ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បាន​ និង​កំពុង​កាយ​ស្តារ​ប្រឡាយ​បឹងទំពុន ដើម្បី​ឲ្យ​ចរន្តទឹក​ហូរ​លឿន​ចៀសវាង​ការ​លិចលង់​លំនៅដ្ឋាន​ពលរដ្ឋ​

ភ្នំពេញ​ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​កាយ​ស្តារ​ប្រឡាយ​បឹងទំពុន​ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ចរន្តទឹក​ហូរ​បាន​លឿន​ ចៀសវាង​ការ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​។​

លោក​ដួង ចាន់​សា​រ៉ា​ត ប្រធាន​អង្គភាព​លូ​ទឹក និង បូម​ទឹក នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ចរន្តទឹក​ហូរ​បាន​លឿន ចៀសវាង​ការ​លិចលង់​លំនៅដ្ឋាន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ឲ្យ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ​កាយ​ស្ដារ​ប្រឡាយ​បឹងទំពុន​ឡើងវិញ។ ហើយ​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​ យើង​បាន​អនុវត្ត​តាំងពី ​ថ្ងៃទី​១៦ ខែ​តុលា​ ឆ្នាំ​២០១៩ ហើយ​គិត​មកដល់​ថ្ងៃ​ទី​២៥​តុលា​នេះ ជា​លទ្ធផល យើង​ស្តារ​សំរាម​ចេញពី​បឹងទំពុន​បាន​ប្រវែង​៣០០​ម៉ែត្រ និង ​ដឹក​ចេញ​បាន​៦៦​ឡាន ​ស្មើ​នឹង​៣៣០​ម៉ែត្រគុប គិត​ជា​ភាគរយ​បាន​៣៧​ភាគរយ​។

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ការ​ការងារ​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ​នេះ កន្លងមកនេះ​ អភិបាល​រាជ​ធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ដាក់​ផែនការ​ឲ្យ​ខណ្ឌ​ទាំង​៥ ​នៅ​កណ្ដាល​ក្រុង​ ធ្វើការ​ស្ដារ​លូ ស្តារ​ប្រឡាយ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​ល្អ​ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ចរន្តទឹក​ហូរ​មកដល់។​

ក្នុង​នោះ​ដែរ ស្ថានីយ​បូម​ទឹក​ បាន​ និង​ កំពុង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា​ថែរក្សា​បរិ​ស្ថាន ពិសេស ​គឺ​ការ​រក្សា​សំរាម​ទុក​ឲ្យ​បាន​ល្អ​ កុំ​ឲ្យ​សំរាម​ធ្លាក់​ទៅ​ក្នុង​អណ្ដូង​លូ​ និង​ប្រឡាយ​ទឹក ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114