BREAKING NEWS
Search

អាមេរិក ​និង​ចិន​ គ្រោង​បន្ត​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​នៅ​ក្រុង Washington ខែតុលា​ខាងមុខ

កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្រុង​ប៉េកាំង​បាន​និយាយថា​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​នឹង​ចាប់ផ្តើម​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ឡើងវិញ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នា​ដើមខែ​តុលា​ខាងមុខនេះ​ដែល​នឹង​បន្ធូរបន្ថយ​ការភ័យខ្លាច​ដែល​ពន្ធគយ​ថ្មី​អាច​នឹង​នាំឱ្យមាន​ការបែកបាក់​ក្នុងការ​ចរចា​ដែល​អូសបន្លាយ​ពេល​ឥតឈប់ឈ​រ​នេះ​។​

ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​២​បាន​ធ្លាក់​ចូលទៅក្នុង​ជម្លោះ​រឿង​ពន្ធគយ​រយៈពេល​មួយឆ្នាំ​ទៅហើយ​ដែល​បាន​កើនឡើង​កាន់តែ​ក្ដៅគគុក​កាលពី​ថ្ងៃទី​១​ខែកញ្ញា​ពេលដែល​ភាគី​ទាំងពីរ​បានដាក់​ពន្ធ​ថ្មី​លើ​ទំនិញ​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ទៅវិញទៅមក​។​

កិច្ចពិភាក្សា​ទាំងនោះ​ត្រូវបាន​គេ​សន្ម​ត់​ថា​នឹង​បន្ត​នៅ​ខែ​នេះ​ក៏ប៉ុន្តែ​ក្រសួងពាណិជ្ជកម្ម​ចិន​បានឱ្យដឹងថា​ឧបនាយករដ្ឋមន្ត្រី លោក Liu He​បាន​យល់ព្រម​តាម​ទូរ​សព្ទ​ជាមួយ​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក Robert Lighthizer និង​រដ្ឋលេខាធិការ​ក្រសួង​រតនាគារ​អាមេរិក​លោក Steven Mnuchin ថា​លើក​ទៅ​ខែតុលា​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

ក្រសួង​ក៏បាន​ឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ក្រុមមន្ត្រី​បាន​ព្រមព្រៀង​ធ្វើការ​ជាមួយគ្នា​និង​ចាត់វិធានការ​ជាក់ស្តែង​ដើម្បី​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការពិគ្រោះ​យោបល់​។​

ព័ត៌មាន​នេះ​នឹងត្រូវ​បាន​គេ​មើលឃើញថា​ជាស​ញ្ញា​នៃ​សុទិដ្ឋិនិយម​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បានដាក់​បន្ទុក​សេដ្ឋកិច្ចពិភពលោក​និង​ផ្សារ​ហ៊ុន​ខណៈដែល​មិនតែប៉ុណ្ណោះ​ក៏​នឹងធ្វើ​ឱ្យមាន​ការរំជើបរំជួល​ផ្នែក​ទំនាក់ទំនង​ការទូត​រវាង​មហាអំណាច​ពិភពលោក​ទាំងពីរ​ផងដែរ​។​

គួរ​កត់សម្គាល់ថា​មន្ត្រីជាន់ខ្ពស់​ខាងលើ​បាន​ជួបគ្នា​នៅពេល​ចុង​ក្រោយនេះ​នៅ​ទីក្រុង​សៀង​ហៃ​កាលពី​ខែកក្កដា​សម្រាប់​កិច្ចពិភាក្សា​ដែល​ត្រូវបាន​ពិពណ៌នា​ថា​ជាការ​ស្ថាបនា​ប៉ុន្តែ​ក៏ត្រូវ​បានបញ្ចប់​ទៅវិញ​ដោយ​គ្មាន​ការប្រកាស​ណាមួយ​ឡើយ​៕AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114