អាជ្ញាធរ ​៖ ​ករណី​ឆេះ​ព្រៃ​ចម្ការ​ឈើ​គ្រញូង​នៅ​ស្រុក​បន្ទាយស្រី​មាន​ទំហំ​២០​ហិក​តា​ហើយ​និង​បន្ត​ស្វែង​រក​អ្នក​លួច​ដុត

សៀមរាប​ ៖​ អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ខេត្តសៀមរាប បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ព្រៃ​ចម្ការ​ឈើ​គ្រញូង​នៅ​ស្រុក​បន្ទាយស្រី ដែល​បាន​ឆេះ​កាលពី​ថ្ងៃ​ទី​២១​ ខែមករា នេះ​មាន​ទំហំ​រហូតដល់​២០​ហិកតា​។

ករណី​នេះ​ អាជ្ញាធរ​នឹង​បន្ត​ស្វែង​រក​ជន​បង្ក ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ លោក ទា គឹម​សុទ្ធ ជា​ប្រធាន​មន្ទីរ រ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​នា​ពេល​ថ្មីៗ​នេះ​ថា លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា វាយតម្លៃ​ពី​ទំហំ​នៃ​ការខូចខាត ដោយ​ករណី​ឆេះ​ព្រៃ​ចម្ការ​គ្រញូង និង​កូនឈើ​ផ្សេងៗ នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ដែល​ត្រូវ​គេ​លួច​ដុត​កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០​កន្លងទៅនេះ​​។

លោក​បន្ត​ថា ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ យោធភូមិ​ទី​៤ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ព្រៃឈើ និង​សត្វព្រៃ ដោយ​ប្រើប្រាស់​ត្រាក់ទ័រ ២​គ្រឿង និង​មន្ត្រី​ចុះ​អន្តរាគមន៍​ចុះ​ពន្លត់​ផ្ទាល់ រហូត​ធ្វើ​ឲ្យ​ភ្លើង​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង ២១​និង​៥៥​នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល​។

លោក​បន្ត​ថា តាមរយៈ​លទ្ធផល​នៃ​ការវាយតម្លៃ​ការខូចខាត​ឃើញ​ថា ​ដីព្រៃ​ទំហំ ២០,៣៤៤​ហិកតា រង​ការ​ឆាបឆេះ ហើយ​ការ​ឆេះ​នេះ គឺ​ដោយសារ​ជនខិលខូច​បាន​ចូល​លួច​ដុត ដើម្បី​ទន្ទ្រាន​ចម្ការ​ព្រៃឈើ យក​ដី​ព្រៃឈើ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​បន្ត​ស្រាវជ្រាវ​រក​ជន​បង្ក ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​។

លោក​បញ្ជាក់​ថា រដ្ឋបាលខេត្ត នឹង​រៀបចំ​ពិធី​ដាំ​កូនឈើ​ឡើងវិញ​នៅ​ចំណុច​ដែល​រង​ការ​ឆេះ​នេះ និង​លើកទឹកចិត្ត​ឲ្យ​បានការ​ចូលរួម​ដាំ​ពី​សំណាក់​វិស័យ​ឯកជន បងប្អូន​ប្រជាពលរដ្ឋ សិស្ស និស្សិត និង​សាធារណជន​ទូទៅ នា​រដូវវស្សា​ឆ្នាំ​២០២០​ខាងមុខនេះ​។ សូម​បងប្អូន​ចូលរួម​ថែរក្សា និង​ដាំ​ព្រៃឈើ ក្នុង​ការ​រួមចំណែក​ថែរក្សា​បរិស្ថាន ចូលរួម​ទប់ស្កាត់​ការ​កាប់បំផ្លាញ និង​ការទន្ទ្រាន​ដីព្រៃ​ជាដើម​។

អាជ្ញាធរ​ខេត្ត​កោតសរសើរ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ ដែល​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ក្នុងការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ឲ្យ​រលត់​ជា​ស្ថាពរ​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114