ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ជាតិ​អប្សរា​ បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​សំណង់​ខុសច្បាប់ ​ដែល​សង់​ខុស​ពី​លិខិតអនុញ្ញាត

សៀមរាប ​៖ ​បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ជួសជុល កែលម្អ​គេហដ្ឋាន ឬ​រុះរើ​ផ្ទះ​ចាស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស អ្នកស្រុក​បានធ្វើ​ការជួស​ជុល កែលម្អ​គេហដ្ឋាន ឬ​រុះរើ​ផ្ទា​ស់ចា​ស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស ខុសពី​លិខិតអនុញ្ញាត ដែល​ធ្វើ​ឲ្យ​សំណង់​របស់​ពួកគេ​ក្លាយជា​សំណង់​ខុសច្បាប់​ទៅវិញ​។

​លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា នេះ​ថា សំណង់​ខុសច្បាប់​ជាច្រើន​ខ្នង បាន​នឹង​កំពុង​សង់​ក្នុង​រូបភាព​ស្របច្បាប់ បន្ទាប់ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​រមណីយដ្ឋាន​អង្គរ​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​ស្របច្បាប់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក​បញ្ជាក់​ថា ការរៀបចំ​លំនៅឋាន​ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​គឺ​ត្រូវ​ឲ្យ​ស្រប​និង​ជា​ផ្នែក​មួយ​នៃ​ការ​លើក​តម្លៃ​បេតិកភណ្ឌ​ដូច្នេះ​រាល់​ការ​ស្នើ​សុំ​សាងសង់​ទាំងអស់​ចាំបាច់​ត្រូវ​សុំ​ច្បាប់​ជាមុន និង​ចាំ​បាច់​ត្រូវ​ធ្វើ​ការសាងសង់​ស្របតាម​ខ្លឹមសារ​ដែល​បាន​អនុញ្ញាត​។

លោក ឡុង កុសល បញ្ជាក់​បន្ថែម​ថា ក្នុង​ករណី​ប្រជាពលរដ្ឋ​មានបំណង​ស្នើសុំ​ជួសជុល កែលម្អ​គេហដ្ឋាន សង់​របង រោង​គោ រោង​មាន់ បង្គន់​អនាម័យ​ឬ​តម្រូវការ​ផ្សេងៗ​ដែល​មាន​លក្ខណៈ​ជា​ប្រភេទ​សំណង់​ស្រាល សូម​បងប្អូន​ប្រជាពលរដ្ឋ​អាច​ធ្វើ​ការទាក់ទង​មក​ក្រុមការងារ​សហគមន៍​តាម​គោលដៅ​ភូមិ​នីមួយៗ​តាមរយៈ​ភូមិ​ឃុំ​/​សង្កាត់​។ ដោយឡែក ក្នុង​ករណី​ប្រជាពលរដ្ឋ​មានបំណង​ស្នើសុំ​រុះរើ​ផ្ទះ​ចាស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស នោះ​ពួកគាត់​អាច​អញ្ជើញ​មក​ដាក់ពាក្យ​ស្នើសុំ​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា ឬក៏​នៅ​ច្រក​ចេញចូល​តែមួយ​របស់​ស្រុក​ពួក ក្រុង​សៀមរាប និង​សាលា​ខេត្តសៀមរាប​។ រាល់​ការចុះពិនិត្យ​បច្ចេកទេស​និង​ការផ្តល់​លិខិតអនុញ្ញាត​គឺ​មិន​មាន​បង់ប្រាក់​ទេ​។

ដូច្នេះ អាជ្ញាធរ​ជាតិ​អប្សរា​ស្នើសុំ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវ​ដាក់​ពាក្យសុំ​សាងសង់​មក​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​ត្រូវ​កំណត់​ទ្រង់ទ្រាយ​និង​ទំហំ​ឲ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​ធ្វើ​ការជួសជុល​ ឬ​ សាងសង់​ដោយ​គោរព​ទៅតាម​អ្វី​ដែល​បាន​ស្នើ​សុំ​នោះ ជៀសវាង​ធ្វើ​ឲ្យ​សំណង់​ទាំងនោះ​ក្លាយ​ជា​សំណង់​ខុសច្បាប់​ក្នុង​ពេល​ជួសជុល​ ឬ​ សាងសង់​ព្រោះ​ប្រឈម​នឹង​មោឃភាព​លិខិតអនុញ្ញាត ការ​រើរុះ​ចេញ និង​វិធានការ​ច្បាប់​៕
កុសល

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114