អភិបាលស្រុក​សេសា​ន​លើកទឹកចិត្ត​កសិករ​គំរូ​ រៀបចំ​កសិដ្ឋាន​ដាំ​បន្លែ​ជា​កន្លែង

ស្ទឹងត្រែង ៖ អាជ្ញាធរ​ស្រុក​សេសា​ន​ណែនាំ​កសិករ​គំរូ​នៅ​ឃុំ​សាម​ឃួ​យ ដែល​ដាំ​បន្លែ​នៅក្នុង​ផ្ទះ​សំណាញ់ ត្រូវ​រិះរក​បច្ចេកទេស​ដាំ​ដុះ​បន្ថែម ដើម្បី​ធ្វើជា​កសិដ្ឋាន សម្រាប់​ឲ្យ​កសិករ​ផ្សេងៗ​ទៀត​មក សិក្សា​យ​ក​បទពិសោធន៍​ទៅ​ដាំ​ដុះ​បន្ត។

​លោក​សុវណ្ណ​ ពិសេដ្ឋ​ អភិបាលស្រុក​បាន​បញ្ជាក់​ថា កសិករ​ដែល​ទទួល​បាន​ផ្ទះ​សំណាញ់ ត្រូវ​ព្យាយាម​អនុវត្ត​ដាំ​បន្លែ​ទៅតាម​បច្ចេកទេស ឲ្យ​បាន​ច្រើន​មុខ។ លោក​បន្ត​ថា ជា​មួយ​នេះ​ក៏​ត្រូវ​រៀបចំ​ទីតាំង​ឲ្យ​ក្លាយ​ទៅជា​ទី​កន្លែង​គំរូ សម្រាប់​ឲ្យ​កសិករ​ផ្សេងៗ​ទៀត​មក​សិក្សា​យក​ទៅ​អនុវត្ត​បន្ត ដើម្បី​រួមគ្នា​ផលិត​បន្លែ​ទៅ​ផ្គត់ផ្គង់​ទៅ​ផ្សារ​ ឆ្លើយតប​តាម​ការ​បញ្ជាទិញ​។

​លោក​ឃី​ន ប៊ុន​ឡត ជា​ម្ចាស់​កសិដ្ឋាន​ដាំ​បន្លែ​បាន​បញ្ជាក់​ថា ដើម្បី​ផ្គត់ផ្គង់​ផ្នែក​ទីផ្សារ លោក​ខិតខំ​ដាំ​ដុះ​តាម​បច្ចេកទេសបន្លែ​បាន​ច្រើន​មុខ​ដូចជា (​ត្រឡាច, ត្រសក់, ព​ពាយ, សណ្ដែកកួរ, ប៉េងប៉ោះ, ត្រប់, ម្ទេស​ប្លោក )​និង​បន្លែ​ស្លឹកផ្សេងៗ​ទៀត ដើម្បី​បាន​ជួយ​ទប់ទល់​ជាមួយ​បន្លែ​នាំចូល​។ លោក​បន្ត​ថា បច្ចុប្បន្ន​កសិករ​ភាគច្រើន ​បាន​បាន​ផ្លាស់ប្ដូរ​ទម្លាប់​ដាំ​បន្លែ​ទៅតាម​បច្ចេកទេស ហើយ​គ្រាន់តែ​កសិករ​យើង ពុំ​មាន​លទ្ធភាព​សាងសង់​ផ្ទះ​សំណាញ់​បានទេ ព្រោះ​ពួកគាត់​ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ​សល់​ពី​បរិភោគ​ ទើប​យក​ទៅ​លក់​នៅ​ទៅ​ផ្សា​បាន​។

​លោកស្រី​ហ្វា ​សាង​បាន​ទទួល​ស្គាល់​ថា ​ការ​ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ​បាន​ជួយ​ដោះស្រាយ​ជីវភាព​បាន​ល្អ​ប្រសើរ និង​បាន​កាត់ ការ​ពឹង​ផ្អែក​ទៅលើ​តែ​ផល​អនុផល​ព្រៃឈើ ធ្វើ​នេសាទ និង​ការ​ចូល​ព្រៃ​រក​សត្វ​ជាដើម​។ លោកស្រី​អះអាង​ថា ​នៅ​កសិដ្ឋាន​នេះ លោកស្រី​អាច​ជួយ​បង្ហាត់បង្រៀន​បច្ចេកទេស​ត​ដើម​បន្លែ​ពី​មួយ​ទៅ​មួយ​បាន ព្រោះ​ទទួល​បាន​ការ​រក​សិក្សា​ពី គម្រោង​ឆេន សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ធ្វើ​ពិសោធន៍​ ទទួល​បាន​ជោគជ័យ​ហើយ ទៅលើ​ដំណាំ​ត្រប់​និង​ប៉េងប៉ោះ​។

​សូម​បញ្ជាក់​ថា ផ្ទះ​សំណាញ់​សម្រាប់​ដាំ​បន្លែ​នេះ មន្ទីរ កសិកម្ម​និង​អង្គការ​ដៃគូ​ផ្តល់​ជូន តែ​កសិករ​ដែល​ប្រកប​របរ ដាំ​បន្លែបង្ការ​ជា​អាជីព និង​បាន​នាំចេញ​ទី​លក់​នៅ​ទៅ​ផ្សារ​បាន​ច្រើន ព្រោះ​បាន​ជួយ​ទប់ស្កាត់​បន្លែ​នាំចូល​ពី​ប្រទេសជិតខាង ដែល​មាន​កាកសំណល់​កសិកម្ម​ច្រើន ពេល​បរិភោគ​សំអាត​មិនល្អ អាច​ប៉ះពាល់​ដល់​សុខភាព៕
អត្ថបទ៖ ងិន​លីម
សូមចុចអាន៖ ភ្លៀងនិងខ្យល់កន្ត្រាក់ បណ្តាល​ឲ្យ​ផ្ទះ​ពលរដ្ឋ ៧ ខ្នងប៉ើងដំបូល