BREAKING NEWS
Search

អភិបាលខេត្ត​ប៉ៃលិន រួម​ជាមួយ​ព្រះសង្ឃ បន្ត​ចែក​អំណោយ​ដល់​ពលរដ្ឋ ដែល​រង​ផលប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ ដោយសារ​កូ​វីដ​១៩ នៅ​វត្ត​ពេជ្រ​គី​រី

ប៉ៃលិន​ ៖ ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ លោក ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​អភិបាលក្រុង​ប៉ៃលិន លោកស្រី ស៊ុំ ហៀ​ង សភាពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ព្រះ​មេគណ​ទាំងពីរ​គណៈ ព្រះសង្ឃ ព្រមទាំង​មន្ត្រីរាជការ​តាម​មន្ទីរ​ស្ថាប័ន​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចូលរួម​ចែក​អំណោយ​របស់​ព្រះចៅអធិការ​វត្ត​ពេជ្រ​គី​រី ដល់​ពលរដ្ឋ​ខ្វះខាត​ចំនួន ៣០​គ្រួសារ រស់នៅ​ភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន និង​បន្ត​អប់រំ ផ្សព្វផ្សាយ ពី​វិធានការ​ទប់ស្កាត់ បង្ការ ជំងឺ​មេរោគ កូ​វីដ​១៩ កុំ​ឲ្យ​រីក​រាលដាល​នៅ​សហគមន៍ នៅ​តំបន់​នោះ​ផងដែរ​។

មានប្រសាសន៍​ក្នុង​ពិធី​ចែក​អំណោយ​នោះដែរ​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ធ្វើ​ការអប់រំ​ណែនាំ អំពី​វិធាន​ការ​បង្ការ និង​ទប់ស្កាត់ អំពី​រីក​រាលដាល នៃ​មេរោគ​កូ​វីដ​១៩ កុំ​ឲ្យ​មានការ​ឆ្លង នៅក្នុង​សហគមន៍​របស់​យើង គឺ​ត្រូវ​មាន​ការចូលរួម ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ដោយ​ត្រូវធ្វើ​អនាម័យ​ជាប្រចាំ ដោយ​លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល​ឲ្យ​បាន​ញឹកញាប់ នឹង​ត្រូវ​ពាក់​ម៉ាស់ ឬ​ប្រើប្រាស់​កន្សែង​ជាប្រចាំ ដើម្បី​ការពារ​ការឆ្លង​នូវ​មេរោគ​កូ​វីដ​១៩​នេះ​។

ជា​មួយ​គ្នា​នេះ​ លោក​អភិបាលខេត្ត ក៏បាន​អំពាវនាវ​យ៉ាង​ទទូច ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សូមកុំ​មានការ​ធ្វេសប្រហែស ពីព្រោះ​ជំងឺ​នេះ​វា​ឆ្លង​រហ័ស​ណាស់ ប្រសិនជា​យើង​មើលស្រាល​វា​។

លោក​អភិបាលខេត្ត​ប៉ៃលិន ក៏បាន​បន្ថែម​ទៀត​ថា ប្រសិន​បងប្អូន​ទាំងអស់​មាន​សាច់ញាតិ ទើប​ត្រលប់​មកពី​ក្រៅប្រទេស ក្នុងនាម​ជា​អាណាព្យាបាល ត្រូវធ្វើ​ការ​ពន្យល់ និង​អប់រំ​ពួកគាត់ ត្រូវធ្វើ​ការ​ដាក់​ខ្លួន​ដាច់ដោយឡែក រយៈពេល​១៤​ថ្ងៃ​សិន ចាំ​ចូល​មក​ស្និទ្ធស្នាល ជាមួយ​សាច់ញាតិ​ក្រុម​គ្រួសារ ឬ​បងប្អូន​នៅ​មូលដ្ឋាន ដើម្បី​ជៀសវាង​ការ​ឆ្លង​រីក​រាលដាល នៃ​មេរោគ​កូ​វីដ​១៩ នៅ​សហគមន៍ ប្រសិន​មាន​អាការៈ​សង្ស័យ​ណាមួយ ត្រូវ​ប្រញាប់​ទាក់ទង​មក​មណ្ឌល​សុខភាព មន្ទីរពេទ្យ​បង្អែក​ស្រុក ឬ​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​បន្ថែម​លេខ ១១៥​។

លោក​អភិបាលខេត្ត ក៏បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ដែល​មក​ចូលរួម​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា បើ​ជិះ​ម៉ូតូ ត្រូវ​ពាក់​មួក​សុវត្ថិភាព ហើយ​បើ​ជិះ​រថយន្ត ត្រូវ​ពាក់​ខ្សែ​ក្រវាត់ ធ្វើ​ដូច្នោះ​ដើម្បី​ការពារ​អាយុជីវិត​យើង​ផងដែរ។

សូម​បញ្ជាក់​ដែរ​ថា អំណោយ​ដែល​បាន​ប្រគល់​ជូនពលរដ្ឋ​នា​ឱកាស​នោះ​ដែរ គឺជា​អំណោយ​របស់​ព្រះចៅអធិការ​វត្ត​ពេជ្រ​គី​រី ដែល​ចែកជូន​ពលរដ្ឋ​ខ្វះខាត​ចំនួន​៣០​គ្រួសារ ក្នុងនោះ​លោកស្រី ស៊ុំ ហៀ​ង សភាពាណិជ្ជកម្ម​ខេត្ត ក៍បាន​ឧបត្ថម្ភ​ថវិកា ក្នុង​ម្នាក់​២​ម៉ឺន​រៀល ផងដែរ​។ ពលរដ្ឋ​ដែល​ទទួល​បាន ក្នុង​មួយ​គ្រួសារៗ​រួមមាន អង្ករ ២០​គីឡូក្រាម អំបិល ប៊ីចេង​១​គីឡូ ទឹកត្រី​១​យួរ មី​២៥​កញ្ចប់ ផង​ដែរ ទុក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោះស្រាយ​បាន​មួយ​រយៈពេល​ផងដែរ​៕
សេង សុវណ្ណារិទ្ធ

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114