BREAKING NEWS
Search

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​និង​មានការ​ចូលរួម​ពី​ព្រះសង្ឃ សិស្សានុសិស្ស​ ធ្វើ​អនាម័យ​ក្នុង​មូលដ្ឋាន​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៨​ធ្នូ​នេះ​ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​បាន​ចុះ​ធ្វើ​អនាម័យ​ក្នុង​មូលដ្ឋាន​ទាំង​៨​សង្កាត់ ​ហើយ​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​ព្រះសង្ឃ​ និង​សិស្សានុសិស្ស​ជាច្រើន​ទៀតផង​។​

យោងតាម​ប្រសាសន៍ លោក​ ចេង មុនី​រ៉ា អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​កម្ពុ​ជា​ថ្មី​ដឹងថា​ នៅ​ថ្ងៃទី​៨​ធ្នូ​នេះ ​លោក​បានរៀបចំ​កម្លាំង​គ្រប់​ការិយាល័យ​ចំណុះ​ និង​តាម​បណ្ដា​សង្កាត់​ទាំង​៨​ ចុះ​ធ្វើ​អនាម័យ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ ធ្វើយ៉ាងណា​ឲ្យ​អស់​សំរាម​ ហើយ​ក៏មាន​ការ​លាង​សំអាត​ធូលី​ដី​តាម​ដងផ្លូវ ​ពិសេស ​គឺ​ផ្លូវជាតិ​លេខ​១​ ចាប់ពី​គល់ស្ពាន​ព្រះមុនីវង្ស​ថ្មី ចាស់ ​រហូតដល់​ព្រំ​ប្រទល់​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល​។​ អ្វី​គួរ​ឲ្យ​កោតសរសើរ​នោះ​ គឺមាន​ការចូលរួម​ពី​ព្រះសង្ឃ​និង​សិស្សានុសិស្ស​ មកពី​តាម​សាលា​ និង​ព្រះសង្ឃ ​និមន្ត​មកពី​ទី​អារាម​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​មក​ចូលរួម​ធ្វើ​អនាម័យ​ផងដែរ​។​

លោក​អភិបាលខណ្ឌ​បានបញ្ជាក់​ទៀតថា ​នៅតាម​បណ្តា​អង្គភាព​នគរបាល ​និង​អង្គភាព​កងរាជ​អាវុធហត្ថ ​ក៏បាន​សំអាត​អនាម័យ​ធ្វើយ៉ាងណា​ គឺ​មិន​ឲ្យ​មាន​សំរាម​នៅ​ពាសពេញ​តាម​ដង​ផ្លូវ​ និង​ផ្ទះសម្បែង​។​ ហើយ​កម្មវិធី​ធ្វើ​អនាម័យ​នេះ ​គឺ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ បានរៀបចំ​ឡើង​នៅ​រៀងរាល់​ខែ​ក្នុង​ថ្ងៃ​សម្រាក​ការងារ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114