អាជ្ញាធរ​ក្រុង​ខេត្ត​ព្រះសីហនុ​ អាច​មាន​ផល​លំបាក​ច្រើន​ក្នុង​ការ​ចុះ​អនុវត្ត​រុះរើ​តូប​លក់ដូរ តំបន់​អូរ​ត្រេះ​

ព្រះសីហនុ ​៖ ​គិត​មកដល់ពេលនេះ ​យុទ្ធនាការ ​នៃ​ការ​រុះរើ​តូប​លក់ដូរ​អនាធិបតេយ្យ នៅតាម​តំបន់​ឆ្នេរសមុទ្រ ចុង​អូ​ឈើទាល​ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ រយៈពេល​ជិត​មួយ​សប្ដាហ៍​ហើយ គឺ តូប​លក់ដូរ​អាធិបតេយ្យ ចំនួន​ប្រមាណ​១៥០​តូប ​ត្រូវបាន​រុះរើ​អស់ទាំង​ស្រុង​យ៉ាង​រលូន ​ដោយ​គ្មាន​អ្នក​តវ៉ា​អ្វី​នោះទេ​។

​ដោយឡែក សម្រាប់​តូប​លក់ដូរ​ជាច្រើន​ទៀត​នៅ​តំបន់ឆ្នេរ​អូរត្រេះ​ដែល​ជា​គោលដៅ​បន្ត​ក្នុង​ការរុះរើ​នោះ អាជ្ញាធរ​ក្រុង​អាជ្ញាធរ​ខេត្ត​ហាក់​នៅ​ទ្រឹង ស្រប​ពេល​ដែល​បងប្អូន​អាជីវករ​ជាច្រើន​នាក់​នៅ​តំបន់​ឆ្នេរ​អូរត្រេះ​នោះបាន​ប្រមូល​ផ្តុំគ្នា​ត្រៀម​ខ្លួន​ជាស្រេច ក្នុង​តវ៉ា​ប្រឆាំង​ដាច់ខាត​មិន​ឲ្យ​កម្លាំង​ចម្រុះ​របស់​រដ្ឋបាល​ក្រុង រដ្ឋបាលខេត្ត ព្រះសីហនុ ​ចុះ​ធ្វើការ​រុះរើ​តូប​ពួកគេ។​ ដោយ​សកម្មភាព​ត្រៀម​ធ្វើការ​តវ៉ា​នោះគេ​សង្កេតឃើញថា បងប្អូន​ក្រុម​អាជីវករ បាននាំគ្នា​យក​កង់ឡាន​ចាស់ៗ​ជាច្រើន​គរ​ដាក់​បិទផ្លូវ​ចេញចូល​តំបន់ឆ្នេរ​ ក្នុង​គោលបំណង​ដុត​ធ្វើ​ការតវ៉ា​ពេល​មាន​សមត្ថកិច្ច​ចុះ​រុះរើ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ក្រុម​អាជីវករ​លក់ដូរ​តំបន់​អូរត្រេះ​បាន​និយាយ​ដូចៗ​គ្នា​ប្រាប់​ឲ្យ​ដឹងថា ​រវាង ពួកគាត់​ជា​អាជីវករ​លក់ដូរ​តំបន់ឆ្នេរ​អូរត្រេះ​ និង​អាជីវករ​តំបន់ឆ្នេរ​អូរ​ឈើទាល​ គឺ​ខុសគ្នា ដោយ បង​ប្អូន​អាជីវករ តំបន់អូរឈើទាលភាគច្រើនទើប​មក​តាំងទី​កន្លែង​លក់ដូរថ្មីៗ​តែប៉ុណ្ណោះ ​ហើយ​តំបន់​អូរ​ឈើទាល ក៏​ជា​តំបន់ដែលរដ្ឋបាលក្រុងខេត្តព្រះសីហន​ធ្វើការ​ហាមឃាត់ និង​ចុះ​រុះរើ​ជា​ច្រើន​លើក​ច្រើនសា​មក​ហើយ។ ប៉ុន្តែ សម្រាប់​អាជីវករ​លក់ដូរ​តំបន់ឆ្នេរ​អូរត្រេះ​វិញ​មិន​ដូចគ្នា​ទេ គឺ​ពួកគាត់​បាន​មក​តាំង និង​ធ្វើ​តូប​លក់ដូរ ជិត​២០​ឆ្នាំ​មក ហើយ ព្រមទាំង​បាន​ធ្វើការ​ពង់​ពន្ធដារ​ជូន​រដ្ឋ​ជាប្រចាំ មិន​ដែល​ខកខាន​នោះ​ឡើយ​។ អ្វីដែល កត់​សម្គាល់ តូប​លក់ដូរ​មិនមែន​សាងសង់​បែប​អនាធិបតេយ្យ​ទេ គឺ​សាងសង់​តាម​ស្តង់ដារ មិន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន ឆ្នេរ សមុទ្រ អ្វី​នោះឡើយ ដូចនេះ​បើ​អាជ្ញាធរ​ក្រុង ខេត្ត ព្រះសីហនុ​ ធ្វើការ​រុះរើ ​និង​បណ្ដេញ​ពួកគាត់​ចាកចេញ​ពី​តំបន់ឆ្នេរ​នេះ ពួកគាត់​មិន​ព្រម​ដាច់ខាត ពី​ព្រោះថា ពួកគាត់​មិន​មាន​របរ​អ្វី​ផ្សេង​រកស៊ី​ចិញ្ចឹមជីវិត​កូនចៅ​បាន​ទៅ​រៀន ទៅ​សូត្រ​ក្រៅពី​កន្លែង​នេះទេ​។​
​ ​
ដោយឡែក​សម្រាប់​ជន​ជាតិចិន​ជាច្រើន​នាក់ ដែល​មាន​មុខរបរ​ល​ក់​ដូរ​នៅក្នុង​តំបន់ឆ្នេរ​អូរត្រេះ​នេះ​ផងដែរ ពួកគេ​បាន​និយាយ ដោយ​ក្តី​អស់​សង្ឃឹមថា ​បើសិនជា​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ធ្វើការ​រុះរើ​តូប​ពួកគាត់​មែន​នោះ ពួកគាត់​គ្មាន​សល់​អ្វី​ទេ ពី​ព្រោះ​កន្លែង​ដែល​ពួកគេ​កំពុង​សាងសង់​តូប​ថ្មី ធ្វើការ​រកស៊ី​លក់ដូរ​នេះ គឺជា​កន្លែង​ជួល គេ​អស់​លុយ​ម្នាក់ៗ មិនតិចជាង​១០​ម៉ឺន​ដុល្លារ​នោះឡើយ​។​

ជាមួយគ្នានេះ បងប្អូន​ជនជាតិ​ចិន ក៏បាន បន្តទៀត​ថា​ ពួកគាត់​គ្មាន​បំណង​ធ្វើ​អ្វី​ផ្ទុយ​ពី​ផ្លូវច្បាប់ ប្រទេស​កម្ពុជា​នោះ​ទេ ដោយ​មុន​ពេល​ពួកគាត់​សម្រេច​ជួល​ដី​តំបន់​ឆ្នេរ​នេះ ពួកគាត់​ក៏​ធ្លាប់ បាន​ធ្វើការ​សួរនាំ​មន្ត្រី​អាជ្ញាធរ​ដែនដី​មួយចំនួន​ផងដែរ​ ពាក់ព័ន្ធ​ការជួល​ដី​ឆ្នេរ​នេះ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ទាំង​នោះ ម្នាក់ៗ​និយាយថា មិន​អី​ទេ និង​មាន​ខ្លះ ធានា​រត់ការ​ធ្វើ​សំណង់ ធំៗ ថែម​ទៀត​ផង ទើប ពួក​គាត់​សម្រេច​ជួល។​ តែ​ឥឡូវ​អ្វីៗ​ចប់​ហើយ បើ​ថ្នាក់ដឹកនាំ អាជ្ញាធរ​ខេត្ត ចុះ​រុះរើ​មែន​នោះ គឺ​ពួកគាត់ គ្មាន​លទ្ធភាព​ធ្វើការ​តវ៉ា​នោះឡើយ។​
​ ​
ជាមួយនឹង​បញ្ហា​ខាងលើនេះ លោក អី សុខ​ឡេង អភិបាល នៃ​គណៈ​អភិបាល ក្រុងព្រះសីហនុ បាន មាន​ប្រសាសន៍​ថា តូប​លក់ដូរ តំបន់​អូរត្រេះ​នេះ គឺ​ត្រូវតែ​ធ្វើការ​រុះរើ មិន​មាន​ការ​កែប្រែ​ទេ ក្នុង​គោល​ដៅ ប្រមូលយក​ដី​ឆ្នេរ​សមុទ្រ​ទាំងអស់​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ដោយ​រដ្ឋបាល​ខេត្ត នឹង​មាន​គម្រោង​ធ្វើ​ផ្លូវ និង​សួន​ច្បារ រួម​នឹង​កែលំអ​សោភណភាព​ឆ្នេរ​តាម​បណ្តោយ​ឆ្នេរ​ឡើងវិញ ដើម្បី​ទុក​បម្រើ​ជា​សាធារណៈ ដល់​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​។ ដូចនេះ​ សូម​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​អាជីវករ លក់​ដូរ មេត្តា​យោគយល់​ផង៕


អត្ថបទ ៖ ​កោះពស់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114