BREAKING NEWS
Search

អាជ្ញាធរផ្អាកសកម្មភាពក្រុមហ៊ុនរិទ្ធមុនី ដែលចាប់ម៉ូយ​អនាធិបតេយ្យ

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌទូលគោក នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ បានចុះផ្អាកសកម្មភាពក្រុមហ៊ុនដឹកអ្នកដំណើររិទ្ធមុនី ដែលបង្កភាពអនាធិបតេយ្យចាប់ម៉ូយរញ៉េរញ៉ៃបណ្តាលឲ្យមានការកកស្ទះ លើកំណាត់មហាវិថីម៉ៅសេទុង ក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ខណ្ឌទូលគោក រាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានបញ្ជាក់ឲ្យដឹងថា ទីតាំងក្រុមហ៊ុនរិទ្ធមុន្នីដែលបើកអាជីវកម្មក្នុងការដឹកអ្នកដំណើររាល់ថ្ងៃនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាប់ធ្នាប់សាធារណៈនិងធ្វើឱ្យមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ជាហេតុធ្វើឲ្យមានការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរយ៉ាងខ្លាំងផងដែរ។

មន្ត្រីដដែលបញ្ជាក់ថា លិខិតបញ្ជាក់សហគ្រាសនេះ ដែលបានចេញដោយអគ្គនាយកដ្ឋានពន្ធដារបានហួសសុពលភាព រដ្ឋបាលខណ្ឌទួលគោកបានជូនដំណឹងដល់ម្ចាស់ទីតាំងឲ្យប្ដូរទីតាំងចំណតរថយន្តក្រុងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ។ ប៉ុន្តែក្រុមហ៊ុនមិនអនុវត្តតាមសេចក្តីជូនដំណឹងនោះទេ ដូច្នេះហើយទើបក្រុមការងារសម្រេចផ្អាកអាជីវកម្មក្រុមហ៊ុនដឹកជញ្ជូនរិទ្ធមុនីនេះ ចាប់ពីពេលនេះតទៅ។

ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការណែនាំនេះរដ្ឋបាលខណ្ឌនិងចាត់វិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវដល់ការប៉ះពាល់ផលប្រយោជន៍របស់ក្រុមហ៊ុនឡើយ៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114