អាជ្ញាធរ​ ស្នើសុំ​ទឹក​មក​សង្គ្រោះ​ត្រី​ និង​សត្វ​ស្លាប​នៅ​បឹង​ពារាំង​ តែ​ពលរដ្ឋ​ចង់បាន​ទឹក​ធ្វើស្រែ​ប្រាំង​

សៀមរាប ​៖ ​នៅ​សប្ដាហ៍​មុន ​អាជ្ញាធរ​មូលដ្ឋាន ​បាន​ស្នើ​សុំ​ទឹក​ពី​មន្ទីរ​ធនធាន​ទឹក ដើម្បី​យក​មក​សង្គ្រោះ​ត្រី​មេ​ពូជ ​និង​សត្វ​ស្លាប​រាប់​ម៉ឺន​ក្បាល នៅ​បឹង​ពារាំង តែ​ពលរដ្ឋ​ប្រមាណ​៥០​នាក់​ នាំគ្នា​តវ៉ា​ចង់​បាន​ទឹក​ធ្វើស្រែ​ប្រាំង​។​

ហេតុការណ៍​នេះ​បានកើត​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា​ ឆ្នាំ​២០២០ ចំណុច​ប្រឡាយទឹក ផ្លូវ​ទៅ​កាន់​បឹង​ពារាំង នៃ​ព្រំប្រទល់​ភូមិ​ចំនួន​៣ ​ក្នុង​គឺ​ភូមិ​វាល ភូមិ​ក្រសាំង និង​ភូមិ​បឹង សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​

ដើមចម​ដែល​នាំ​ឲ្យ​មាន​ហេតុការណ៍​នេះ ផ្តើមចេញពី​ប្រជាកសិករ បិទ​ទំនប់​ប្រឡាយ​ដើម្បី​បង្ហៀរ​ទឹក​បញ្ចូល​ស្រែ សង្គ្រោះ​ស្រូវ​ច្រើន​រយ​ហិកតា ដែល​កំពុង​រង​ការ​ស្វិត​ងាប់​ជា​បណ្តើៗ ដោយសារតែ​ខ្វះ​ទឹក​។

ជាមួយគ្នា​នោះ ក៏​ត្រូវបាន​ហាមឃាត់​ដោយ​ក្រុមមន្ត្រី​សហគមន៍​បឹង​ពារាំង និង​អាជ្ញាធរ ត្បិត​ទឹក​ដែល​នាំ​យក​តាម​ប្រឡាយ​ខាងលើ ត្រូវបាន​អះអាង​ថា គឺ​សម្រាប់​បញ្ចូល​ទៅ​ក្នុង​បឹង​ពារាំង ដើម្បី​ជួយ​សង្គ្រោះ​ត្រី​មេ​ពូជ​ និង​ហ្វូង​សត្វ​ស្លាប​រាប់ម៉ឺន​ក្បាល​តែប៉ុណ្ណោះ​។​

ថ្វីត្បិតតែ​ការ​ផ្ទុះ​ជម្លោះ​នេះ មិន​មាន​ការ​បង្ក​ហិង្សា​ទាំង​ទ្វេ​ភាគី ប៉ុន្តែ​គូភាគី ប្រកាន់​ជំហរ ដោយ​ទាម​ទារ​យក​ទឹក​រៀងៗ​ខ្លួន​ឲ្យ​ខាន​តែ​បាន​។​

ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​កសិករ លោក​មួង សាន បាន​លើកឡើង​ថា ស្រូវ​ជាច្រើន​ហិកតា​ក្នុង​តំបន់​នេះ កំពុង​រង​ការ​ស្វិត​ងាប់​ជា​បណ្តើរៗ។ ហេតុដូច្នេះ​ហើយ ​ទើប​ពួកគាត់​សម្រេច​បិទ​ប្រឡាយ​បង្ហៀរ​ទឹក​បញ្ចូល​ស្រែ​បែបនេះ​។

លោក​បន្តថា ការនាំយក​ទឹក​មកដល់​ចំណុច​នេះ គឺ​ក្រោម​ការ​ជួយ​ស្តារ​ប្រឡាយ​ និង​ពុះពារ​គ្រប់យ៉ាង​របស់​ប្រជាកសិករ​។ ប៉ុន្តែ​ពេល​នាំ​យក​ទឹកបាន​ហើយ បែរ​ជា​ក្រុម​សហគមន៍ ទាមទារ​បង្ហូរ​ទៅកាន់​បឹង​ពារាំង​ទាំងអស់ នេះ​ហើយ​ដែល​ជា​ចំណុច​នាំ​ឲ្យ​ពួកគាត់​បង្ខំចិត្ត​បិទ​ប្រឡាយ ដើម្បី​យក​ទឹក​បែប​នេះ​។​

ក្នុង​ពេល​តែមួយ មន្ត្រី​សហគមន៍​បឹង​ពារាំង លោក ឈឿ​ម សំបូរ បាន​ឲ្យ​ដឹង​ថា ទឹក​ដែល​បង្ហូរ​មក​នេះ គឺ​ខាង​សហគមន៍ ជា​អ្នកស្នើសុំ​ពី​មន្ទីរ​ធនធាន​ទឹក ដោយ​នាំយក​បញ្ចូល​ទៅ​បឹង​ពារាំង ដើម្បី​សង្គ្រោះ​ត្រី​មេ​ពូជ និង​ហ្វូង​សត្វ​ស្លាប​ជាច្រើន​ម៉ឺន​ក្បាល ត្បិត​រដូវប្រាំង​កំពុង​គំរាមកំហែង​យ៉ាង​ខ្លាំង។​
ហេតុផល​នេះ​ហើយ ដែល​នាំ​ឲ្យ​ខាង​សហគមន៍​រារាំង​ក្នុង​ការ​បិទផ្លូវ​ទឹករ​បស់​ប្រជាកសិករ​។​

ជាមួយ​ការ​លើក​ហេតុផល​អំពី​ការដណ្តើម​គ្នា​យក​ទឹក​ប្រើប្រាស់​ទឹក​គ្នា​នេះ លោក​ ក្អោ​ប រ៉​ន ចៅ​សង្កាត់​ជ្រាវ បាន​ឲ្យ​ដឹង​នា​រសៀល​នេះ​ថា ទឹក​ដែល​បង្ហូរ​មកនេះ គឺ​ខាង​អាជ្ញាធរ​មូលដ្ឋាន ជា​អ្នក​ស្នើសុំ​ពី​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​សៀមរាប ដោយ​នាំ​យក​បញ្ចូល​ទៅ​បឹង​ពារាំង បានតែ​១​សប្ដាហ៍​ទេ ដើម្បី​សង្គ្រោះ​ត្រី​មេ​ពូជ និង​ហ្វូង​សត្វ​ស្លាប​ជាច្រើន​ម៉ឺន​ក្បាល ត្បិត​រដូវប្រាំង​កំពុង​គំរាម​កំហែង​យ៉ាង​ខ្លាំង​។​

លោក​បន្ត​ថា សប្ដាហ៍​ក្រោយ ​ខាង​មន្ទីរ​ធនធាន​ទឹក នឹង​បិទ​ទឹក​វិញ​ហើយ ចឹ​ង​ទេ ​អាជ្ញាធរ ​ត្រូវតែ​បង្ខំ​ចិត្ត​នាំ​ទឹក​ទៅ​សង្គ្រោះ​ត្រី​មេ​ពូជ ​និង​សត្វ​ស្លាប​។​ តែ​ចំពោះ​ពលរដ្ឋ​ធ្វើស្រែ​ប្រាំង​ គឺ​ថ្នាក់ដឹកនាំ ​ក៏​ដូចជា​អាជ្ញាធរ​មូលដ្ឋាន ធ្លាប់​បាន​ជូនដំណឹង​ជាច្រើន​ដង​រឿង​ធ្វើស្រែ​ប្រាំង គឺ​អាច​ធ្វើ​បាន​តែម្តង​ទេ​ព្រោះ​ទឹក​កំពុង​ខ្វះខាត​ដោយសារ​រដូវប្រាំង បាន​អូសបន្លាយ​យូរពេក​ធ្វើ​ឲ្យ​ខ្វះខាត​ទឹក​។​ ហេតុ​សូម​ឲ្យ​ពលរដ្ឋ មានការ​យោគយល់​ផង​៕​
អត្ថបទ ​៖​ កុសល​

សូមចុចអាន ៖ រដ្ឋមន្ត្រី ក្រសួងកសិកម្ម៖ កម្ពុជា​មាន​តម្រូវការ​បន្លែ ប្រមាណ​៥៧៣​តោន​ក្នុង​១​ថ្ងៃ ខណៈ​កសិករ​ខ្មែរ​ផលិត ​បាន​ប្រមាណ​៤០០​តោន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114