អភិបាលខេត្ត​បាត់ដំបង ប្ដេជ្ញា​ជំរុញ​បង្កើន​ប្រាក់ចំណូល​របស់​ពលរដ្ឋ​ ​តាម​​រយៈ​វិស័យ​កសិកម្ម

ភ្នំពេញ ៖ ជា​ទិសដៅ​ការងារ​បន្ត​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ភាពល្អប្រសើរ​ជាង​មុន អភិបាលខេត្ត​បាត់ដំបង​ បាន​ប្ដេជ្ញា​ថា​ នឹង​ជួយ​ជំរុញ​បង្កើន​ប្រាក់ចំណូល​របស់​ពលរដ្ឋ​តាមរយៈ​វិស័យ​កសិកម្ម ដោយ​ធ្វើការ​បង្កើន​នូវ​បរិមាណ​ផល​ស្រូវ​ ទិន្នផល​កសិកម្ម​ផ្សេងទៀត និង​ធ្វើ​ឲ្យ​ចំណាយ​ថ្លៃដើម​ថយ​ចុះ ព្រមទាំង​ធានា​នូវ​ការ​ផ្គត់ផ្គង់​ទីផ្សារ​នាំចេញ​របស់​ប្រជាកសិករ​។

ក្នុង​គោលបំណង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខេត្ត​រក្សាបាន​នូវ​កំណើន​ជា​មធ្យម​ប្រចាំឆ្នាំ​៧% នោះ ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បានបញ្ជាក់​ថា​ នឹង​ជំរុញ​ការវិនិយោគ​ និង​ការ​វេច​ខ្ចប់​ផលិតផល​ក្នុង​ស្រុក​ស្របតាម​កម្រិត​ស្តង់ដារ​ដែល​អាច​ប្រកួតប្រជែង​បាន​ជាមួយ​អន្តរជាតិ ដើម្បី​ធ្វើការ​នាំចេញ​ដោយ​កាត់បន្ថយ​ការនាំចេញ​នូវ​វត្ថុធាតុដើម​ទៅ​ក្រៅ​ និង​ចូល​មកវិញ​នូវ​ផលិតផល​កែច្នៃ​រួច​។

ក្នុងនោះ​ បន្ត​កែលំអ ​និង​អភិវឌ្ឍន៍​នូវ​គ្រប់​ហេដ្ឋារចនាសម្ពន្ធ​រូបវន្ត​នានា សម្រាប់​ចូលរួម​ប្រលង​ប្រណាំង​ទីក្រុង​ស្អាត និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ក្នុងស្រុក ​និង​ទេសចរ​បរទេស​ឲ្យ​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​។ ផ្តល់​អាទិភាព​ក្នុងការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ជូន​ជនក្រីក្រ​ និង​ជន​ងាយ​រងគ្រោះ​ ពិសេស​ស្ត្រី​ក្រីក្រ​ ដើម្បី​បង្កើន​ប្រាក់ចំណូល រួម​នឹង​ជំរុញ​ឲ្យ​មានការ​បង្កើត​ជា​សហគមន៍​ប្រជាជន​គ្រប់​រូបភាព​នៅតាម​មូលដ្ឋាន​ចូលរួម​ទប់ស្កាត់​នូវ​ការប្រព្រឹត្តិ​បទល្មើស​បំផ្លាញ​ធនធាន​ធម្មជាតិ។ ជំរុញ​នូវ​ការ​ផ្តល់​សេវា​រដ្ឋបាល​ សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​តាមរយៈ​ច្រកចេញចូល​តែមួយ​នៅ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ​និង​បន្ត​ដោះស្រាយ​សំណូមពរ​ទាំង​ឡាយ​រប​ស់​ប្រជាពលរដ្ឋ​ដែល​បាន​មក​តាមរយៈ​វេទិកា​សាធារណៈ​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង​៕
អត្ថបទ ៖ ​វ​ត្តី​

សូមចុចអាន ៖ រដ្ឋមន្ត្រី​កសិកម្ម៖ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ទូទាំង​ប្រទេស​សម្រេច​បាន ៣២៣ ៨០៧ ហិក​តា​ហើយ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114