អភិបាល​ខេត្តកំពត​អំពាវនាវ​ដល់​មន្ត្រី​រាជកា​រ​កងកម្លាំងប្រដាប់អាវុធ​ប្រជាពលរដ្ឋ​និង​អ្នកទេសចរ​ឲ្យ​បន្ត​យកចិត្តទុកដាក់​ការពារ​ជំងឺ​កូ​វីដ​១៩
BREAKING NEWS
Search

អភិបាល​ខេត្តកំពត​អំពាវនាវ​ដល់​មន្ត្រី​រាជកា​រ​កងកម្លាំងប្រដាប់អាវុធ​ប្រជាពលរដ្ឋ​និង​អ្នកទេសចរ​ឲ្យ​បន្ត​យកចិត្តទុកដាក់​ការពារ​ជំងឺ​កូ​វីដ​១៩

កំពត ៖ លោក ជាវ តា​យ អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​សាធារណៈ​និង​កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និង​អ្នកទេសចរ​ជាតិ អន្តរជាតិ សូម​បន្ត​ការប្រុងប្រយ័ត្ន​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បន្ថែមទៀត ដោយ​ប្រកាន់ខ្ជាប់​អនុវត្ត​នូវ​វិធានការ​អនាម័យ និង​រក្សា​គម្លាត​សង្គម​ឲ្យ​បានជា​ប្រចាំ ទោះជា​ស្ថានភាព​ជំ​ងី​កូ​វីដ​១៩​នៅ​កម្ពុជា ក៏ដូចជា​ខេត្តកំពត​មាន​សភាព​ល្អប្រសើរ​ក៏ដោយ​។

ការជំរុញ​បែបនេះ ក្នុង​ពិធី​បន្ត​ប្រគល់​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​លើក​ទី​៤ ជូន​ដល់​អនុ​សាខា​និង អាជ្ញាធរ​ក្រុង​ស្រុក​ទាំង​៨ ដើម្បី​យក​ទៅ​ចែក​បន្ត​ជូន​ដល់​ឃុំ សង្កាត់​និង​ពលរដ្ឋ​ខ្វះខាត​នៅ​តាម​មូលដ្ឋាន​គោលដៅ​ក្នុង​ខេត្ត​ស្ថិតក្នុង​ស្ថានភាព​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​កូ​វីដ​១៩​។ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ ២០២០ នៅ​សាលា​ខេត្តកំពត​។

លោក ជាវ តា​យ បានលើកឡើង​ទៀត​ថា បើទោះ​បី ជា​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​ហាក់​ប្រសើរ​ឡើង ហើយ​អ្នកជំងឺ​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​១២៣​នាក់ ក្នុងចំណោម​ករណី​ឆ្លង ១២៥​នាក់ នៅសល់តែ​២​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ក្តី ក៏​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល បាន​នឹង​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង និង​បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ បន្ត​គោរព​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​បទបញ្ជា​នានា​របស់​រាជរដ្ឋាភិបាល​បន្ថែមទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

សម្រាប់​ស្ថានភាព​ខេត្តកំពត បន្ទាប់ពី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ទាំង​ចំនួន​១២២ នាក់ បានជា​សះស្បើយ សង្កេតឃើញ​ប្រជាពលរដ្ឋ​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ ភ្ញៀវ​ទេសចរណ៍​ចាប់ផ្តើម​នាំគ្នា​មក​កម្សាន្ត​ខេត្តកំពត​ឡើងវិញ កន្លែង​បម្រើសេវា​ទេសចរណ៍​ផ្សេងៗ​ដែល​នៅក្រៅ​បម្រាម ក៏​ចាប់ផ្តើម​ដំណើរការ​ជា​ប្រក្រតី​វិញ​ដែរ​។

​លោក​បាន​បន្ត​ថា ជា​រៀងរាល់ថ្ងៃ​នៃ​ចុង​សប្តាហ៍ នៅតាម​ដងផ្លូវ​ក្នុង​ក្រុង​កំពត ចរាចរ​មានការ​កកស្ទះ​ជា​អ​ន្លឺៗ ខណៈដែល​តំបន់​រមណីយដ្ឋាន​នានា មាន​ទេសចរ​ច្រើន​កោះករ ហើយ​ដើម្បី​រក្សាសុខ​សុវត្ថិភាព សុខភាព និង​ផលប្រយោជន៍​រួម លោក​បាន​ស្នើ​ដល់​មន្ត្រីរាជការ​កងក​ម្លាំ​ង​ប្រដាប់​អាវុធ​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ និង​ភ្ញៀវទេសចរ​ទាំងអស់ សូម​បន្ត​យកចិត្តទុកដាក់ ចូលរួម​អនុវត្តតាម​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល រក្សា​គម្លាត​សង្គម និង​គោរព​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ឲ្យ​បានល្អ​ប្រសើរ​ថែមទៀត​។

លោក ជាវ តា​យ ក៏បាន​បញ្ជាក់ទៀតថា ទោះយ៉ាងណា​ក៏ដោយ ស្ថានភាព​ជំ​ងី​កូ​វីដ​១៩ បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ខេត្តកំពត ជួប​បញ្ហា​ជីវភាព​ខ្វះខាត មួយចំនួន​ហើយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏​ដូច​រដ្ឋបាល​ខេត្ត បាន​នឹង​កំពុង​យកចិត្តទុកដាក់​អំពី​បញ្ហា​រឿងនេះ​ជួយ​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន តាម​តម្រូវ​ការខ្វះខាត​ជាក់ស្តែង មិនមែន​កៀរគរ​អំណោយ​មក​សម្រាប់​ទុក​ក្នុង​ឃ្លាំង​នោះទេ​។

ជា​មួយ​ឱកាស​នោះ លោក ជាវ តា​យ ក៏បាន​សំណូមពរ ផ្ដាំផ្ញើ​ដល់​មន្ត្រី​អនុសាខា​កាកបាទក្រហម​ក្រុង ស្រុក ទាំងអស់ បន្ទាប់ពី​ទទួល​បាន​នូវ​អង្ករ​និង​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​នេះហើយ ត្រូវ​បន្ត​យកទៅ​ចែកចាយ​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​គោលដៅ​របស់ខ្លួន ដើម្បី​សម្រាល​ការលំបាក​ខ្វះខាត​របស់​ពួកគាត់​និង​រួមគ្នា​ទប់ស្កាត់​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ថែមទៀត​នៅក្នុង​ខេត្តកំពត​។

អំណោយ​ដែល​ត្រូវ​បែង​ចែកជូន​សម្រាប់​ដល់ អនុសាខា​កាកបាទក្រហម​ក្រុង​ស្រុក​ទាំង​០៨ ក្នុង​នោះ​រួមមាន​មួយ​ក្រុង​ស្រុក ទទួលបាន​អង្ករ​១​តោន ទឹក​អាល់កុល ៣០​លីត្រ​ជែ​ល​អាល់កុល​២០​ដប ខិត្តប័ណ្ណ​អប់រំ​បង្ការ​ជំងឺឆ្លង​កូ​វីដ​១៩​ចំនួន​១០០​សន្លឹក សាប៊ូ​២៥​ដុំ ដោយឡែក​សម្រាប់​ចែក​ដល់​ភូមិ​គោលដៅ​៤៨៨​ភូមិ មានទឹក​អាល់កុល ចំនួន​៤៨៨​លីត្រ​និង​ម៉ាស​ចំនួន​៤៨៨​ប្រអប់​ផងដែរ៕
សេង ណា​រិ​ទ្ធ

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114