អភិបាល​រាជធានី ​ជំរុញស្ថាបនា​ប្រព័ន្ធ​ប្រឡាយ​ស្ទឹងមានជ័យ​ ឲ្យ​​រួច​​រយៈពេល​២​ខែ​ទៀត​
BREAKING NEWS
Search

អភិបាល​រាជធានី ​ជំរុញស្ថាបនា​ប្រព័ន្ធ​ប្រឡាយ​ស្ទឹងមានជ័យ​ ឲ្យ​​រួច​​រយៈពេល​២​ខែ​ទៀត​

ភ្នំពេញ ៖ លោក ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​មូល​ដ្ឋាន​ សហការ​គ្នា​ពន្លឿន​ការ​ស្ថាបនា​ប្រព័ន្ធ​ប្រឡាយ​ស្ទឹងមានជ័យ​ ចាប់ពី​គល់​ស្ពាន​ស្ទឹងមានជ័យ​ ដល់​ប្រឡាយ​ដើមស្លែង​ ឲ្យ​បាន​រួចរាល់​ ក្នុង​រយៈពេល​២​ខែ​ទៀត ដើម្បី​បញ្ចៀស​ការ​ជន​លិច​ដោយ​ជំនន់​ទឹកភ្លៀង ខណៈ​​រដូវ​វស្សា ​នឹង​ចូល​មកដល់​មិន​ដល់​ប៉ុន្មាន​ខែ​ទៀត​នេះ​។​

ការ​ជំរុញ​បែបនេះ​របស់ លោក​ឃួ​ង ស្រេង ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ ​ស្តីពី​ការស្ថាបនា​ប្រព័ន្ធ​ប្រឡាយ​លូ​នៅ​តំបន់​ខាងកើត ​និង​តំបន់​ខាងត្បូង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា ប្រព័ន្ធ​ប្រឡាយ​ទាំងនេះ​ មាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​រំដោះ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ដូច្នេះ​មន្ត្រី​ជំនាញ ​ត្រូវ​សហការ​គ្នា​ធ្វើ​ឲ្យ​បាន​ល្អ ពិសេស​ការត្រួតពិនិត្យ​លើ​ក្រុមហ៊ុន​ស្ថាបនា ដើម្បី​ឲ្យ​ការសាងសង់​ធានាបាន​គុណភាព​ស្តង់ដារ។ ពោល​គឺ​ត្រូវ​ជំរុញ​ស្ថាបនា​ប្រព័ន្ធ​ប្រឡាយ​ស្ទឹងមានជ័យ ចាប់ពី​គល់ស្ពាន​ស្ទឹងមានជ័យ​ ដល់​ប្រឡាយ​ដើមស្លែង​ឲ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​២​ខែ​ទៀត ដើម្បី​កាត់បន្ថយ​ការ​ជន់​លិច​ប្រកបដោយ​ប្រសិទ្ធ​ភាព និង​ដើម្បី​យក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​បណ្ដោះអាសន្ន​នៅ​ក្រោម​ស្ពាន​ស្ទឹងមានជ័យ ​មក​ស្នាក់​នៅ​ដី​របស់គាត់​តាម​មាត់​ប្រឡាយ​វិញ​។​

លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ការ​ពន្លឿន​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​នៅ​តំបន់​ខាង​កើត និង​តំបន់​ខាងត្បូង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នេះ គឺ​ដើម្បី​បញ្ចៀស​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នា​រដូវវស្សា​ខាងមុខ​នេះ ដែល​សម្រួល​ដល់​ការរស់នៅ និង​ការ​ធ្វើដំណើរ​របស់​ប្រជា​ពលរដ្ឋ​។​

ក្នុង​កិច្ចប្រជុំ​ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹ​ង​ថា គម្រោង​ស្ថាបនា​ប្រព័ន្ធ​ប្រឡាយ​លូ​នៅ​តំបន់​ខាងកើត និង​តំបន់​ខាងត្បូង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មកដល់ពេលនេះ ដោយ​ដំណាក់កាល​ទី​១ ពី​ស្ពាន​ស្ទឹងមានជ័យ​ ដល់​ប្រឡាយ​ដើម ស្លែង សម្រេច​បាន​ជាង​៧៨​ភាគរយ ចំណែក​តំបន់​៤​ សម្រេច​បាន​ជាង​៤០​ភាគរយ​៕

សូមចុចអាន ៖ សេដ្ឋីៗត្រូវបានគេអំពាវនាវឱ្យ​បរិច្ចាគ​បន្ថែមដើម្បី​ដោះ​វិបត្តិ​នៃជំងឺរាតត្បាត

 


អត្ថបទ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114