អភិបាល​រាជធានី​ណែនាំ ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤បន្ត​ការ​ផ្សព្វផ្សាយ ពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ទោះបី​មិន​មាន ​ការ​រីក​រាល​ដាល​បន្ត​ទៀត​ក៏ដោយ​
BREAKING NEWS
Search

អភិបាល​រាជធានី​ណែនាំ ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤បន្ត​ការ​ផ្សព្វផ្សាយ ពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ទោះបី​មិន​មាន ​ការ​រីក​រាល​ដាល​បន្ត​ទៀត​ក៏ដោយ​

​ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ លោក ​ឃួ​ង ស្រេង​ បាន​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ ត្រូវតែ​បន្ត​ការ​ផ្សព្វផ្សាយ​ពី​ការទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ឲ្យ​បាន​ខ្លាំងក្លា​បន្ត​ទៀត បើ​ទោះ​បី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មក​ដល់​ពេល​នេះ មិន​មាន​ការ​រីក​រាល​ដាល​នៃ​ការ​ឆ្លង​បន្ត​ពី​ជំងឺ​នេះ ហើយ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ទាំង​ជាង​១០០​នាក់ ក៏បាន​ជាសះស្បើយ នៅ​សល់​តែ​ម្នាក់​ក៏ដោយ​។

​ការងារ​ណែនាំ​នេះ​បាន​ធ្វើ​ឡើង នា​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​ឧសភា​ ឆ្នាំ​២០២០ ក្នុង​ឪ​កាស​ដែល​លោក​អភិបាល​ទទួល​សម្ភារៈ​ការពារ​និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ពី​អង្គការ​ការី​តាស​កម្ពុជា នៅ​សាលា​រាជធានី​ភ្នំពេញ​។ ក្នុង​ឱកាស​នោះ លោក​ឃួ​ង ស្រេង​បាន​ថ្លែង​អំណរ​គុណ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​បាន​ស្តាប់​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ កន្លង​មក​នេះ​។

​លោក​បន្ត​ថា មកដល់ពេលនេះ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា អ្នក​ដែល​ឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩
​បានជា​សះស្បើយ​អស់ហើយ គឺ​នៅ​សល់​តែ​ម្នាក់​គត់ ហើយក៏​គ្មាន​នរណា​ម្នាក់​ បាន​ស្លាប់​ដោយ​ជំងឺ កូ​វីដ​-១៩​នេះ​ដែរ។ ក្នុង​ស្ថានភាព​បែបនេះ ឃើញ​ថា​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​ដូច​ជា បាត់បង់​នូវ​ភាព​ភ័យខ្លាច​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​ផង​ដែរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ក្នុងនាម​អាជ្ញាធរ ដែលជា​ម៉ែ ជា​ឪ​ប្រជាពលរដ្ឋ យើង​នៅតែ​បន្ត​ការ​យក​ចិត្ត​ទុកដាក់​និង​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ជុំវិញ​ការបង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ។ ដូច្នេះ​ទេ​ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤​ត្រូវតែ​បន្ត​ការ​ផ្សព្វផ្សាយ​អំពី​ការ​ទប់​ស្កាត​ការ​បង្ការ​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅដល់​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ តាម​ទីផ្សារ​ទាំង​រដ្ឋ​និង​ឯកជន ដើម្បី​បន្ត​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ទៅតាម​ការណែនាំ​របស់​ក្រសួង សុខាភិបាល។

​បើ​ទោះ​បី​នៅ​ពេល​នេះ យើង​ឃើញ​ថា ជំងឺ​កូ​វីដ​-១៩​នេះ​មិន​មាន​ការ​រីក​រាលដាល​បន្ត​ទៀត​ក៏ដោយ​។ គួរ​បញ្ជាក់​ថា ​សម្រាប់​ព្រឹក​ថ្ងៃ​ទី​១៣ ​ខែ​ឧសភា​នេះ ​អង្គការ​ការី​តាស​កម្ពុជា ​បាន​ផ្ដល់​នូវ​សម្ភារៈ​មួយ​ចំនួន​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ការពារ​និង​ប្រយុទ្ធ​ប្រឆាំង​នៃ​ការ​ឆ្លង​រីក​រាល​ដា​ជំងឺ​កូ​វីដ​-១៩ ដែល ក្នុង​នោះ​សម្ភារៈ​ដែល​ត្រូវ​ទទួល​ជូន​រួមមាន៖ សាប៊ូ​ចំនួន​៧ ០០០​ដុំ ម៉ាស់​ចំនួន ៧០០ ប្រអប់ អាកុល​ចំនួន​១៤០០​លីត្រ ប័ណ្ណ​ផ្សព្វផ្សាយ​ចំនួន​៥៦០០​សន្លឹក ដើម្បី​ចែក​ជូន​បន្ត​ទៅ​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ដែល​ក្នុង​១​ខណ្ឌ​ៗ​ទទួល​បាន​សាប៊ូ​ចំនួន ៥០០​ដុំ ម៉ាក​ចំនួន​៥០ ប្រអប់ អាកុល​ចំនួន​១០០​លីត្រ​និង​ប័ណ្ណ​ផ្សព្វផ្សាយ​ចំនួន​៤០០​សន្លឹក​៕
អត្ថបទ៖ ​ស្រីរ័ត្ន​

សូមចុចអាន៖