ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​ខេត្ត​ស្វាយ​រៀង ​ប្រាប់​ឲ្យ​កងកម្លាំង​ទូទាំង​ខេត្ត ​រៀបចំ​បន្ទប់​ពន្ធនាគារ​ រង់ចាំ​ទណ្ឌិត​ សម ​រង្ស៊ី

ស្វាយរៀង ​៖ អភិបាលខេត្ត​ស្វាយរៀង លោក​ម៉ែន វិបុល​ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​កងកម្លាំង​ទាំង​បី​ប្រភេទ​ នៅ​ខេត្ត​ស្វាយរៀង​ ប្រាប់​កម្លាំង​ទាំង​បី​ប្រភេទ​ថា​ ជាមួយ​នឹង​ការប្រកាស​វិល​ចូល​ស្រុក បង្ក​ចលាចល​របស់ ​ទណ្ឌិត សម រង្ស៊ី​​ និង​បក្ខ​ពួក, កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​ទូទាំង​ខេត្ត គឺ​នៅ​ស្វាគមន៍​ដោយ​ចាប់​វាយ​ខ្នោះ និង​រៀបចំ​បន្ទប់​ពន្ធនាគារ​រង់ចាំ​ទទួល​ជានិច្ច។

ក្នុង​ពិធី​នេះ ក៏​មាន​ការចូលរួម​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​,​លោក​ឧត្ដមសេនីយ៍​ទោ​ប៉ែន សារ៉ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​,​លោក​​ឧត្ដមសេនីយ៍​​ត្រី ​សែ វុទ្ធី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​, ព្រមទាំង​លោក លោកស្រី​ ជា​មេបញ្ជាការ​រង ស្នងការរង ​និង​នាយទាហាន ពលទាហាន នាយ​នគរបាល ពល​នគរបាល ​និង​កងកម្លាំង​អាវុធហត្ថ​ប្រមាណ​ជាង​៨០០​នាក់​ផងដែរ​។​

ថ្លែង​ក្នុងឱកាស​នោះ លោក​ម៉ែន វិបុល ​បានបង្ហាញ​ពី​ភាព​ស្និទ្ធស្នាល យកចិត្តទុកដាក់ និង​លើក​ទឹក​ចិត្ត ចំពោះ​កងកម្លាំង​ទាំងបី​ប្រភេទ ក្នុងការ​ការពារ សុខ​សុវត្ថិភាព​ជូន​ប្រទេសជាតិ ដោយ​ដាក់​បទ​បញ្ជា​ឲ្យ​កងកម្លាំង ត្រៀមខ្លួន​ជាស្រេច​ទប់ស្កាត់ និង​បង្ក្រាប​រាល់​គ្រប់​សកម្មភាព​ទាំងឡាយ​ណា ដែល​ចង់​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​ភ្លើង​សង្គ្រាម​ជាថ្មី ដើម្បី​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និង​ពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​។​

លោ​កថា​ ក្នុងនាម​ជា​កងកម្លាំង​ ត្រូវការ​ការពារជាតិ សាសនា ព្រះមហាក្សត្រ​ និង ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត​ត្រឹមត្រូវ ហើយ​មិនអាច​ឲ្យ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ទណ្ឌិត​សម រ​ង្ស៊ី មក​បង្ក​អសន្តិសុខ​សង្គម បំផ្លាញ​សន្តិភាព​ និង​ការអភិវឌ្ឍ​​ក្នុង​ប្រទេស​បានជា​ដាច់ខាត​។​
ការពារ​បូរណភាព​ទឹកដី និង​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ជូន​ប្រទេសជាតិ និង​ប្រជាជន​ដែល​កំពុង​រស់នៅ ក្នុង​ដំបូល​សុខ​សន្តិភាព​ ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​តាម​លទ្ធិប្រជាធិបតេយ្យ ដែល​មាន​ សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​។​

លោក​ម៉ែន វិបុល ​បាន​ថ្លែង​ទៀតថា ​ជា​ការ​ពិត​ណាស់ ​ប្រទេសជាតិ​យើង​កំពុងតែ​រីកចម្រើន​លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​គ្រប់បែបយ៉ាង​ក្នុង​ការ​ប្រកប​របរ​រ​ក​ស៊ី​ចិញ្ចឹមជីវិត និង​ប្រតិបត្តិ​តាម ជំនឿ​សាសនា​រៀងៗ​ខ្លួន​ ជាពិសេស​ខេត្ត​ស្វាយរៀង​យើង​មាន​រោងចក្រ​ សហគ្រាស​ ជាច្រើន​កន្លែង​ អាច​បង្កើត​ការងារ​ឲ្យ​កម្មករ​កម្មការិនី​រាប់​ម៉ឺន​នាក់​ បង្កើន​ប្រាក់ចំណូល​ជាប្រចាំ ប៉ុន្តែ​ផ្ទុយទៅ​វិញ ​ក្រុម​មនុស្ស​មួយ​ចំនួន​តូច ដែលមាន​ជន​ក្បត់ជាតិ សម រង្ស៊ី ជា​មេខ្លោង បាន​ដើរ​បរិហារ​បង្ខូច​ជាតិ​ខ្លួនឯង និង​បាន​ព្យាយាម​ធ្វើ​រដ្ឋប្រហារ របបរាជានិយម និង​រាជរដ្ឋាភិបាល ដែល​កើត​ចេញពី​ការ​បោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ម្តង​ហើយ​ម្តងទៀត ដែល​សកម្មភាព​នេះ ​គឺជា​ចេតនា​ចង់​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​ដូច​អតីតកាល ដែល​ទង្វើ​នេះ យើង​ត្រូវតែ​រួមគ្នា​ប្រឆាំង​ដាច់ខាត​។​

លោក​បាន​បន្តថា ​គិត​ត្រឹម​ថ្ងៃទី​៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​នេះ ​មាន​ថ្នាក់ដឹកនាំ ​និង​សកម្មជន ក្រុមប្រឹក្សា​ឃុំ សង្កាត់ ស្រុក ក្រុង​បាន​ចុះ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ប្រកាស​មិន​ដើរ​តាម​ជន​ក្បត់ជាតិ​សមរ​ង្សុ​ី​ចំនួន​៣២៦​នាក់​ស្រី​១៤១​នាក់​។​

លោក​បានដាក់​បទបញ្ជា​ដល់​កម្លាំង​ទាំងបី​ប្រភេទ​នូវ​៤​ចំណុច ៖
​ទី​១.​ត្រូវមាន​ភក្ដីភាព​ស្មោះត្រង់​ និង​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ដែលមាន​ សម្ដេច​តេ​ជោ​ហ៊ុន សែន​ ជា​ប្រមុខ​ដឹកនាំ​ ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ។
ទី​២.​កងកម្លាំង ​ត្រូវមាន​មុខជា​ប្រចាំការ​២៤​ម៉ោង​ លើ​២៤​ម៉ោង ​នៅ​អង្គភាព​របស់​ខ្លួន​ ដើម្បី​រង់ចាំ​ការ​បញ្ជា​ពី​បញ្ជាការ​របស់ខ្លួន​ និង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ​គឺ​ត្រូវការពារ​ទឹកដី​ និង​ការពារ​ជាតិ សាស​នា ព្រះមហាក្សត្រ​។
​ទី​៣​-កងកម្លាំង​ ត្រូវ​ពង្រឹង​គោរព​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន។
ទី​៤-កងកម្លាំង ​ត្រូវមាន​ការឯកភាព​គ្នា សាមគ្គីភាព​គ្នា ​និង​សហការ​គ្រប់​អង្គភាព​ដែល​ពាក់ព័ន្ធ​ការ​សាមគ្គី​នាំ​ឲ្យ​អង្គភាព​រឹងមាំ​។​

លោក ​ក៏បាន​ប្រាប់​ដល់​កងកម្លាំង​ ត្រូវការពារ​ខ្សែក្រវាត់​ព្រំដែន​ឲ្យ​បានល្អ​ បើ​ឃើញ​ទណ្ឌិត​សម រ​ង្ស៊ី​និង​បក្ខពួក ​ត្រូវ​ចាប់ខ្លួន​ភ្លាម ហើយ​កងកម្លាំង​ ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​ក្នុងការ​ថែរក្សា​សន្តិ​សុខ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ​។​ ក្រោម​ជំហរ​រឹងមាំ និង​ស្មារតី​យ៉ាង​មោះ​មុត លោក កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ បាន​ប្ដេជ្ញា​អនុវត្តន៍​តាម​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​ខេត្ត ធានា​ឲ្យ​បាន​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ទប់ស្កាត់ បង្ក្រាប​ឲ្យ​បាន​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​ប្រឆាំង និង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រសូត​ចេញពី​ការបោះឆ្នោត ដូចជា​ករណី​ជន​ក្បត់ជាតិ ទណ្ឌិត សម រ​ង្ស៊ី ​និង​បក្ខពួក កំពុង​បង្ក​ចលាចល​វឹកវរ​ដល់​ស្ថិរភាព​សង្គមជាតិ​ម្តង​ហើយ​ម្តងទៀត​នោះ​ផងដែរ​៕


 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114