អភិបាល​រាជធានី​ភ្នំពេញ​ ជំរុញ​ឲ្យ​បញ្ជ្រាប​ពី​ទឹកចិត្ត​មនុស្សធម៌​របស់​ សម្ដេច​តេ​ជោ​ ​ឲ្យ​កម្មករ​បាន​ដឹង ខណៈ​មេរោគ​កូ​រ៉ូ​ណា​COVID-19 មិនកើត​មាននៅ​លើ​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​

ភ្នំពេញ​ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​អនុប្រធាន​គណៈកម្មាធិការ​បក្ស​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​ចលនា​សហជីព​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ឲ្យ​ចលនា​សហជីព​រាជធានី​ភ្នំពេញ បញ្ជ្រាប​ពី​ទឹកចិត្ត​មនុស្សធម៌​របស់ ​សម្ដេច​តេ​ជោ​ ហ៊ុន សែន ឲ្យ​កម្មករ​បាន​ដឹង ខណៈ​មេរោគ​កូ​រ៉ូ​ណា​COVID-19 មិនកើត​មាននៅ​លើ​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់។​

ចំពោះ​ភាព​មនុស្សធម៌​របស់ ​សម្ដេច ក្នុង​ការទទួល​ទេសចរណ៍​ដែល​ជិះ​លើ​កប៉ាល់​ទេសចរណ៍ Westerdam ដឹក​មនុស្ស ជាង ២ ២០០ ​នាក់ ដែល​បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះ​ហ្គាំ (​អាមេរិក​) និង​ប្រទេស​ថៃ បដិសេធ​មិន​ឲ្យ​ចូល​ចត ដោយសារតែ​ការ​ព្រួយបារម្ភ​ថា ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​នោះ អាចមាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19)​។ ប៉ុន្តែ​នៅ​ទីបំផុត សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា បានអនុញ្ញាត​ឲ្យ​នាវា​អាមេរិក​មួយ​នេះ ចូល​ចត​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០​ កន្លងមក ហើយ​ក្រោយមក​ត្រូវបាន​អាជ្ញាធរម៉ាឡេស៊ី​ថា លោកយាយ​អាយុ​៨៣​ឆ្នាំ ​ជនជាតិ​អាមេរិក​ម្នាក់​ បាន​ឆ្លង​ជំងឺ​នេះ តែ​មកដល់ពេលនេះ ​អ្វី​ដែល​ជា​ការ​ពិត​នោះ លោកយាយ​ម្នាក់​នោះ​ ក៏​ត្រូវបាន​បញ្ជាក់ថា មិនមាន​ជំងឺ​កូ​រ៉ូ​ណា​ថ្មី (Covid-19)​នោះ​ទេ។​ ព័ត៌មាន​នេះ ជា​កាដូ​ដ៏​ធំ​មួយ ​ឬ​ជា​សម្បត្តិ​មហាសាល​សម្រាប់​កម្ពុជា និង​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​កាន់តែ​មាន​ជំនឿ​ជឿជាក់ មក​លើ ​សម្ដេច​តេ​ជោ​ ហ៊ុន សែន។ លោក​ថា គ្មាន​ហេតុផល​ណាមួយ ដែល​ សម្ដេច​តេ​ជោ ​ធ្វើ​ដើម្បី​បំផ្លាញ​ប្រជាជាតិ​ឯង​នោះ​ទេ។ សម្ដេច​ បាន​លះបង់ សូម្បីតែ​អាយុជីវិត​ ដើម្បី​រំដោះ​ប្រទេស​ចេញ​ពី​របប​ប៉ុលពត និង​ បាន​ធ្វើការ​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​រីកចម្រើន​ថែមទៀត។ ដូច្នេះ​ទេ ​លោក​ស្នើសុំ​ឲ្យ​បញ្ជ្រាប​អ្វីដែល​ សម្ដេច​ បាន​ធ្វើ​ឲ្យ​បងប្អូន​កម្មករ​បាន​ដឹង​ និង​ពន្យល់​ពួកគាត់​ឲ្យ​បាន​យល់ច្បាស់​។​

ការជំរុញ​បែបនេះ​របស់ លោក ឃួ​ង ស្រេង បានធ្វើ​ឡើង​ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីសម្រេច​កែសម្រួល​សមាសភាព​គណៈ​ចលនា​សហជីព​រាជធានី​របស់​គណៈ​ចលនា​មហាជន ​នៃ​គណៈកម្មាធិការ​បក្ស​រាជធានី​ភ្នំពេញ និង​លទ្ធផល​សន្និបាត​គណៈ​កម្មាធិកា​រ​កណ្តាល​លើក​ទី​៤២ អាណត្តិ​ទី​៥ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​ កិច្ចប្រជុំ​នេះ គឺជា​កិច្ចប្រជុំ​លើកដំបូង​របស់​គណៈ​ចលនា​សហជីព​រាជធានី​ភ្នំពេញ បន្ទាប់ពី​គណៈកម្មាធិការ​បក្ស​រាជធានី​ភ្នំពេញ ចេញ​សេចក្តីសម្រេច​កែសម្រួល​គណៈ​ចលនា​មហាជន របស់​គណៈកម្មាធិការ​បក្ស​រាជធានី​ភ្នំពេញ។​

ក្នុង​កិច្ចប្រជុំ​នោះដែរ លោក​ប្រធាន​គណៈ​ចលនា បាន​ស្នើ​ឲ្យ​​ក្រុមការងារ​ខណ្ឌ សង្កាត់ ត្រូវ​ចុះ​អន្តរាគមន៍​ទប់ស្កាត់ ចំពោះ​ម្ចាស់​ផ្ទះជួល ដែលដំឡើងថ្លៃ​បន្ទប់ ថ្លៃ​ទឹក ថ្លៃ​ភ្លើង និង​សួរសុខទុក្ខ​បងប្អូន​កម្មករនិយោជិត​ស្នាក់នៅ​ផ្ទះជួល អំពី​តម្លៃ​ទឹកស្អាត តម្លៃ​ភ្លើងអគ្គិសនី ថ្លៃឈ្នួល​បន្ទប់ អំពី​សន្តិសុខ បរិស្ថាន ។​ល​។ ក្រុមការងារ​កសាង​គណបក្ស កសាង​អង្គភាព សហជីព និង​ចលនា​កម្មករនិយោជិត​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន ខណ្ឌ សង្កាត់ ត្រូវ​ពង្រីក​សមាជិក​គណបក្ស​នៅតាម​រោងចក្រ ក្នុង​គោលដៅ​ឲ្យ​បាន ៧០% នៃ​សមាជិក​សហជីព មូលដ្ឋាន​រោងចក្រ។ បង្កើត​សាខា​បក្ស​ និង​អនុ​សាខា​បក្ស នៅ​គ្រប់​រោងចក្រ ព្រមទាំង​អនុវត្ត​របប​ប្រជុំ​ជីវភាព​ឲ្យ​បាន​ទៀងទាត់។ សម្របសម្រួល និង​ដោះស្រាយ​នៅ​ហ្នឹង​កន្លែង​នូវ​វិវាទ​ផ្សេងៗ ដែល​កើតមាន​នៅតាម​រោងចក្រ សហគ្រាស គ្រឹះ​ស្ថាន។ កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា បាតុកម្ម កូដកម្ម​ខុសច្បាប់។ ចិញ្ចឹម​ចលនា​ដល់​ក​ម្មករ និយោ​ជិត មានធុរៈ និង​ត្រូវ​ដោះស្រាយ​ទាន់ពេលវេលា នូវ​ករណី​មិន​ប្រក្រតី នៅ​តាម​កន្លែង​ស្នាក់នៅ​របស់​បងប្អូន​កម្មករ និយោជិត ដូចជា សន្តិសុខ ថ្លៃ​ទឹក ថ្លៃ​ភ្លើងអគ្គិសនី ថ្លៃ​បន្ទប់ បរិស្ថាន … ។​ល​។ បន្ត​ផ្សព្វ​ផ្សាយ​អនុសាសន៍​១០​ចំណុច​របស់​ សម្ដេច​តេ​ជោ ជូន​ដល់​បងប្អូន​កម្មករ​និយោជិត​ឲ្យ​បានជា​ប្រចាំ។ ពិសេស ​សូម​យកចិត្តទុកដាក់​បំផុស​ឲ្យ​បងប្អូន​កម្មករ និយោជិត​របស់​យើង កុំ​បារម្ភ​អំពី EBA ដែល​សហគមន៍​អឺរ៉ុប​ព្យួរ ឬ ដក​ចេញពី​កម្ពុជា និង​កុំ​ចាញ់បោក​ការឃោសនា សង្គ្រាមចិត្តសាស្ត្រ ឧបាយកល​របស់​ពួក​ប្រឆាំង និង​ពួក​អគតិ​ឲ្យ​សោះ។​

សូមបញ្ជាក់ថា ចំពោះ​ការកែសម្រួល​សមាសភាព គណៈ​ចលនា​សហជីព របស់​គណៈ​ចលនា​​មហាជន​ នៃ​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ​ គឺ លោក ឃួ​ង ស្រេង ជា​ប្រធាន​ដែល​មាន​អនុប្រធាន​៣​រូប ​និង​ មាន​សមាជិក​១៦​រូប​៕


អត្ថបទ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114