អភិបាលស្រុក​ក្រូចឆ្មារ បើក​ប្រតិបត្តិ​ការ​បង្ក្រាប​សង្វៀន​បញ្ជល់​មាន់​ដោយ​ផ្ទាល់ ឯ​អ្នក​លេង​រត់​បាតជើង​ស​ព្រាត

ត្បូងឃ្មុំ ​៖ នៅ​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០​នេះ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក និង​ជា​អភិបាលស្រុក​ក្រូចឆ្មារ លោក សយ ទូច បាន​ដឹកនាំ​កម្លាំង​នគរបាល​ចំនួន​៦​នាក់ និង​កម្លាំង​សឹក​រង​ចំនួន​៤​នាក់ ចុះ​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​១​កន្លែង ​ដោយ​ផ្ទាល់​ដោយ​ឆ្លងកាត់​ព្រៃ​កៅស៊ូ ចម្ការ​ស្វាយចន្ទី ទម្រាំ​ដល់​ទី​តាំង នៅ​ចំណុច​ត្រពាំង​ខ្សាច់ ភូមិ​ផ្កាដូង ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដោយ​ចាប់​ដកហូត​វត្ថុតាង​មួយ​ចំនួន ខណៈ​អ្នកញៀន​ល្បែងស៊ីសង រត់​បាត់ស្រមោល​បាតជើង​ស​ព្រាត​អស់រលីង​។

លោក សយ ទូច បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ញៀន​ល្បែង​ជល់​មាន់ ធ្វើឡើង​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០ បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​មហាជន​បាន​រាយការណ៍​មក​ថា មានការ​លួច​ជល់​មាន់នៅ​ទីតាំង​ខាងលើ​។

ភ្លាមៗ​លោក បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ចុះ​បង្ក្រាប ប៉ុន្តែ​ពេល​ទៅ​ដល់ មុខសញ្ញា​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​បាន​រត់​បាត់អស់ បន្សល់ទុក​វត្ថុតាង​មួ​យចំនួន ហើយ​កងកម្លាំង​ចាប់ដក​ហូត​បាន​រួមមាន មាន់​ជល់​១​ក្បាល ស៊ុំមាន់​១៥ និង​កៅអី​ជ័រ​ចំនួន​១៧ និង​បាន​រុះរើ​ដុត​កម្ទេចចោល​សង្វៀន​បញ្ជល់​មាន់ នៅនឹងកន្លែង​តែម្តង​។

បច្ចុប្បន្ន​វត្ថុ​តាង​ខាងលើ ត្រូវបាន​បញ្ជូនទៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ដើម្បី​ធ្វើការ​ស្រាវជ្រាវ ស្វែងរក​ជនសង្ស័យ​យក​មក​ធ្វើ​ការអប់រំ និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​៕

សាម វីឡែន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114