស្រាយ​តាមផ្លូវ​ច្បាប់ ដែលជា​ការរួមចំណែក​យ៉ាងសំខាន់​ដល់​ការពង្រឹង​ច្បាប់​តំបន់ការពារធម្មជាតិ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114