អាជ្ញាធរ​ក្រុង​សិរីសោភ័ណ ​ចាត់វិធានការ​លើ​រថយន្ត​ដឹក​ដី​ និង​ត្រួតពិនិត្យ​ទឹកនោម​លើ​អ្នកបើកបរ​

​បន្ទាយមានជ័យ ​៖ ដើម្បី​បញ្ចៀស​លើ​បញ្ហា​នានា​ដែល​បង្កឡើង​ដោយ​រថយន្ត​ដឹក​ដី ​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​ ​ដឹកនាំ​ដោយ​ លោក ហ៊ឹ​ល រ៉ា​យ៉ា​ ​អភិបាល​ក្រុង​សិរីសោភ័ណ​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ និង​កម្លាំង​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ ​ធ្វើការ​ត្រួតពិនិត្យ​លើ​រថយន្ត​ដឹក​ដី​ និង​ត្រួតពិនិត្យ​ទឹកនោម​ដូច​រក​សារធាតុ​ញៀន​លើ​អ្នកបើកបរ។​

ប្រតិបត្តិការ​រឹតបន្តឹង​លើ​រថយន្ត​ដឹក​ដី​ខាងលើនេះ​ធ្វើឡើង ​កាលពី​ព្រឹក​ថ្ងៃទី 21 ខែមករា ​ឆ្នាំ 2020 នៅ​ត្រង់​ចំណុច​មុខ​សាលាក្រុង​សិរីសោភ័ណ ​ខេត្ត​បន្ទាយមានជ័យ​។​

លោក ហ៊ឹ​ល រ៉ា​យ៉ា បាន​ឲ្យ​ដឹងថា ​ដោយ​មើលឃើញ​ពី​ផល​ប៉ះពាល់​ជាច្រើន​ពី​រថយន្ត​ដឹក​ដី​ដូចជា​បើកបរ​លឿន ស៊ីផ្លេ​ខ្លាំង ជ្រុះ​ដី​តាមផ្លូវ​ នាំឲ្យ​គ្រោះថ្នាក់​នានា​ដល់​អ្នកធ្វើដំណើ​រ​ទៅតាម​ផ្លូវ លោក​ក៏​បាន​សម្រេច​បង្កើត​ក្រុមការងារ​ដែល​រួមមាន ​នគរបាល​ក្រុង​ និង​អាវុធហត្ថ​ក្រុង​ ធ្វើការ​ត្រួតពិនិត្យ​លើ​រថយន្ត​ដឹក​ដី​។​ ជា​លទ្ធផល​ក្នុង​ការចុះ​ត្រួតពិនិត្យ​លើ​រថយន្ត​ខាងលើ​ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ដឹក​ដី​ចំនួន 20 គ្រឿង ​ក្នុងនោះ​មួយគ្រឿង​រកឃើញថា ​មិនបាន​គ្រប និង​បំពាក់​ស៊ី​ផ្លេ​ឮ​ខ្លាំង​បន្ថែមចំនួន​ពីរ ព្រមទាំង​បានធ្វើ​ការពិនិត្យ​ទឹកនោម​អ្នកបើកបរ​ជាច្រើន​នាក់​រកឃើញ​ម្នាក់​ជា​អ្នកបើកបរ​មាន​ជាប់​សា​រ​ធាតុ​ញៀន​។​

ចំពោះ​រថយន្ត​ដែល​ខុស​ខាងលើ​បានឲ្យ​ដោះ​ស៊ី​ផ្លេ​ និង​យក​សំពត់​កៅស៊ូ​មក​គ្រប​។​ ចំ​ណែក​អ្នកបើក​បរ​មាន​សារធាតុ​ញៀន​បានធ្វើ​ការអប់រំ ​និង​កិច្ចសន្យា​ឲ្យ​ទៅ​វិញ​។​

លោក​អភិបាលក្រុង​បានឲ្យ​ដឹង​ទៀតថា ​ចំពោះ​ការ​ត្រួតពិនិត្យ​លើ​រថយន្ត​ដឹក​ដី​នេះ ​នឹង​ធ្វើជា​បន្ត​បន្ទាប់​ មិនឲ្យ​រថយន្ត​ដឹក​ដី​បង្ក​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​ឡើយ​៕

  
អត្ថបទ ៖ អ​ពៅ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114