BREAKING NEWS
Search

អាជ្ញាធរ​ខណ្ឌដូនពេញ​ បន្ត​ចែក​ប័ណ្ណ​សមធម៌​និង​គ្រឿង​ឧបភោគ​បរិភោគ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៤៣​គ្រួសារ ក្នុង​សង្កាត់​ផ្សារ​ថ្មី​២

ភ្នំពេញ​ ៖​ ប័ណ្ណ​សមធម៌ និង​គ្រឿង​ឧបភោគបរិភោគ រួម​ទាំង​ថវិកា ២០,០០០​រៀល​ក្នុង ០១​គ្រួសារ ជា​អំណោយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៤៣​គ្រួសារ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២​ខណ្ឌដូនពេញ​នា​ល្ងាច​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលាសង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​។

ពិធី​ប្រគល់​ប័ណ្ណ​សមធម៌ គ្រឿង​ឧបភោគ​បរិភោគ រួមទាំង​ថវិកា ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន ៤៣​គ្រួសារ ជា​អំណោយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្រោម​អធិបតីភាព លោក​សួន រិនឌី អនុប្រធាន​ទី​១ ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខណ្ឌដូនពេញ លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​លោក ម៉ី ចិ​ត្រា ប្រធាន​ក្រុមការងារ​ចុះជួយ មូលដ្ឋាន​សង្កាត់​ផ្សារ​ថ្មី​ទី​២។

ស្រប​នឹង​កិច្ច​សួរសុខទុក្ខ និង​សំណេះសំណាល​នេះ​ដែរ ក៏បាន​នាំយក​អំណោយ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មួយ​គ្រួសារៗ ទទួលបាន អង្ករ​ចំនួន ២៥​គីឡូក្រាម​, មី​ជាតិ​ចំនួន​០១​កេស​, សាប៊ូ​លាងដៃ​ចំនួន ០៤​ដុំ​តូច​, ទឹកត្រី ០១​យួរ និង ថ្នាំ​ដុះធ្មេញ​ចំនួន ០១​ឡូ សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ គណៈអធិបតី ក៏បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បាន​ផ្សព្វផ្សាយ​ក្រើនរំលឹក​បន្ថែម​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​៕
រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114