អាជីវកម្ម​សិប្បកម្ម​ផលិត​រាន​ទេវតា បាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំនឿ​ពី​ដូនតា

កណ្ដាល​ ៖ សិប្បកម្ម​ផលិត​រាន ឬ​តូប​ទេវតា បាន​ក្លាយ​ទៅជា​អាជីវកម្ម​ទទួល​បាន​ចំណូល​ប្រចាំខែ​គួរសម ដោយសារតែ​ផលិតកម្ម​មួយ​នេះ ទទួល​បាន​ការ​គាំទ្រ​ប្រើប្រាស់​ច្រើន​នា​ពេល​បច្ចុប្បន្ន។

លោក សុង យឹម ដែល​បើក​អាជីវកម្ម​ក្នុងស្រុក​នេះ និង​យល់ដឹង​ច្រើន​ពី​អត្ថប្រយោជន៍​រាន​ទេវតា​នេះ​ថា រាន​ទេវតា ឬ​ហៅថា ព្រះ​ភូមិ មាន​ពីមុនមក​ធា្ល​ប់​ដាក់​នៅតាម​វាលស្រែ ដោយ​កំណត់​ថា​ជា ព្រះ​ភូមិ​តែ​ក្រោយ​មក​វា​ស្រែ​បាន​ក្លាយ​ទៅ​ការសាងសង់​ផ្ទះ​ព្រោងព្រាត​អស់​ទៅ ទើប​ដើម្បី​ដឹងគុណ​ដល់​ព្រះ​ភូមិ​ក៏បាន​សាងសង់​ជា​តូប ឬ​រាន​ទេវតា​នេះ​ឡើងវិញ ទុកជា​ការ​ដឹងគុណ សុំ​នៅ​សេចក្តីសុខ​សប្បាយ​រៀង​រហូតមក។

លោក សុង យឹម បន្តថា បើ​ជាង​ជំនាញ​អាច​ផលិត​តូប ឬ​រាន​ទេវតា​នេះ បាន​ចំនួន​៤ ទៅ ៥ ហើយ​ធំ​ជាង​នេះ អាច​ផលិត​បាន​ចំនួន​២​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។ ដោយឡែក​រាន ឬ​តូប​ទេវតា ដែល​តូច​ជាង​បំផុត​ថ្លៃ​៣៥​ដុល្លារ រាន​ធំ​ថ្លៃ​ចាប់ពី ៥០០​ដុល្លារ ទៅ ៧០០​ដុល្លារ តែ​ចំពោះ​រាន​ទេវតា​ធំ​កម្រ​បាន​លក់​ដាច់​ណាស់ អាស្រ័យ​ទៅនឹង​អតិថិជន​ដែលមាន​លទ្ធភាព​ប៉ុណ្ណោះ។

រាន​តូប​ទេវតា មាន​ជំនឿ​ទៅនឹង​ការសាងសង់​គេហដ្ឋាន​ផ្សេងៗ ដូចជា ​ក្នុង​សម័យអង្គរ ពេលដែល​នាំ​ឲ្យ​ស្ដេច​ខ្មែរ​សាង​អង្គរ គឺ​មកពី​មូលហេតុ​ន​សាសនា​ទាំងអស់។ ក្សត្រ​ខ្មែរ​សាង​ប្រាសាទ​សម្រាប់​តម្កល់​ព្រះ​ផ្ទាល់ខ្លួន​របស់​ព្រះអង្គ។ សាសនា​ខ្មែរ​ជំនាន់​នោះ គឺ​ព្រហ្មញ្ញ​សាសនា។ សាសនា​នេះ​មាន​ព្រះ​ច្រើន​អង្គ គឺ​ព្រះព្រហ្ម ព្រះ​នារាយណ៍ និង​ព្រះ​ឥសូរ។ មនុស្ស​របស់ខ្លួន។ តាម​ធម្មតា​គេ​ច្រើន​រើស ព្រះ​នារាយណ៍ ឬ​ព្រះ​ឥសូរ។ ព្រះមហាក្សត្រ​យសោវរ្ម័នទី១ បាន​ជ្រើស​យក​ព្រះ​ឥសូរ ធ្វើជា​ព្រះ​ផ្ទាល់ខ្លួន​ព្រះអង្គ ឯ​ព្រះមហាក្សត្រ​សុរិយាវរ្ម័ន្តទី២ ទ្រង់​បាន​ជ្រើស​យក​ព្រះ​នារាយណ៍។ ព្រហ្មញ្ញ​សាសនា ជា​សាសនា​មួយ​ដែល​ឥតមាន​វត្ត ឥតមាន​វិហារ ជាទី​សាធារណៈ​ទេ​។ ដែល​គេ​ហៅថា អាស្រម​នោះ គឺជា​ទីលំនៅ​របស់​ព្រាហ្មណ៍ ដែលជា​ព្រះសង្ឃ​របស់​ព្រហ្មញ្ញ​សាសនា​តែប៉ុណ្ណោះ។ ដើម្បី​នឹង​គោរព​ព្រះ ឬ​បូជា​ថ្វាយ​ព្រះ គ្រួសារ​នីមួយៗ​ត្រូវ​សង់ផ្ទះ​អ្វីមួយ ដើម្បី​ធ្វើជា​ទីតាំង​ព្រះ​របស់​ខ្លួន។ កាលសម័យ​អង្គរ​ ផ្ទះ​ណា​ក៏មាន​ទីតាំង​ព្រះ​របស់​គេ​ដែរ។ ដែល​គេ​ហៅថា «​រាន​ទេវតា​» នេះ​ហើយ​ គឺជា​ទីតាំង​ព្រះ​របស់​ប្រជារាស្ត្រ​ខ្មែរ ឬ​ទូទៅ​នៅពេលដែល​ខ្មែរ​កាន់​ព្រហ្មញ្ញ​សាសនា។

ហេតុដែល​គេ​ធ្វើ​រាន​ទេវតា​ជា​រូប​ប្រាសាទ គឺ​មកពី​គេ​ទុក​ថា ព្រះ​ក៏​ជា​ស្តេច​មួយអង្គ​ដែរ។ គេ​ដាក់​រាន​ទេវតា​នៅលើ​សសរ​ឲ្យ​បាន​ខ្ពស់ គឺ គេ​បង្ហាញ​ឲ្យ​ដឹង​ថា ព្រះ​នៅលើ​មេឃ។ ហេតុដែល​គេ​ដាក់​រាន​ទេវតា​នៅ​ក្រៅ​ផ្ទះ គឺ​មកពី​ក្នុង​ព្រហ្មញ្ញ​សាសនា ព្រះឥន្ទ​នៅ​ជាមួយ​មនុស្សលោក​ទេ ព្រះ​នៅ​លើ​មេឃ ។ ក្នុង​ព្រះពុទ្ធសាសនា ហើយ​នឹង​សាសនា ព្រះ​យេស៊ូ គេ​អាច​ដាក់​ព្រះពុទ្ធ ឬ​ព្រះ​តេ​ស៊ូ​ក្នុង​ផ្ទះ​បាន។

ស្ដេច​ខ្មែរ​ ពី​ដើម ​សាង​ប្រាសាទ​សម្រាប់​ព្រះ​របស់​ព្រះអង្គ ដូច​រាស្ត្រ​ដែរ។ ការដែល​ខុស​ពី​រាស្ត្រ គឺថា​ប្រាសាទ​ស្ដេច ជា​ប្រាសាទ​មែនទែន ដែល​ធំ ​និង​ល្អ​យ៉ាង​អស្ចារ្យ ដូច​ប្រាសាទ​វិស្នុលោកៈ និង​ប្រាសាទ​សី​វៈ​លោកៈ​ជាដើម។

ប្រាសាទ​នីមួយៗ ជា​ប្រាសាទ​ផ្ទាល់ខ្លួន​របស់​អ្នក​សាង​។ ដោយហេតុ​នេះ​ហើយ ​បានជា​កាលណា​អ្នក​ម្ចាស់​ប្រាសាទ​នោះ​ស្លាប់​ទៅ​គេបោះបង់​ចោល​ប្រាសាទ​របស់​អ្នកនោះ​តែម្តង៕


អត្ថបទ ៖ កញ្ញា​វ៉ាត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114