BREAKING NEWS
Search

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ​បន្ត​ចុះ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ជនជាតិ​ព្នង​ ដែល​កំពុង​រស់នៅ​ចម្ការ​វិល​ជុំ

​ស្ទឹងត្រែង​ ៖ ​ ​ក្នុង​ឱកាស​ចុះ​ជួប​ប្រជាពលរដ្ឋ​ ដែល​កំពុង​រស់នៅ​រាយប៉ាយ​តាម​ចម្ការ​ក្នុង​ទឹកដី​ឃុំ​ស្រែគរ​ ស្រុក​សេ​សាន​ ខេត្ត​ស្ទឹងត្រែង​ នៅ​ថ្ងៃ​ទី​០៩ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​កំណត់​ឱសានវាទ​​​យក​ដំណាច់​ខែ​ធ្នូ ​ឆ្នាំ​២០១៧​ ជា​ថ្ងៃ​បញ្ជាប់​ការ​ដោះស្រាយ​ផលប៉ះពាល់​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​សេ​សាន​ក្រោម​ពីរ។

ក្នុង​ចន្លោះ​ពេល​នេះ​ ក្រុម​ការងារ​ថ្នាក់​ខេត្ត​ និង​ ក្រុមហ៊ុន​នៅតែ​ព្យាយាម​ទៅ​ជួប​ប្រជាពលរដ្ឋ​យើង​បន្ថែម​ទៀត​ ដើម្បី​ទទួល​យក​សំណូមពរ​យក​មក​ដោះស្រាយ ​ក្នុង​ពេល​ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​ ៨ ​គ្រួ​សារ បាន​ព្រមព្រៀង​យក​សំណង។

លោកស្រី​ អេង​ សោភា​ តំណាង​ឲ្យ​ក្រុមការងារ​ដោះស្រាយ​ផលប៉ះពាល់​ថ្នាក់​ខេត្ត​ បាន​បញ្ជាក់ថា អាជ្ញាធរ​នៅតែ​គិតគូរ​ជានិច្ច​ចំពោះ​បងប្អូន​ ដែល​រង​ផលប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេ​សាន​ក្រោម​ពីរ ដែល​មិន​ព្រម​ទទួលយក​សំណង​ចាកចេញ​ ពីព្រោះ​ពួកគាត់​មក​រស់នៅ​ឆ្ងាយៗ​ពីគ្នា ​ខ្វះ​ខាត​សេវា​កម្មគ្រប់បែបយ៉ាង ដូចជា​ សេវា​ទឹកស្អាត សុខាភិបាល ការទាក់ទង​គ្នា និង ​ការងារ​សន្តិសុខ​ជាដើម​។

លោក​បញ្ជាក់​ថា ​អាជ្ញាធរ​ និង​​ក្រុម​ការងារ​ពាក់ព័ន្ធ មានបំណង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ភូមិ​ថ្មី មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ ចៀស​ផុតពី​ការលំបាក​នានា ទោះបីថា​នៅពេលនេះ​បងប្អូនសម្រេចចិត្ត​ជ្រើស​រើសយក​ទីទួល​សុវត្ថិភាព ​ឬ​ ធ្វើ​ផ្ទះ​នៅ​ចម្ការ និង ទឹក​ទំនប់​មិន​លិច​ក៏ដោយ ថ្នាក់ដឹកនាំ​ខេត្ត​ក៏​ដូចជា​ក្រុមការងារ​ចុះមក​ថ្ងៃនេះ​ មានការ​ព្រួយ​បារ​ម្ភ​ពី​គាត់​ ហើយ​នៅតែ​ព្យាយាមនិយាយប្រាប់​គាត់​ថា ​សូម​ឲ្យ​គាត់​ទៅ​រស់នៅ​ភូមិ​ថ្មី​ ដើម្បី​សុខ​សុវត្ថិភាព ​និង ការទទួលសេវាតាម​គោល​ការណ៍​របស់​រាជរដ្ឋាភិបាល​។

​លោក ​ចន្ថា ប្រជាពលរដ្ឋ​ជនជាតិ​ព្នង​ ដែល​មិន​ទាន់​ទទួល​សំណង​នេះ ​បាន​បញ្ជាក់​ថា​ ពួកគាត់ទាំងអស់គ្នាបានជម្លៀស​ខ្លួន​ចេញទៅ​នៅ​ទីទួល​សុវត្ថិភាព​ដោយ​ខ្លួន​ឯង​មែន ពីព្រោះ​ភូមិសព្វថ្ងៃ​ទឹក​លិច​អស់​គ្មាន​សល់​ ដូចដែល​ក្រុមហ៊ុន​បាន​ប្រាប់​រួចមកហើយ​។ លោក​អះអាងថា ​នេះ​ជា​កន្លែង​ចម្ការ​វិលជុំ​ធ្លាប់​រស់នៅ ហើយ​បងប្អូន​ជនជាតិ​ព្នង​ ដែល​មក​នៅតាម​ចម្ការ​រៀងៗ​ខ្លួន​នេះ ក៏​មានចិត្ត​ចង់ទៅ​នៅ​ភូមិ​ថ្មី​ដែរ តែ​ពួកគាត់​នៅ​មិនទាន់​ស្រុះស្រួល​គ្នា​។ ដោយមើលឃើញថា អ្នក​ទៅ​នៅ​ភូមិ​ថ្មី​កន្លងមកនេះ អ្នក​ចាស់​នៅមុន​បានជេរ​ដៀលត្មះ​ពួកគាត់​ ហាក់ដួច​បង្កើត​ភាព​រើសអើង​ពួកគាត់​។

​លោក ​ស៊ុន​ ដា​វីន តំណាង​ឲ្យ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ​បាន​បញ្ជាក់ថា រឿង​ទាំងនេះ​អាជ្ញាធរនឹងធ្វើ​ការសម្របសម្រួល​គ្នា​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ បង្ការ​កុំ​ឲ្យ​កើតមាន​អំពើហិង្សា​ និង​ កុំ​ឲ្យ​មានការ​រើសអើង​គ្នា ​ពីព្រោះ​យើង​ជា​ជនជាតិ​តែមួយ​ ហើយ​អ្វីៗ​ក៏ត្រូវមានផ្លាស់ប្តូ​រហើយ​ដែរ​។

​លោក​ថា​ ​កត្តា​សំខាន់​ជាង​នេះ​ គឺ​សូម​ឲ្យ​បងប្អូន​ដែល​កំពុង​រស់នៅ​តាម​ចម្ការ​វិលជុំ​ស្រុះ​ស្រួល​គ្នា សម្រេចចិត្ត​ទៅ​នៅ​ភូមិ​ថ្មី ខាង​អាជ្ញាធរខេត្ត ក្រុមហ៊ុន បាន​រៀប​ចំ​ត្រៀម ផ្ទះសម្បែង ដី​កសិកម្ម និង សេវា​ពាក់​ព័ន្ធផ្សេងៗ​ទៀត​រួចជាស្រេច​។​

​សូមបញ្ជាក់ថា​ នេះ​ជា​លើក​ទី​៤​ហើយ​បន្ទាប់ពី​ប្រជាពលរដ្ឋ​ជម្លៀស​ចេញពី​ភូមិទៅ​ទីទួល​សុវត្ថិភាព ដែល​អាជ្ញាធរ​បាន​ចុះមក​ជួប ទទូច​សុំ​ឲ្យ​បងប្អូន​ទៅ​នៅ​ភូមិ​ថ្មី ហើយ​គិត​មកដល់ពេលនេះ​ ទទួលបាន​ប្រជាពលរដ្ឋ​ចំនួន​ ៨​ គ្រួ​សារ បាន​ព្រមព្រៀង​ទទួលយក​សំណង និង​ នៅ​ចំនួន ​៩៨ គ្រួសារ​ទៀត​កំពុង​ច​ចារ​រក​ដំណោះស្រាយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114