អាជ្ញាធរខេត្តសៀមរាបបន្តការយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាបនៅតែបន្តការយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលបានរស់នៅក្នុងខេត្តនឹងស្នាក់នៅសម្រាប់ដំណើរកំសាន្តនានា ក្រោយពីមានការផ្សាយព័ត៌មានអំពីការរីករាលដាលនៃជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCov) នៅទីក្រុងហាន (Wulin) ខេត្តប៉ីនៃសាធារណរដ្ឋប្រជាមានិតចិន និងតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ជាពិសេសពេលមានការផ្សព្វផ្សាយអំពីវិធានការបង្ការជំងឺរលាកសួតដោយវីរុសកូរ៉ូណាលថ្មី (2019-n Cov) ជាហេតុតម្រូវឱ្យពាក់ម៉ាស់ដើម្បីការពារការឆ្លងមេរោគប្រភេទថ្មីនេះ។ នារាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប លោក ភឿន គឹម លី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និង លោក លីវ សុខុន ប្រធានមន្ទីរពត៌មានខេត្ត បានចុះពិនិត្យស្ថានភាពទូទៅចំពោះបងប្អូនប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មលក់ដូរ និង ពាណិជ្ជករ ក៏ដូចជាភ្ញៀវជាតិអន្តរជាតិបានមកកំសាន្តនៅក្នុងតំបន់ផាប់ស្រ្ទីត ផ្សារចាស់ និងផ្សាររាត្រី នៃក្រុងសៀមរាបនេះ។

បច្ចុប្បន្ន រដ្ឋបាលខេត្តសៀមរាបបានសង្កេតឃើញថា៖ មានអាជីវករលក់ដូរ ឱសថការី និងជនឆ្លៀតឱកាសមួយចំនួនបានដំឡើងថ្លៃម៉ាស់ហួសហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងការប្រកបអាជីវកម្ម និងការប្រកបវិជ្ជាជីវៈឱសថស្ថាន ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងក្រមសីលធម៌ឱសថការី ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ម្ចាស់ឱសថស្ថាន ម្ចាស់ក្រុមហ៊ុនអាហរ័ណ នីហរ័ណឱសថ អ្នកទទួលខុសត្រូវឱសថស្ថាន អ្នកទទួលខុសត្រូវក្រុមហ៊ុនអាហរ័ណ នីហរ័ណឱសថ និងអាជីវករទាំងអស់ សូមកុំដំឡើងថ្លៃម៉ាស់ ក៏ដូចជាការចូលរួមចំណែកការងារមនុស្សធម៌ និងកាត់បន្ថយការឆ្លងជំងឺរលាកសួតដោយវីរុសរ៉ូណាថ្មី (2019-1 Cov) ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ឱសថស្ថាន ម្ចាស់ក្រុមហ៊ុនអាហ័រណនីហរ័ណឱសថ អ្នកទទួលខុសត្រូវឱសថស្ថាន អ្នកទទួលខុសត្រូវ
ក្រុមហ៊ុនអាហរ័ណ នីហរ័ណឱសថ និងអាជីវករទាំងអស់ នឹងចូលរួមសហការ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះ មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ក៏បានចុះត្រួតពិនិត្យ  និងស្រង់តម្លៃលក់ ម៉ាស  ដែលមានលក់នៅតាមឱសថស្ថាន ជាច្រើនទីតាំងក្នុង ក្រុងសៀមរាបខេត្តសៀមរាប  ជាលទ្ធផលបានពិនិត្យឃើញថា៖តម្លៃម៉ាសក្នុង១ប្រអប់(៥០ម៉ាស)មានម៉ាក Kenko តម្លៃ  ១០០០០រៀល/Mew តម្លៃ ពី  ១០០០០រៀលដល់ ២០០០០រៀល/Dengrong តម្លៃ  ៨០០០រៀល ដល់ ១២០០០រៀល/Shunyi តម្លៃ ៦,៥០០រៀល ដល់១២០០០រៀល/Comfort តម្លៃ ២០,០០០រៀល /Changia តម្លៃ ៨,០០០រៀល/Surgical តម្លៃ ២៤០០០រៀល/Sy Riy តម្លៃ ២០,០០០រៀល /ម៉ាសជប៉ុន តម្លៃ ២៦,០០០រៀល ដោយឡែក ម៉ាស់ប្រភេទ (3M N95 USA) តម្លៃ ២០០០០រៀល ដល់ ៣២០០០រៀលក្នុង១ ម៉ាស(១ប្រអប់ស្មើ២០ម៉ាស) ។

អាជ្ញាធរខេត្តខាងលើ  ក៏បានណែនាំអោយបងប្អូនអាជីវករអ្នកលក់ដូរ បិទស្តែមបញ្ជាក់តម្លៃអោយបានច្បាស់លាស់ដើម្បីការពារនៅការក្លែងបន្លំឬក៏ដាក់លក់ក្នុងតម្លៃតាមតែនឹកឃើញនោះ នៅខណ:ពេលដែលរដ្ឋបាលខេត្តសៀមរាប ក៏បានចេញសេចក្តីជូនដំណឹងមួយរួចទៅហើយ ដោយអំពាវនាវ ដល់បងប្អូន អាជីវករ  កុំអោយមានតម្លើងថ្លៃម៉ាស់ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺរលាកសួតកូរ៉ូណា ដែលកំពុងបង្ករការភ័យខ្លាចដល់មហាជនទូទៅផងដែរ៕

អត្ថបទ៖ គឿនវេត