BREAKING NEWS
Search

អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ អំពាវនាវ​ប្រជាពលរដ្ឋ​រស់នៅ​តាម​មាត់​បឹង​តា​ម៉ុក មានការ​ប្រុងប្រយ័ត្ន​ពិសេស ក្មេងៗ

ឧ​ត្ត​រ​មានជ័យ​ ៖ ស្រប​ពេល​ដែល​ទឹកភ្លៀង​បាន​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ស្ពាន​តា​ម៉ុក​ឫ​ស្ពាន​អូរ​ជីក ស្ថិត​ក្នុង​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង មានការ​ហក់​ឡើង​ខ្លាំង​ដល់​កម្រិត​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។

​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ លោក ប៉ែន កុស​ល្យ អភិបាលខេត្ត និង​លោក ស៊ី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អមដំណើរ​ដោយ​លោក ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ទឹក​នៅ​បឹង​តា​ម៉ុក និង​បាន​ចុះ​សួរ​សុខទុក្ខ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រកប​របរ​លក់​ត្រី​ផងដែរ​។

នៅក្នុង​ឱកាស​នោះ​លោក​អភិបាលខេត្ត បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​មាត់បឹង​តា​ម៉ុក ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ជានិច្ច​អំពី​ទ្រព្យសម្បត្តិ​ផ្សេងៗ ហើយ​អ្វីដែល​កាន់តែ​ប្រុងប្រយ័ត្ន ថែមទៀត​នោះ គឺ​ត្រូវ​អប់រំ​ណែនាំ​កូនចៅ​តូចៗ កុំ​ឲ្យ​ចុះ​លេង​ទឹក​ផ្តេសផ្តាស ព្រោះ​ទឹក​នៅ​ពេល​នេះ​គឺ​កំពុង​ហូរ​ខ្លាំង ប្រយ័ត្ន​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ​។

សូម​បញ្ជាក់​ថា កម្ពស់​ទឹក​បឹង​តា​ម៉ុក​នៅ​ថ្ងៃ​នេះ គឺ​មាន​កម្ពស់ ៣.៨១​ម៉ែត្រ បើ​ធៀប​និង​ថ្ងៃ​ម្សិលមិញ គឺ​កម្ពស់ ៣.៩០​ម៉ែត្រ បានន័យ​ថា​ ទឹក​ស្រក​អស់ ០.៩​ម៉ែត្រ ចំណែក​កម្រិត​ត្រូវ​ប្រកាស​អាសន្ន គឺ​កម្ពស់​៤.២០​ម៉ែត្រ ប៉ុន្តែ​ទោះជា​យ៉ាងណា យើង​ត្រូវមាន​លក្ខណៈ​ប្រុងប្រយ័ត្ន​ជានិច្ច​ទើប​ជា​ការ​ប្រសើរ​៕
ចាន់ ធី

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114