អភិបាល​ខេត្ត​កំពត ​ផ្ដាំផ្ញើ​៣​ចំណុច​សំខាន់ៗ​ដល់​ពល​ទាហាន​ ​ពេល​ក្លាយ​ជា​កងទ័ព

កំពត​ ៖ ​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​ ឆ្នាំ ២០២០ ​ បាន​ធ្វើ​ការ​ផ្ដាំផ្ញើ​៣​ចំណុច​​សំខាន់ៗ​ទៅ​កាន់​ពលទាហាន​ ដែល​ទើប​ប្រឡង​ជាប់​ជា​ស្ថាពរ​​ ក្នុង​ពេល​ក្លាយ​ជា​កងទ័ព​ ក្នុង​កាតព្វកិច្ច​បម្រើ​ជាតិ​សាសនា​ព្រះមហាក្សត្រ។

ការ​ផ្ដាំផ្ញើ​៣​ចំណុច​៣​សំខាន់ៗ​នេះ ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក ​និង លោក ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ អញ្ជើញ​ជួប​សំណេះសំណាល​និង​ជូន​ដំណើរ ដល់​យុវជន​ស្ម័គ្រចិត្ត ដែល​ជា​ពលទាហាន​ជ្រើសរើស​ថ្មី​ចូល​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​កងទ័ពជើងគោក ដែល​​​ធ្វើឡើង​នៅ​ឯ​ទី​បញ្ជា​ការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត។

​មានប្រសាសន៍​សំណេះសំណាល លោក ជាវ​តា​យ អភិបាលខេត្ត​បាន​លើក​ឡើង​ថា យុវជន​ស្ម័គ្រចិត្ត​ដែល​ជា​ពលទាហាន​បាន​ជ្រើសរើស​ថ្មី​នា​ពេល​នេះ គឺជា​ការ​អនុវត្តន៍​ផ្អែក​តាម​ផែនការ​នៃ​កម្មវិធី​កំណែទម្រង់​និង​ពង្រឹង​សមត្ថភាព របស់​កង​យោធពល​ខេមរភូមិន្ទ​នៃ​ក្រសួងការពារជាតិ​ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការ​បំពេញ កាតព្វកិច្ច​ការពារ​ជាតិ មាតុភូមិ ការពារ ទឹកដី អធិបតេយ្យភាព​ជាតិ សេចក្ដី​សុខក្សេមក្សាន្ត​សុភមង្គល​ជូន​ប្រជាជន​យើង ជាពិសេស​គឺ​ការ​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ដែល មាន​ប្រសិទ្ធ​ភាព​ល្អ​ប្រសើរ​ជាង​មុន និង​សក្ដិ​សមជា​កងទ័ព​ដែល​មាន​សមត្ថភាព​ពេញលេញ និង​ស្មារតី​ស្នេហា​ជាតិ​ខ្ពស់ ហ៊ាន​ធ្វើ​ពលិកម្ម បូជា​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​ខ្មាំងសត្រូវ​លើ​គ្រប់​សមរភូមិ និង​បាន​ចូលរួម​ក្នុង​សកម្មភាព​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ប្រកបដោយ​លក្ខណៈសម្បត្តិ​និង​បច្ចេកទេស​ជំនាញ​សមស្រប​។​

​លោក​អភិបាលខេត្ត​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បេក្ខជន ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ការ​ប្រលង សម្រាប់​នៅ​ខេត្ត​កំពត មាន​ចំនួន​៥៤០​នាក់​ក្នុង​នោះ​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ​ចំនួន​២១២​នាក់ នារី​មាន​ចំនួន​១​នាក់ រីឯ​ចំនួន​ដែល​ជាប់​ជា​បេក្ខជន​បម្រុង​មាន​ចំនួន​១៣២​នាក់ ក្នុង​នោះ​នារី​មាន​ចំនួន​៦៧​នាក់​។

លោក ជាវ តា​យ អភិបាលខេត្ត​ក៏បាន ផ្ដាំផ្ញើ​ដល់​ក្មួយ​ៗ​ជា​ពលទាហាន​ដែល​ទើប​ប្រឡង​ជាប់​ជា​ស្ថាពរ​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន ក្នុង​ពេល​ក្លាយ​ជា​កងទ័ព ក្នុង​កាតព្វកិច្ច​បម្រើ​ជាតិ​សាសនា​ព្រះមហាក្សត្រ​គឺ​៖

​ទី.​១ ត្រូវអនុវត្ត​ឲ្យ​បាន​ល្អ​នូវ​រាល់​បទបញ្ជា​របស់​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ពិសេស​ត្រូវ​តស៊ូ​ប្រឹងប្រែង​រៀន​សូត្រ នូវ​រាល់​មេរៀន​របស់​កងទ័ព​និង​ក្បួន​យុទ្ធសាស្ត្រ​នានា ដើម្បី​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​ការពារ​សេចក្ដី​សុខ​ជូន​ប្រជាជន​កម្ពុជា ការពារ​សន្តិភាព ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​ជូន និង​ប្រឆាំង​ដាច់ខាត​នៅ​ការប៉ុនប៉ង​ណាមួយ​ដែល​មាន​បំណង​ចង់​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​និង​ការ​ធ្វើ​បដិវត្ត​ពណ៌​នៅ​កម្ពុជា​។​

​ទី.​២ ត្រូវ​លើកកម្ពស់​ឆន្ទៈ​ម្ចាស់ការ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​រស់នៅ​តាម​បណ្ដា​កងឯកភាព ទោះ​ជិត ឬ​ឆ្ងាយ​ក៏​មិន​ត្រូវ រុញ​រា ត្រូវ​ចេះ​អត់ធ្មត់ តស៊ូ​ដើម្បី​ការពារ​ជាតិ ការពារ​សន្តិភាព ដែល​យើង​កំពុង​មាន​ដូច​សព្វ​ថ្ងៃ​នេះ​ដោយ​មិន​អាច​ឲ្យ​ជន​ណា​ម្នាក់​មក​បំផ្លាញ​សន្តិភាព​នេះ​បាន​ឡើយ។

​ទី.​៣ ត្រូវ​ចងចាំ​ថា ការ​ជ្រើសរើស​កងទ័ព​គឺជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​យើង​ទាំង​អស់​គ្នា​ដូច​បាន កំណត់​ក្នុង​ច្បាប់​ស្ដីពី​កាតព្វកិច្ច​យោធា​។​

​ក្នុង​ឱកាស​នោះ លោក ជាវ តា​យ រួម​នឹង​គណៈ​ធិបតី​ក៏បាន​អញ្ជើញ បំពាក់​ក្រមា​ជូន​ដំណើរ​ដល់​ពលទាហាន​ថ្មី​ និង​ផ្ដល់​ជូនអំណោយដល់​ក្មួយ​ៗ​ជា​ពលទាហាន​ថ្មី​ទាំង​អស់​នោះ ចំនួន​២១២​នាក់ ក្នុង​ម្នាក់​ក្រមា​១​និង​ថវិកា​ចំនួន ៥​ម៉ឺន​រៀល សរុប​ថវិកា​ចំនួន​១៧ ៨០០ ០០០​រៀល​ ព្រម​ទាំង​ឧបត្ថម្ភ​ដល់​សោហ៊ុយ​ថ្លៃ​ការ​ដឹក​ជញ្ជូន​ពលទាហាន​ថ្មី​ទាំង​អស់​នោះ​នៅ​សាលា​ហ្វឹកហ្វឺន​ទាហាន​ទី​បី​របស់​យោធភូមិភាគ​ទី​៣​ខេត្ត​កំពង់ស្ពឺ​សរុប​ថវិកា​ចំនួន​៧ ២០០ ០០០​រៀល​ផង​ដែរ​៕

 

អត្ថបទ៖ សេង ណា​រិ​ទ្ធ​