អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​ សោកស្ដាយ​ព័ត៌មាន​មិន​ពិត​ដែល​ថា មន្ត្រី​អនុរក្ស​ធ្វើ​ទារុណកម្ម​ជន​ជាប់​ឃុំ​រហូត​ដល់ស្លាប់
BREAKING NEWS
Search

អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​ សោកស្ដាយ​ព័ត៌មាន​មិន​ពិត​ដែល​ថា មន្ត្រី​អនុរក្ស​ធ្វើ​ទារុណកម្ម​ជន​ជាប់​ឃុំ​រហូត​ដល់ស្លាប់

រតនគិរី ៖ អ្នកនាំពាក្យ នៃ​អយ្យការ​អមសាលាដំបូង​ខេត្តរតនគិរី មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ (Facebook) មួយ​ចំនួន ដែល​បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ខុស​ពីការ​ពិត​ដោយ​មិន​បាន​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ដែល​ថា មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តរតនគិរី បាន​ប្រើ​ទារុណកម្មវាយ​ធ្វើ​បាប​ និង​បង្ខំ​ជនជាប់​ឃុំ​ឲ្យសារភាព​រហូត​ដល់​ស្លាប់។

អ្នកនាំពាក្យដដែល​បាន​ ជម្រាប​ជូន​សាធារណជន​ថា ជនជាប់​ឃុំ​ឈ្មោះ ប៊ិន យាង ភេទ​ស្រី​ អាយុ​៥៥ឆ្នាំ ត្រូវ​បាន​ជាប់​ចោទ​ពីបទ​កាប់​គាស់ រុករាន​ដី​ព្រៃ ឆ្ការ​ ដុត​ និង​ឈូសឆាយ​ដី​ព្រៃ​យក​ធ្វើ​ជាកម្មសិទ្ធិ។ ហើយ​ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បើកការ​ស៊ើបអង្កេត​តាម​ដីកាឲ្យ​ស៊ើបសួរ​លេខ ៣៨/២០ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ដែល​ចោទ​ពីបទ កាប់គាស់​ រុករានដីព្រៃ ឆ្ការ ដុត និង​ឈូសឆាយ​ដីព្រៃ​ដើម្បីយក​ធ្វើ​ជាកម្មសិទ្ធិ​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេចឃុំខ្លួន​បណ្ដោះអាសន្ន​។

ក្រោយ​ឃុំខ្លួន​មន្ត្រី​ពេទ្យ​នៃពន្ធនាគារ​បាន​ធ្វើ​ការ​ពិនិត្យ​សុខភាព​ទៅលើ​ជនជាប់​ឃុំ​ ឃើញថា​មានផ្ទុក​ជំងឺទឹកនោម​ផ្អែម និង​លើស​ឈាម​ប្រចាំកាយ។ ហើយ​ជនជាប់ឃុំ​ត្រូវ​បាន​ទទួល​ការ​មើល​ថែ​និង​ព្យាបាល​ពីមន្ត្រី​ពេទ្យ​នៃ​ពន្ធនាគារបានត្រឹម​ត្រូវ។

លុះ​ដល់​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ជនជាប់​ឃុំ​ដែល​នៅក្នុង​បន្ទប់​ជាមួយ​បាន​ស្រែក​ឆោឡោ​ថា ជនជាប់ឃុំ​ឈ្មោះ ប៊ិន យាង បាន​ចូល​ទៅ​បត់​ជើង​ក្នុង​បន្ទប់​ទឹក​ ហើយ​ក៏រអិល​ជើង​ដួល​ក្នុង​បន្ទប់​ទឹក​តែម្តង។ បន្ទាប់​ពី​ដឹង​រឿង​នេះ​ភ្លាម​ មន្ត្រី​ពេទ្យនៃពន្ធនាគារ​បាន​ចុះពិនិត្យ​អាការៈ ឃើញថា មានអាការៈសម្ពាធឈាម​ធម្មតា ទើប​មន្ត្រីពេទ្យ​ឲ្យ​ជនឃុំ​ខ្លួន​សម្រាប់ធម្មតា​។ ស្រាប់តែ​ដល់​ម៉ោង​ប្រហែល​៤ទាបភ្លឺ ទើប​អ្នកជាប់ឃុំ​ដូច​គ្នា​ស្រែក​ថា ឈ្មោះ ប៊ិន យាង មាន​អាការៈ​បម្រាស់​ចុះឡើង ក្រោយ​មក​ក៏បាត់មាត់​បាត់ក។ ទើប​មន្ត្រី​ពន្ធនាគារ​បញ្ជូនទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ដើម្បីធ្វើការ​សង្គ្រោះ​បន្ទាន់​ ប៉ុន្តែនៅពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​គឺគាត់​បាន​ស្លាប់​បាត់​ទៅហើយ​។

ក្រោយ​ពេល​កើត​ហេតុ តំណាង​អយ្យការ​បាន​ដឹកនាំ​មន្ត្រី​នគរបាលបច្ចេកទេស និង​វិទ្យាសាស្ត្រ​ចុះ​ទៅ​ពិនិត្យ​សាកសព​របស់​ឈ្មោះ ប៊ិន យាង បង្ហាញថា បានស្លាប់​ដោយសារ​ជំងឺ​ប្រចាំកាយ​ គឺសម្ពាធឈាម​បុកឡើង​ខ្លាំង​ធ្វើ​ឲ្យ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ មិន​មែន​បណ្ដាល​មក​ពី​មន្ត្រីពន្ធនាគារ​ខេត្តរតនគិរី ធ្វើ​ទារុណកម្ម​វាយ​ធ្វើបាប​ បង្ខំ​ឲ្យ​សារភាព​រហូត​ដល់​បាត់​បង់ជីវិត​នោះទេ។

អ្នកនាំពាក្យ​ដដែល​បាន​បញ្ជាក់​ថា បណ្ដាញសង្គ​ម​មួយចំនួន​ ដែល​បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ខុស​ពីការ​ពិត​ ដោយ​មិន​បាន ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្ដីថ្លៃថ្នូរ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ព្រមទាំង​ធ្វើ​ឲ្យ​សាធារណជន​មានការ​ភាន់ច្រឡំ​ ដែល​អំពើ​នេះ​ជាបទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែក​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់​ជាធរមាន។

គួរបញ្ជាក់​ផងដែរ​ថា ករណី​មន្ត្រី​បរិស្ថាន​ខេត្ត​ឃាត់​ខ្លួន​ ពីបទ​កាប់រុករាន​ដីព្រៃ ក្នុងដែន​សត្វជម្រក​លំផាត់​ មាន​២នាក់ ទី​១.​ស្ត្រី​ឈ្មោះ បិ​ន ឈាង អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កា​ឡែ​ង ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​(​ស្លាប់​)​ទី​២.​ឈ្មោះ អ៊ំ ធា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្ត​រតនគីរី ​ដែល​ធ្វើ​ការ​ឃាត់​ខ្លួន​ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០​កន្លងទៅនេះ៕
នាគព័ន្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114