អាជ្ញាធរ​ខេត្ត​រតនគិរី ចុះ​ត្រួតពិនិត្យ បាញ់ថ្នាំ​កម្ចាត់​មេរោគ ជូន​រថយន្ត​ដឹកទំនិញ និង​មន្ត្រីរាជការ ដែល​មាន​ភារកិច្ច​ចាំបាច់​ត្រូវ​ចូល​ខេត្ត​
BREAKING NEWS
Search

អាជ្ញាធរ​ខេត្ត​រតនគិរី ចុះ​ត្រួតពិនិត្យ បាញ់ថ្នាំ​កម្ចាត់​មេរោគ ជូន​រថយន្ត​ដឹកទំនិញ និង​មន្ត្រីរាជការ ដែល​មាន​ភារកិច្ច​ចាំបាច់​ត្រូវ​ចូល​ខេត្ត​

​រតនគិរី​ ៖ អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ចុះ​ត្រួតពិនិត្យ បាញ់​ថ្នាំ​កម្ចាត់​មេរោគ ជូន​រថយន្ត​ដឹកទំនិញ និង​មន្ត្រីរាជការ ដែល​មាន​ភារកិច្ច​ចាំបាច់​ត្រូវ​ចូល​ខេត្ត​។ ដើម្បី​បង្ការ ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​រាជរដ្ឋាភិបាល​ បាន​ដាក់​ចេញ​នូវ​បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ជា​កំហិត ផ្អាក​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ ដោយ​ឲ្យ​អាជ្ញាធរ​ខេត្ត​នីមួយៗ ទទួល​ការខុសត្រូវ​រៀងៗ​ខ្លួន។ ​​

​ជាក់ស្ដែង ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២០ នៅ​ជាប់​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង​ ​ចំណុច​ក្បាល​ស្ពាន​ស្រែ​ពក ស្ថិតក្នុង​ភូមិ​ស្រែ​អង្គ្រង​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្ត​រតនគិរី កម្លាំង​អាជ្ញាធរ​ខេត្ត​រតនគិរី ដែល​មាន​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ក្រុម​គ្រូពេទ្យ​(​ច​ត្តា​ឡី​ស័ក​​) កម្លាំង​មន្ទីរ​សាធារ​ណ​ការ​ និង​កម្លាំង​ស្រុក​កូន​មុំ បាន​ចុះ​ទប់ស្កាត់ ត្រួតពិនិត្យ និង​បាញ់ថ្នាំ​កម្ចាត់​មេរោគ ជូន​រថយន្ត​ដឹកទំនិញ និង​មន្ត្រីរាជការ ដែល​មាន​ភារកិច្ច​ចាំបាច់​ត្រូវ​ចូល​ខេត្ត​ផង​ដែរ​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី ​លោក មឿង សារិទ្ធ នាយការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹងថា ការ​ចុះ​ទប់ស្កាត់​អ្នកធ្វើដំណើរ​ចេញចូល​ក្នុង​ខេត្ត​នេះ ក្រុមចម្រុះ​ បាន​ចុះ​អនុវត្ត​តាំងពី​ថ្ងៃទី​១០​មេសា មក​ម្ល៉េះ។ ​ការចុះ​អនុវត្ត​នេះ​ដែរ គឺ​ហាមឃាត់​ជាដាច់ខាត មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពល​រដ្ឋ​ចេញ ឬ​ចូល​ក្នុង​ខេត្ត​ឡើយ តែ​ត្រូវ​សម្រួល​ឲ្យ​រថយន្ត​ដឹកទំនិញ និង​មន្ត្រីរាជការ​ដែល​មាន​ភារ​កិច្ច​ចាំបាច់ ទើប​អនុញ្ញាត​ឲ្យ​ចេញ ឬ​ចូល​ខេត្ត​បាន​។ ដោយឡែក អ្នក​ចេញពី​ខេត្ត មិន​ត្រូវ​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ទេ តែ​បើ​អ្នក​អនុញ្ញាត​ឲ្យ​ចូល​ខេត្ត ត្រូវតែ​បាញ​ថ្នាំ​សម្លាប់​មេរោគ ទាំង​មនុស្ស និង​រថយន្ត​។

​លោក​បញ្ជាក់ទៀតថា ក្រុមការងារ​ ត្រូវ​បែង​ចែក​ជា​ពីរ​ក្រុម តាម​ចំណុច​ព្រំដែន​ទាំងពីរ គឺ​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង និង​ព្រំប្រទល់​ខេត្ត​មណ្ឌល​គី​រី​។​

​គួរបញ្ជាក់​ផងដែរ​ថា ការទប់ស្កាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លង​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ​ទៀត​នោះ ត្រូវ​បាន​អនុវត្ត​ចាប់ពី​ម៉ោង​០០​នាទី​យប់​ ថ្ងៃទី​១០​មេសា រហូតដល់​ថ្ងៃ​ទី​១៦​មេសា របស់​រាជ​រដ្ឋាភិបាល លេខ​៣៩ សសរ ចុះ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២០ ស្ដីពី​ការ​បង្ការ ​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត កូ​វីដ​-១៩ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

អានអត្ថបទ៖ សាលា​រាជធានី សម្រេច​ដាក់​ម៉ាស៊ីន​ស្កេ​ន​កម្ដៅ​មួយ​ទីតាំង​ទៀត នៅ​អង្គភាព​ច្រកចេញ​ចូល​តែមួយ ដើម្បី​ការពារ​ជំងឺ​កូ​វីដ-១៩



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114