BREAKING NEWS
Search

អភិបាល​រាជធានី​ ចង់​ឲ្យ​មន្ទីរពេទ្យ​ជោ​រៃ​នៅ​ភ្នំពេញ ទទួល​ការ​ជឿជាក់​ពី​អ្នក​ជំងឺ ​ដូច​មន្ទីរពេទ្យ​ជោ​រៃ​នៅ​ទីក្រុង​ហូជីមិញ​

​ភ្នំពេញ​ ៖ អភិបាល​រាជធានី​ភ្នំពេញ ​លោក ប៉ា សុជាតិ​វង្ស បានបង្ហាញ​ពី​បំណង​របស់​រដ្ឋបាល​រាជធានី​ គឺ​ចង់​ធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យ​ជោ​រៃ​នៅ​រាជធានី​ភ្នំពេញ​ មាន​ភាពល្បីល្បាញ ​និង​ទទួលបាន​ភាពជឿជាក់​ពី​ប្រជាពលរដ្ឋ​ជា​អ្នក​ជំងឺ ​ដូច​មន្ទីរពេទ្យ​ជោ​រៃ​នៅ​ទីក្រុង​ហូជីមិញ ​នៃ​ប្រទេស​វៀតណាម​។

លោក ប៉ា សុជាតិ​វង្ស​ បាន​បញ្ជាក់ថា វិស័យ​សុខាភិបាល​នៅ​ប្រទេស​វៀតណាម​​ ពិតជា​ល្អ និង​ទទួល​ការជឿជាក់ ដោយមាន​ប្រជាពលរដ្ឋ​ជា​អ្នក​ជំងឺ​កម្ពុជា ​ប្រមាណ​៧០​ ទៅ​៨០​ភាគរយហើយ ដែល​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។ ដោយ​មើលឃើញ​ពី​ភាពចាំបាច់​ដែល​មិនអាច​ខ្វះ​បាន​នេះ និង​ម្យ៉ាងទៀត​ដើម្បី​សម្រួល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងការ​ធ្វើដំណើរ​បញ្ជូន​អ្នក​ជំងឺ​ទៅកាន់​ប្រទេស​វៀតណាម ទើប​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២​ សម្រេច​បង្កើតឲ្យមាន​ជោ​រៃ​នៅ​ភ្នំពេញ​ នេះ​ឡើង ស្រប​ជាមួយនឹង​មន្ទីរពេទ្យ​របស់​បរទេស​ជាច្រើន​ទៀត​ដូចជា ថៃ​ និង​ជប៉ុន កំពុង​ប្រជែង​គ្នា​លើ​គុណភាព​នៃ​ការព្យាបាល​។

លោក ប៉ា សុជាតិ​វង្ស​ បន្តថា ជោ​រៃ​នៅ​ភ្នំពេញ​ គួរតែ​ពង្រឹងសេវា​ឲ្យ​កាន់តែ​ល្អបន្ថែមទៀត ពិសេសឲ្យបាន​ដូច​ជោ​រៃនៅ​ហូ​ជី​មិញ​។ ជោ​រៃ​ភ្នំពេញ ​ត្រូវតែ​ល្អ​ទទួល បាន​ភាពជឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ។​ លោក​ស្នើឲ្យ​ភាគី​វៀតណាម ​ពិសេស​ទីក្រុង​ហូជីមិញ ​ដែលជា​ទីក្រុង​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ទីក្រុង​ភ្នំពេញ គួរតែ​បញ្ជូន​គ្រូពេទ្យ​ពូកែៗពី​វៀតណាម​ មកកាន់​មន្ទីរពេទ្យ​ជោ​រៃ​នៅ​កម្ពុជា ព្រោះ​មន្ទីរពេទ្យ​ជោ​រៃ​នេះ​កើតចេញពី​ចំណងទាក់ទង រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​២​។

ម្យ៉ាងទៀត​បើ​បង្កើតឲ្យមាន​មន្ទីរពេទ្យ​ជោ​រៃ​នៅ​ភ្នំពេញ ធំ​ទូលាយ​បែបនេះហើយ ហើយ​នៅពេល​មាន​អ្នក​ជំងឺ​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ជោ​រៃ ​ក្រុង​ហូជីមិញ ​ដ​ដែលនោះ យើង​ចាំបាច់​បង្កើត​មន្ទីរពេទ្យ​ជោ​រៃ​នៅ​ភ្នំពេញ ធំ​ទូលាយ​បែបនេះ​ធ្វើ​អ្វី ធ្វើជា​មន្ទីរពេទ្យ​តូច​មួយ​បាន​ហើយ។​ តែ​នេះ​ជា​មន្ទីរពេទ្យ​ដែល​កើតចេញពី​ចំណងទាក់ទង រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២ ដែល​ត្រូវតែ​ជា​មន្ទីរពេទ្យ​ដែលតែ​ពូកែ ​និង​ការជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​កម្ពុជា​។

ការស្នើ​ឡើង​បែបនេះ​របស់​លោក ប៉ា សុ​ជា​តិ​វង្ស​ ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​សម្តែង​ការគួរសម​ជាមួយ​លោកស្រី ​Nguyen Thi Thu អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន ​ទីក្រុង​ហូជីមិញ​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ល្ងាច​ថ្ងៃទី​២៥ ឧសភា នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក ប៉ា សុជាតិ​វង្ស ​បន្តថា ប្រតិភូ​វៀតណាម​មកនេះ​ គឺ​ចំ​ពេលដែល​កម្ពុជា​កំពុង​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ ​អាណ​ត្តិទី​៤ ហើយក៏​ជាការ​លើកទឹកចិត្ត​ដល់​កម្ពុជា ក្នុងអំឡុងពេល​បោះឆ្នោត​ផងដែរ​។

លោក ប៉ា សុជាតិ​វង្ស​ បន្តថា ក្នុងនាម​ប្រជាជន​កម្ពុជា​ពិតជា​មិនអាច​ភ្លេច​បាន​ ចំពោះ​ប្រជាជន​ និង​ប្រទេស​វៀតណាម ​ដែល​តែងតែ​គាំទ្រ​ និង​ជួយ​កម្ពុជា​រហូតមក​។​

ពាក់ព័ន្ធ​នឹង​កំណើនប្រជាជន​ និង​យានយន្ត លោក ប៉ា សុជាតិ​វង្ស ​បាន​បញ្ជាក់ថា បានធ្វើឲ្យរាជធានី​ភ្នំពេញ ​ទទួល​បញ្ហា​ជាច្រើន​ដូចជា ការកកស្ទះ​ចរាចរណ៍​ បញ្ហា​លិចលង់ បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់។ ​ប៉ុន្តែ​ទោះយ៉ាងណា​ក្តី​ យើង​បានធ្វើឲ្យ​ទីក្រុង​នេះ​មាន​សោ​ភណភាពល្អប្រសើរ​។​ លោក​បន្តថា ចំពោះ​ការជួយ​របស់​ទីក្រុង​ហូជីមិញ ពិត​ជាមាន​ច្រើន ជាពិសេស​លើ​ផ្នែក​ពាណិជ្ជកម្ម ដោយបាន​នាំ​ទំនិញ​មានគុណ​ភាព​មកភ្នំពេញ​។

ជា​គម្រោង​ កម្ពុជា​នឹង​រក​ការជួបគ្នា​ក្នុងពេល​ឆាប់ៗ​នេះ ជាមួយ​អ្នកវិនិយោគ​វៀតណាម ​និង​កម្ពុជា ដើម្បី​ស្វែង​ចំណុច​រក​ស៊ី​កាន់តែ​ល្អ​។

លោក​បញ្ជាក់ថា នៅ​ខែមិថុនា ​ខាងមុខនេះ ប្រតិភូ​កម្ពុជា ​នឹង​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​ ដើម្បី​សិក្សា​ពី​ការ​រីកចម្រើន​របស់​វៀ​ត​ណា​ម ដូចជាសាធារណការ សុខាភិបាលជាដើម​។

លោកស្រី ​Nguyen Thi Thu បាន​មានប្រសាសន៍ថា នៅ​ភ្នំពេញ​នៅក្នុង​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​ចុងក្រោយ​នេះ​ មានការ​អភិវឌ្ឍ​​រីកចម្រើន​យ៉ាងខ្លាំង ​ពិសេស​មាន​អាគារ​ខ្ពស់ៗ​រីក​ដូច​ផ្សិត លោកស្រី​ពិតជា​រីករាយ​ចំពោះ​ការ​រីកចម្រើន​របស់​ក​ម្ពុ​ជា ​បែបនេះ​។ លោកស្រី​បន្តថា គោលបំណង​របស់លោក​ស្រី​មក​កម្ពុជា​ គឺ​មក​ពិនិត្យ​ជោ​រៃ និង​ចង់​ចងសម្ព័ន្ធភាព​ជាមួយ​រាជធានី​ភ្នំពេញ​ ឲ្យកាន់តែ​ល្អប្រសើរ​ថែមទៀត និង​អរគុណ​ក្រុមហ៊ុន​នៃ​ប្រទេស​កម្ពុជា ​ដែល​បង្កើតឲ្យមាន​មន្ទីរពេទ្យ​ជោ​រៃ​នេះ​ឡើង យើង​នឹង​ធ្វើឲ្យជោ​រៃ​នេះ​​កាន់តែ​ល្អ និង​ល្បីល្បាញ​បន្ថែមទៀត​។

លោកស្រី​បញ្ជាក់ថា ជោ​រៃ​នៅ​ភ្នំពេញ ​ក្នុង​៣​ឆ្នាំនេះ​មាន​បញ្ហា​ប្រឈម​មួយចំនួន បើតាម​របាយការណ៍ ឆ្នាំមុន​ ឆ្នាំ​ទី​២ខាត​តិច តែ​ឆ្នាំ​ទី​៣​នេះ គឺ​ពិតជា​ទទួលបាន​ការគាំទ្រជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​។

លោកស្រី​ឲ្យ​សាលា​រាជធានី ​យកចិត្តទុកដាក់​ និង​មើល​ខុសត្រូវ ថា​តើ​យើង​ត្រូវ​បន្ត​ ឬ​បន្ថែម​អ្វី​ទៀត។ ចំពោះ​ការស្នើសុំ​ខាងលើ​របស់​លោក ប៉ា សុជាតិ​វង្ស​ ជុំវិញការសុំ​បញ្ជូន​គ្រូពេទ្យ​ជំនាញៗ​មកកាន់​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ ដើម្បី​ធ្វើឲ្យ​ជោ​រៃ​ភ្នំពេញ ​មាន​ភាពល្បីល្បាញ​ និង​ការជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ ដូច​មន្ទីរពេទ្យ​ជោ​រៃ​នៅ​ហូជីមិញ​នោះ លោកស្រី ​Nguyen Thi Thu បាន​បញ្ជាក់ថា នឹងធ្វើ​ការស្នើ​ទៅ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​វៀតណាម ដើម្បី​ប​ញ្ជូ​ន​គ្រូពេទ្យ​ជំនាញៗ​មកកាន់​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114