BREAKING NEWS
Search

អាជ្ញាកណ្ដាល​ក្នុងស្រុក​ជាង​៤០​នាក់ ​កំពុង​សិក្សា​វគ្គ​អាជ្ញាកណ្ដាល​បាល់ទាត់​ក្នុង​សាល​ ​

យ៉ាងហោចណាស់​មាន​មន្ត្រី​អាជ្ញាកណ្ដាល​ក្នុងស្រុក​ចំនួន​៤០​នាក់ កំពុងតែ​សិក្សា​វគ្គ​អាជ្ញាកណ្ដាល​សម្រាប់​កីឡាបាល់ទាត់​ក្នុង​សាល (​ហ្វូ​ត​សាល​) ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី និង​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​។

​វគ្គ​សិក្សា​នេះ​រៀបចំឡើង​នៅ​វិមាណ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ស្វែងរក​អាជ្ញាកណ្ដាល​ល្អៗ ដើម្បី​ដឹកនាំ​ការប្រកួត​ពានរង្វាន់​ហ្វូ​ត​សាល​ជម្រើស​ជើងឯក​ជាតិ​ឆ្នាំ​២០១៧ នៅ​ចុងខែ​មេសា នេះ​។ នេះ​ជាវ​គ្គ​សិក្សា​សម្រាប់​អាជ្ញាកណ្ដាល​មួយ​ក្នុងចំណោម​វគ្គ​សិក្សា​ដទៃទៀត​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គ្រោង​រៀបចំ​នៅ​ឆ្នាំនេះ​ដូចជា វគ្គ​គ្រូបង្ហាត់​បាល់ទាត់​ក្នុង​សាល វគ្គ​គ្រូបង្ហាត់​កាយសម្បទា វគ្គ​គ្រូបង្ហាត់​អ្នកចាំទី និង​វគ្គ​គ្រូបង្ហាត់​កម្រិត​ខ្ពស់ ជាដើម​។

បើ​យោងតាម​ប្រភព​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានឲ្យដឹងថា​ ការប្រកួត​ពានរង្វាន់​ហ្វូ​ត​សាល​ជម្រើស​ជើងឯក​ជាតិ នេះ​នឹង​រៀបចំ នៅ​ចុងខែ​មេសា នេះ​តទៅ ពោលគឺ​ក្រោយ​បញ្ចប់​វគ្គ​សិក្សា​គ្រូបង្វឹក និង​អាជ្ញាកណ្ដាល​បាល់ទាត់​ក្នុង​សាល​នេះ​។​

​ចំពោះ​ពានរង្វាន់​ហ្វូ​ត​សាល​ជម្រើស​ជើងឯក​ជាតិ​វិញ តាម​គោលការណ៍​កីឡាករ​ដែល​អាច​ចុះឈ្មោះ​ចូលរួម​ប្រកួត​បាន​ត្រូវតែមាន​សញ្ជាតិ​ខ្មែរ ហើយ​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើងទៅ (​កីឡាករ​ក្រោម​អាយុ​១៨​ឆ្នាំ​ត្រូវមាន​អត្តសញ្ញាណ​ប័​ណ្ឌ​ប្រជាជន ឬ​មាន​លិខិត​អនុញ្ញាត​ពី​អាណាព្យាបាល​)​។ ក្រុម​នីមួយៗ​អាច​ចុះឈ្មោះ​កីឡាករ​ជា​៣​ដំណាក់កាល​ដោយ​ដំបូង​ត្រូវមាន​កីឡាករ​ចំនួន​២០​នាក់ ហើយ​ក្នុងនោះ​មាន​អ្នកចាំទី​២​នាក់​។ ដំណាក់កាល​ទី​២ គឺ​ចុះបញ្ជី​១២​នាក់​ចុងក្រោយ (​ពី​ចំនួន​២០​នាក់​ដំបូង​) ហើយ​មាន​អ្នកចាំទី​យ៉ាងតិច​២​នាក់ និង​ដំណាក់កាល​ទី​៣ ក្នុង​ថ្ងៃ​ប្រកួត​ចុះឈ្មោះ​កីឡាករ​៥​នាក់ និង​កីឡាករ​បម្រុង​៧​នាក់​។ កីឡាករ​ដែល​មិនអាច​ចុះឈ្មោះ​ចូល​លេង​បាន​គឺជា​សមាជិក​ក្នុង​ក្លិប​ដែល​ចូល​លេង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំ​២០១៧ ជា​សមាជិក​ក្នុង​ក្លិប​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2017) និង​ក្លិប​ជា​សមាជិក​លី​គ​លំដាប់​ទី​២ ប្រចាំឆ្នាំ​២០១៧​។​

​សម្រាប់​ក្លិប​ពាក់ព័ន្ធ​ដែលមាន​ចម្ងល់​បន្ថែម​ពី​ការចូលរួម​ប្រកួត​អាចទាក់ទង​ទៅកាន់​លេខ​ទូរស័ព្ទ​០១១-០១៦ ៨២០ ៨៨២ ឬ​តាម​លេខ​០១៦ ៧០៨ ០៩៥ ឬ​តាម​អ៊ី​ម៉ែ​ល maiyout2@gmail.com, ron.pitou@gmail.com ឬ chheangyean@the-ffc.com​។​

​សូម​រំលឹក​ផងដែរ​ថា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ខាន​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ក្នុង​សាល​នេះ​តាំងពី​ឆ្នាំ​២០១១ មកម្ល៉េះ ខណៈ​ប្រកួត​លើកចុងក្រោយ​នៅ​ឆ្នាំ​នោះ​ជើងឯក​បាន​ទៅ​ក្រុម​ខ្មែរ​ស៊ុប​ព័រ​រ៉េត ទទួលបាន​ប្រាក់រង្វាន់​៦​លាន​រៀល អមដោយ​មេដាយមាស ក្រុម​ចំណាត់ថ្នាក់​លេខ​ពីរ​ព្រះខ័ន​រាជ ទទួលបាន​ប្រាក់រង្វាន់​៤​លាន​រៀល អមដោយ​មេដាយប្រាក់ ឃ្យូ​ប​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​បី ឈ្នះ​ទឹកប្រាក់​ចំនួន​២​លាន​រៀល អមដោយ​មេដាយ​សំរឹទ្ធ​។ ព្រះខ័ន​រាជ​បានទទួល​ទឹកប្រាក់​៤០​ម៉ឺន​រៀល​បន្ថែមទៀត​ក្នុងនាម ជា​ក្រុម Fair Play​។ អ៊ឹង ស្លូត ទទួលបាន​ស្បែកជើង​មាស និង​ទឹកប្រាក់​ចំនួន​៣០​ម៉ឺន​រៀល​តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​បាន ច្រើនជាងគេ (៧២​គ្រាប់​)៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684