BREAKING NEWS
Search

អាជ្ញាធរ​ខណ្ឌ ដូនពេញ​បន្ត ផ្សព្វផ្សាយ​វិធានការ​ ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩​នៅ​សង្កាត់​ផ្សារកណ្តាល​២

ភ្នំពេញ​ ៖​ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ដូនពេញ និង ភរិយា បាន​បន្ត ចុះសាកសួរ​សុខទុក្ខ សំណេះសំណាល និង ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ នៅ​តាម​សហគមន៍​ក្រីក្រ ដោយ​ផ្តោត​សំខាន់​លើ​ប្រជាពលរដ្ឋ​ទី​ទាល់​ក្រ​បំផុត ដើម្បី​ឧបត្ថម្ភ​ជា​ស្បៀងអាហារ​ជូន​ពួកគាត់​ខ្លះ​ផង​ដែរ​។​

ពិធី​នោះ​ធ្វើឡើង​ថ្ងៃអាទិត្យ ទី​១២ ខែ​មេសា ឆ្នាំ​២០២០ វេលា​មោង​១៧​និង​០០​នាទី ដែល​លោក សុខ ពេញ​វុ​ធ​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង ជា​ប្រធាន ស​.​ស​.​យ​.​ក ខណ្ឌ​ដូន​ពេញ បាន​អញ្ជើញ​ដឹកនាំ​យុវជន​ខណ្ឌ ដោយ​សហការ​ជាមួយ មន្ទីរ​ពេទ្យ​បង្អែក​ចតុ​មុខ ចុះ​សាកសួរ​សុខទុក្ខ​សំណេះសំណាល និង​ផ្សព្វផ្សាយ​អំពី​វិធាន​ការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដល់​បងប្អូន ប្រជាពលរដ្ឋ នៅ​សហគមន៍​ក្រីក្រ ក្នុង​សង្កាត់ ផ្សារកណ្តាល​ទី​២​ខណ្ឌ​ដូនពេញ។​

ក្នុង​ពិធី​សួរសុខទុក្ខ និង សំណេះសំណាល​នេះ លោក​អភិបាល បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន អំពី​ការ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ​ ដើម្បី​បង្ការ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​ដ៏​កាច​សាហាវ កូវីដ-១៩ ក្នុង​នោះ លោក​ប្រធាន ក៏បាន​ណែនាំឲ្យ​បងប្អូន​ប្រើប្រាស់​ក្រមា ឬ​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ និង​លាងដៃ​ជាមួយ​សាប៊ូ ឬ អាកុល​ឲ្យ​បាន​ញឹកញាប់។ ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ មាន​អាការៈ​ក្តៅ​ខ្លួន ក្អក​ឈឺ​ បំពង់ក ពិបាក​ដកដង្ហើម ឬ​ប្រសិនបើ​មាន​បងប្អូន​ត្រឡប់ មកពី​ក្រៅ​ប្រទេស និង មាន​ករណី​ករណី​សង្ស័យ​ណាមួយ​ ​ត្រូវ​រាយការណ៍​ជា​បន្ទាប់ មក​អាជ្ញាធរ​ខណ្ឌ សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ១១៥​ជាបន្ទាន់ ឬ​ទំនាក់ទំនង​មក​លោក អភិបាល​នៃ​គណ​:​អភិបាលខណ្ឌ​ដូនពេញ ដូច​មាន​លេខ​ទូរស័ព្ទ​ចំនួន​០២​ខ្សែ​គឺ ០១២ ២៥៦ ៨៦៨ និង ០៩៧ ៧២៥ ៦ ៧៨៩ ឬ​ទូរស័ព្ទ​មក​លេខ: ០១២ ៩១៣ ៦៣១ ; ០១៧ ៨៨៤ ៨៨៨​។

ស្រប​នឹង​កិច្ច​សួរសុខទុក្ខ និង​សំណេះសំណាល លោក អភិបាល ក៏បាន​ចែក​ជូន​នូវ​អង្ករ​ចំនួន​១០​គីឡូ​/​គ្រួសារ និង មី​យើង ០១​កេស ព្រមទាំង​សាប៊ូ​លាងដៃ ០៤​ដុំ​តូច​៕
អត្ថបទ៖ ​រស្មី​