អភិបាល​រាជធានី​ភ្នំពេញ​ស្នើ​សូម​ឲ្យ ព្រះសង្ឃ​ពុទ្ធបរិស័ទ រក្សា​សន្តិភាព​ឲ្យ​បាន​គង់​វង់ ដើម្បី​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ រីកចម្រើន​បន្ថែមទៀត

ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​ព្រះសង្ឃ ពុទ្ធបរិស័ទ​ទាំងអស់ រក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស ព្រោះថា​មាន​សន្តិភាព​ទើប​មានការ​អភិវឌ្ឍ​ទាំង​អាណាចក្រ​និង​ពុទ្ធចក្រ​។​

ការ​ស្នើ​សូម​បែបនេះ​ របស់​លោក អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២៣ កក្កដា ២០២០ ក្នុងឱកាស​ដែល លោក​និង​លោកស្រី អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ កុដិ និង​សមិទ្ធផល​នានា​នៅក្នុង​វត្ត​អង្គ​បឹង​ចក ស្ថិតក្នុង​សង្កាត់​កំបូល ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ។

ក្នុង​ឱកាស​នោះ លោក​ឃួ​ង ស្រេង​ក៏បាន​លើកឡើង​ពី​ទុក្ខលំបាក​និង​ការឈឺចាប់​បំផុត​នៅក្នុង​របប​ប៉ុលពត ៣​ឆ្នាំ ៨​ខែ​និង​២០​ថ្ងៃ។ ​លោក​បាន​បញ្ជាក់ថា ការ​រំឭក​ពី​ការឈឺចាប់​និង​ទុក្ខលំបាក​នេះ គឺ​ដើម្បី​ដាស់តឿន​ដល់​គ្រប់គ្នា​ពិសេស យុវជន​ជំនាន់​ក្រោយ ឲ្យ​ដឹង​ពី​ការឈឺចាប់​ទាំងនេះ ហើយ​រួមគ្នា​ធ្វើយ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​សង្គ្រាម​កើតឡើង បង្ក​ភាពឈឺចាប់​បន្ត​ទៀត។ ដូច្នេះ​ទេ​យើង​ទាំងអស់​គ្នា​ត្រូវតែ​រួមគ្នា​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព​នៅ​កម្ពុជា។ មាន​សន្តិភាព​គឺ​មាន​អ្វីៗ​ទាំងអស់​មាន​ទាំង​ការអភិវឌ្ឍន៍ ទាំង​ពុទ្ធចក្រ​និង​អាណាចក្រ​។

ជាក់ស្ដែង​សម្រាប់​សមិទ្ធផល​ដែល​កើតឡើង​នៅក្នុង​វត្ត​អង្គ​បឹង​ចក​នៅ​ពេល​នេះ គឺ​ពិតជា​បានកើត​ចេញពី​ប្រទេស​កម្ពុជា​យើង​មាន​សន្តិភាព​ពេញលេញ​នេះហើយ​។

លោក​ឃឹម ស៊ុន​សូ​ដា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​កំបូល ក្នុង​ឱកាស​នោះ បាន​មានប្រសាសន៍​បញ្ជាក់​ផងដែរ​ថា វត្ត​អង្គ​បឹង​ចក បាន​កើតឡើង​តាំងពី​ឆ្នាំ ១៧៨៩ ហើយ​បើ​គិត​មកដល់ពេលនេះ វត្ត​នេះ​មាន​អាយុកាល​ជាង​២០០ ឆ្នាំ​ហើយ​។ មុន​ឆ្នាំ​១៩៧០​វត្ត​នេះ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់។ តែ​នៅ​ក្នុង​កំឡុង​ឆ្នាំ​៧០​ដល់​ឆ្នាំ​៧៥ ដោយ​ប្រទេសជាតិ​ធ្លាក់​នៅក្នុង​សង្គ្រាម វត្ត​នេះ​ត្រូវ​បាន​គេ​បោះបង់​ចោល​។ ក្នុង​ឆ្នាំ​១៩៧៥​ដល់ ១៩៧៩ ខណៈ​ដែល​ប្រទេសជាតិ​ធ្លាក់​ក្នុង​ដៃ​របស់​ប៉ុលពត ទី​វត្ត​អារាម​នេះ​ត្រូវ​បាន​ពួក​ប៉ុល​ពត​យក​ធ្វើជា​ទីតាំង​កងទ័ព។ តែ​ក្រោយ​ឆ្នាំ ១៩៧៩ ទី​វត្ត​អារាម​នេះ បាន​រស់​ឡើងវិញ និង​បាន​កសាង​នូវ​សមិទ្ធផល​ជា​បន្តបន្ទាប់ រហូតដល់​ពេលបច្ចុប្បន្ន​នេះ ។

ជាក់ស្តែង​មកដល់ពេលនេះ ក្រោម​ការ​ជួយជ្រោមជ្រែង ពី​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​បាន​កសាង​នូវ​សមិទ្ធផល​ជាច្រើន​ដែល​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅពេលនេះ ក្នុងនោះ​រួមមាន​កុដិ​២​ខ្នង​ជាមួយនឹង​ការជួសជុល​សាលាឆាន់​១​ខ្នង ដោយបាន​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ ជាង​២០​ម៉ឺន​ដុល្លារ​អាមេរិក​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114