ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​ក្រុង​បាវិត ​គាំទ្រ​ឲ្យ​ដាក់​បារាស់​បិទ​ផ្លូវ​រថយន្ត​ដឹក​ដី​បំផ្លាញ​ផ្លូវ​៦​គីឡូម៉ែត្រ​ នៅ​ក្រុង​បាវិត

ស្វាយរៀង ៖​ អភិបាល​ក្រុង​បាវិត​លោក​លឹម សៀង​ហេង បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ ហើយ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ គណៈកម្មការ​អាចារ្យវត្ត​តា​ពៅ ​រួម​ទាំង​ព្រះសង្ឃ​ឲ្យ​ដាក់​បារាស់​មួយ​រយៈ​ដើម្បី​បិទ​ផ្លូវ​មិន​ឲ្យ​រថយន្ត​ដឹក​ដី​ធ្វើ​ចរាចរ​​បំផ្លាញ​ផ្លូវថ្នល់​ និង​ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​ក្រុមហ៊ុន​ដឹក​ដី​បំផ្លាញ​ផ្លូវ​សាធារណ​ជាង​០៦​គីឡូម៉ែត្រ​ នៅ​ក្នុង​ភូមិ​ចំនួន​០៤​គឺ​ភូមិ​ប្រសប់​ល​ក្ខ័ ​ភូមិ​ប្រាសាទ ​សង្កាត់​បាទី ​និង​ភូមិ​ច្រក​លាវ ភូមិ​តា​ពៅ​ សង្កាត់​បាវិត ​ក្រុង​បាវិត។

លោក​បាន​បន្ត​ថា លុះ​ត្រា​ណា​ខាង​ក្រុម​អ្នក​រក​ស៊ី​ដឹក​ដី​ធ្វើ​កិច្ច​សន្យា​ថា នឹង​ធ្វើ​ផ្លូវ​ឲ្យ​បាន​ស្អាត​ឡើងវិញ​ ហើយនិង​ថែទាំ​រហូត​ ទើប​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ឡើងវិញ។ ករណី​​​​​បិទ​ផ្លូវ​តវ៉ា​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​​វិច្ឆិកា​ ឆ្នាំ​២០១៩ ​នៅត្រង់​ចំណុច​ខាងមុខ​ខ្លោងទ្វារ​វត្ត​តា​ពៅ ​ភូមិ​តា​ពៅ​ សង្កាត់​បាវិត ​ក្រុង​បាវិត។

បើ​តាម​លោក​អ៊ឹង ​អ៊ី​ម​ អាយុ​៥៧​ឆ្នាំ ​ជា​គណៈកម្មការ​អាចារ្យវត្ត​តា​ពៅ​ ដែល​មាន​ទីលំនៅ​ភូមិ​ច្រលាវ​សង្កាត់​បាវិត​ ក្រុង​បាវិត​ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​គណៈកម្មការ​អាចារ្យវត្ត​ និង​ព្រះសង្ឃ​ បាន​នាំគ្នា​បិទ​ផ្លូវ​នេះ ដោយមាន​រថយន្ត​ដឹក​ដី​រាប់​សិប​គ្រឿង​ បាន​ដឹក​ដី​ធ្វើ​ចរាចរ​​បណ្ដាល​ឲ្យ​ខូច​ផ្លូវ​ប្រវែង​០៦​គីឡូម៉ែត្រ​ក្លាយ​ជា​រណ្ដៅ ​និង​ល្បាប់​រអិល​ខ្លាំង​មិន​អាច​ធ្វើដំណើរ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ​ជា​ពិសេស​​​សិស្សានុសិស្ស​ពិបាកធ្វើ​ដំណើរ​ទៅ​សាលារៀន​ និង​ពេល​មាន​ក្រុម​គ្រួសារ​មាន​ជំងឺ ​ឬ​ស្ត្រី​ឆ្លងទន្លេ​នៅ​ពេលយប់ ​ដើម្បី​សង្គ្រោះ​បន្ទាន់។

កន្លងមក​ប្រជាពលរដ្ឋ​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​លោក​ចៅសង្កាត់ ​និង​លោក​អភិបាលក្រុង​បាវិត​ឲ្យ​ដោះស្រាយ​ តែ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា​អើពើ​ឡើយ ​ពួកគាត់​គ្មាន​ជម្រើស ​ទើប​នាំគ្នា​មក​ដាក់​បារាស់​បិទ​ផ្លូវ​មិន​ឲ្យ​រថយន្ត​ដឹក​ដី​បើក​លើ​ផ្លូវ​នេះ​តទៅទៀត ​និង​​តវ៉ា​ដើម្បី​ឲ្យ​អាជ្ញាធរ​ចេញ​មក​ដោះស្រាយ។

ទាក់ទិន​ករណី​បិទ​ផ្លូវ​នេះ​ដែរ ​លោក​សាញ់​សាខុន​ ចៅសង្កាត់​បាវិត​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​មែន​ ក៏ប៉ុន្តែ​សង្កាត់​គ្មាន​លទ្ធភាព​ដោះស្រាយ​ក៏​បញ្ជូន​ទៅ​ឲ្យ​លោក​សេង​សិលា អតីត​អភិបាលក្រុង​បាវិត​ដោះស្រាយ ​ក៏ប៉ុន្តែ​ពុំ​ទាន់​ទទួល​លទ្ធផល​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន។

ចំណែក​លោក​លឹម ​សៀង​ហេង ​អភិបាលក្រុង​បាវិត​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា លោក​មិន​បាន​ដឹង​ទេ លោក​ទើបតែ​ឡើង​កាន់​តំណែង​ថ្មី​ ដូច្នេះ​ចាំ​លោក​ចុះទៅ​ពិនិត្យមើល ​និង​ដោះស្រាយ។

ទាក់ទិន​ករណី​នេះ​ដែរ​ លោក​ប៉ុក​តក ​ប្រធាន​មន្ទីរ​រ៉ែ​ និង​ឋាមពល​ខេត្ត​ស្វាយរៀង​ បាន​ឲ្យ​ដឹង​ថា មាន​០៣​ក្រុមហ៊ុន​ ដែល​ដឹក​ដី​ធ្វើ​ចរាចរ​​ឲ្យ​ខូច​ផ្លូវ​០៦​គីឡូម៉ែត្រ​នេះ ​ក៏ប៉ុន្តែ​លោក​មិនបាន​ចាំ​ថា​ក្រុមហ៊ុន​អ្វីខ្លះ​ទេ​ ដោយ​លោក​នៅ​តាម​ផ្លូវ​ចាំ​លោក​ទៅ​បើក​បញ្ជី​មើល​សិន។ ក្នុងនោះ​មាន​ក្រុមហ៊ុន​សេក​ពីរ​កំពុង​ធ្វើ​សកម្មភាព​ជីក​ស្រះ ​យក​អាចម៍ដី​ដឹក​ចេញទៅ​ចាក់​លើក​ជា​ដី​លំនៅឋាន​ ឬ​ដី​សាងសង់​នៅ​ក្រុង​បាវិត។

ទាក់ទិន​ករណី​នេះ​ដែរ​ លោក​ឡុង​ ញឿ​ន​ មេការ​ក្រុមហ៊ុន​សេក​ពីរ​ បាន​ឆ្លើយ​តាម​ទូរស័ព្ទ​ថា ក្រុមហ៊ុន​សេក​ពីរ​ បាន​ទិញ​ដី​ទំហំ​១​ហិកតា គឺមាន​អាជ្ញាប័ណ្ណ​ថ្នាក់​ខេត្ត ហើយ​ការ​ជីក​ដី​តាម​កំណ​ត់​នៃ​ច្បាប់​របស់​ក្រសួង​រ៉ែ​ និង​ឋាមពល គឺ​ទុក​ចំណី​ស្រះ​ជុំវិញ​០៥​ម៉ែត្រ​ ជម្រៅ​លោក​មិន​បានដឹង​ទេ​ ចាំ​សួរ​ទៅ​ថៅកែ។ ចំណែក​ប្រជាពលរដ្ឋ​ម្ចាស់​ដីស្រែ​ជាប់​រណ្ដៅ​ដី​ក្រុមហ៊ុន​សេក​ពី​ បានបង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ក្រុមហ៊ុន​ជីក​រណ្ដៅ​ដី​ គឺ​ទុក​ចំណី​ច្រាំង​រណ្ដៅ​ដី​ តែ​២​ទៅ​៣​ម៉ែត្រ​ប៉ុណ្ណោះ​ ហើយ​ជីក​ជ្រៅ​ដល់​ក្បាល​ប្រេត​ឯណោះ។ នៅ​រដូវវស្សា​នេះ​ មាន​ភ្លៀង​ធ្លាក់​ បាន​បាក់​ច្រាំង​រណ្ដៅ​អស់​១​ម៉ែត្រ​ទៅហើយ​យ៉ាងយូរ​២​ឆ្នាំក្រោយ​ អាច​បាក់​ដល់​ដីស្រែ​របស់​គាត់​មិន​ខាន, ​សូម​អាជ្ញាធរ ​និង​មន្ត្រី​មន្ទីរ​ពាក់​ព័ន្ធ​ចុះ​ទៅ​ពិនិត្យ​ផង​ទាន។ រហូតដល់​ម៉ោង​១១និង៣០​នាទី​ លោក​លឹម​សៀង​ហេង អភិបាលក្រុង​បាវិត​ បាន​ទៅដល់​កន្លែង​កើតហេតុ​ ហើយ​គាំទ្រ​ឲ្យ​ប្រជាពលរដ្ឋ​ និង​គណៈកម្មការ​អាចារ្យវត្ត​រួម​ទាំង​ព្រះសង្ឃ​ដាក់​បារាស់​បិទ​ផ្លូវ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដឹក​ដី​ចូលខ្លួន​ដោះស្រាយ​នៅ​សាលាក្រុង​បាវិត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114