អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​ ពន្យល់​ដល់​ពលរដ្ឋ​ពី​សុវត្ថិភាព​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ ម្ចាស់​អគារ​ទ្រុឌ​ទ្រោម​១៣​ល្វែង ​​ខណៈដំណោះ​ស្រាយ​មាន​ច្រើន​ជម្រើស​
BREAKING NEWS
Search

អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​ ពន្យល់​ដល់​ពលរដ្ឋ​ពី​សុវត្ថិភាព​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ ម្ចាស់​អគារ​ទ្រុឌ​ទ្រោម​១៣​ល្វែង ​​ខណៈដំណោះ​ស្រាយ​មាន​ច្រើន​ជម្រើស​

កំពង់ឆ្នាំង ​៖ លោក សាន់ យូ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ចម្រុះ​របស់​ខេត្ត នូវ​កិច្ច​ប្រជុំ​ក្នុង​សាលា​ខេត្ត កាលពី​រសៀល​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២០ ជាមួយ​ប្រជាពលរដ្ឋ​ ដែល​ជា​ម្ចាស់​អគារ​ទ្រុឌទ្រោម​ទាំង​១៣​ល្វែង រស់នៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង។ ក្នុងនោះ​បាន​បញ្ជាក់​ថា​ ៖ ដោយ​មានការ​យកចិត្តទុកដាក់​ដាក់​គិតគូរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​ដែនដី និង​លោក​អភិបាល​ខេត្ត​កំពង់ឆ្នាំង អំពី​សុវត្ថិភាព​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​ខេត្ត​បាន​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល និង​ផែនការ​សម្របសម្រួល​ឲ្យ​ប្រជាជន​ចាក​ចេញពី​អគារ​ទ្រុឌ​ទ្រោម ផែនការ​រើរុះ និង​ផែនការ​អភិវឌ្ឍន៍​សំណង់​នេះ​ឡើងវិញ។ ដូច្នេះ​ដើម្បី​សុវត្ថិភាព​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ បងប្អូន​ប្រជាពលរដ្ឋ​ ត្រូវតែ​ពិចារណា ដើម្បី​ធ្វើការ​ចាក​ចេញពី​អគារ​ទ្រុឌ​ទ្រោម និង​ពុកផុយ​អស់​គុណភាព ​គួរឲ្យ​​ព្រួយបារម្ភ​នេះ ដែល​បាន​កសាង​ឡើង​នៅ​ជំនាន់​អាណា​និគម​បារាំង មាន​អាយុកាល​៨៩​ឆ្នាំ​ហើយ​នោះ​។

លោក លី សុភា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កំពង់ឆ្នាំង​បាន​លើក​ឡើង​ថា តាម​ការចុះ​ស្រាវជ្រាវ​របស់​ក្រុមការងារ​ថ្នាក់​ខេត្ត និង​ក្រុមការងារ​បច្ចេកទេស​រ​បស់​ក្រសួង​ដែនដី​កន្លងមក​បាន​បញ្ជាក់ថា អគារ​ នៃ​សំណង់ផ្ទះ​ទាំង​១៣​ល្វែង​នេះ បាន​កសាង​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៣១ ជំនាន់​អាណានិគមនិយម​បារាំង ​មកដល់ពេលនេះ​មាន​អាយុកាល​៨៩​ឆ្នាំ​ហើយ ដែល​គុណភាព​សំណង់​មាន​សសរ​ធ្នឹម ដែក​បាន​ច្រេះ​របេះ​ចេញពី​ស៊ីម៉ងត៍ និង​បេតុង​បាន​ពុកផុយ​អស់​ទៅ​ហើយ ដែល​អាចនឹង​រលំ​បាក់​ស្រុត​ក្នុង​ពេល​ណាមួយ​ជាមិនខាន ហេតុនេះហើយ​ទើប​អាជ្ញាធរ​ខេត្ត និង​ក្រសួង​ដែនដី​ត​ម្រូវ​ឲ្យ​បងប្អូន​ត្រូវតែ​ចាកចេញ​ជាបន្ទាន់​។​

លោក សាន់ យូ បានបញ្ជាក់​ទៀតថា នៅក្នុង​ផែនការ​របស់​អាជ្ញាធរ​ខេត្ត​គឺ ១.​ជួយ​សម្របសម្រួល​ជា​មួយ​ក្រសួង​វប្បធម៌ ​ដែល​បាន​ចុះបញ្ជី​អគារ​ផ្ទះ​១៣​ល្វែង​នេះ​កំណត់​ថា បើ​ជួសជុល ​ឬ​ធ្វើ​ថ្មី ​ត្រូវតែ​រក្សា​រចនាបថ​ដើម , ២.​ជួយ​សម្រប​សម្រួលការ​គូរ​ប្លង់​សាងសង់​ថ្មី​ ដោយ​រក្សា​ឈ្មោះ​ម្ចាស់​អគារ​ចា ស់​ទាំង​១៦​គ្រួសារ​រស់នៅ​លើ​អគារ​ទាំង​១៣​ល្វែង ជា​ម្ចាស់​កម្មសិទ្ធិ​ដដែល ដោយ​មិន​គិត​ប្រាក់ , ៣. ជួយ​សម្រួល​រក​ក្រុមហ៊ុន​មក​ចរចា​ជាមួយ​ម្ចាស់​អគារ ក្នុង​ការ​រុះរើ​វាយ​អគារ​ចាស់ និង​កសាង​អគារ​សំណង់​ថ្មី​តាម​ការ​ឯកភាព​ពី​ម្ចាស់​អគារ គឺ​ត្រូវ​ជួល​ក្រុមហ៊ុន​ឲ្យ​ធ្វើ​អគារ​ថ្មី ឬ​ចាំ​ទិញ​អគារ​ថ្មី​ពី​ក្រុមហ៊ុន ឬ​ត្រូវ​ទិញ​បង់​រំលោះ។

ដោយឡែក ​ចំពោះ​វិធានការ​រដ្ឋបាល​វិញ បើ​ម្ចាស់​អគារ​មិន​ព្រម​ចាកចេញ គឺ​១.​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ត្រូវ​ចុះ​កត់ត្រា​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​អគារ​ទាំង​១៣​ល្វែង , ២.​ត្រូវ​ហ៊ុមព័ទ្ធ​អគារ ផ្តាច់​ទឹក ​ផ្តាច់​ភ្លើង​ ដើម្បី​ទប់ស្កាត់​ការបាក់​ស្រុត​អគារ​ជាយថាហេតុ , ៣.​សមត្ថកិច្ច​ចម្រុះ​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​នឹង​ចុះ​ធ្វើ​ការងារ​ជាក់ស្ដែង គឺ​ដឹកជញ្ជូន​ទ្រព្យសម្បត្តិ​ម្ចាស់​អគារ​ទៅ​ទុក​នៅ​ក្នុង​ទីតាំង​បណ្តោះ​អាសន្ន​ណា​មួយ។ ចំពោះ​ផែនការ​ខាងលើនេះ អាជ្ញាធរ​ខេត្ត​ និង​ក្រុមការងារ​ចម្រុះ​ នឹង​ត្រូវ​អនុវត្ត​ ឲ្យ​បាន​រួចរាល់​ក្នុង​ខែ​មិថុនា​ខាងមុខនេះ។

នៅ​ក្នុង​កិច្ចពិភាក្សា​​ការប្រជុំ​នេះ​ដែរ ប្រជាពលរដ្ឋ​ចំនួន​១៤​គ្រួសារ ក្នុងចំណោម​១៦​គ្រួសារ​ ដែល​មក​ចូលរួម​ប្រជុំ បាន​ឯកភាព​ជាមួយ​ផែនការ​ងារ​របស់​ក្រុមការងារ​ចម្រុះ គឺ​ព្រម​ចាក​ចេញពី​អគារ​ទ្រុឌ​ទ្រោម ដោយ​ស្នើសុំ​ជួប​ចរចា​គ្នា​ជាមួយ​ក្រុមហ៊ុន​រុះរើ និង​ក្រុមហ៊ុន​សាងសង់​អគារ​ថ្មី​ក្នុងពេល​ឆាប់ៗ​នេះ ដែល​មាន​ លោក សាន់ យូ ប្រធាន​ក្រុមការងារ​ចម្រុះ​ខេត្ត​ជា​អ្នក​សម្របសម្រួល៕
អត្ថបទ ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន ៖ សំណង់​អគារ​​​​ចាស់​​​​ៗ​បែប​បារាំង​​ ក្នុង​ខេត្ត​បាត់​ដំបង​មាន​ប៉ុន្មាន​?​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114