អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​ចាប់ខ្លួន​​ជនបរទេស​​៣​នាក់ ​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ព្រះសីហនុ​ ៖​ ជនបរទេស​ចំនួន​៣​នាក់ ​ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត តាម​ប្រព័ន្ធ អ៊ីនធឺណិត​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ឆ្មក់​​ចុះ​បង្ក្រាប​ និង​ចាប់​ឃាត់ខ្លួន​បាន​ជាក់ស្ដែង​នៅ​ក្នុង​ផ្ទះ​ដី​ឡូ​តិ៍​មួយ​កន្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ​ឆ្នាំ​២០១៨​ ស្ថិតនៅ​សង្កាត់​លេខ​៣​ក្រុង​/​ខេត្ត​ព្រះសីហនុ។

ក្នុង​ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​ក្រុម​ជន​ចាប់ជំរិត​នេះ ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហុង វិណុល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ ព័ត៌មាន​សន្តិសុខ និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស និង ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចូលរួម​សម្របសម្រួល​ផ្លូវច្បាប់​ពី​លោក លឹម ប៊ុន ហេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​សហការ​ជា​មួយនឹង​សមត្ថកិច្ច​មកពី​ប្រទេស​ថៃ ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនបរទេស​ដែល​ជាប់​ពាក់ព័ន្ធ​សង្ស័យ​ប្រព្រឹត្តិ​បទល្មើស​ចាប់ជំរិត​ប្រាក់​ខុសច្បាប់​តាម​អន​ឡាញ​។

យោង​តាម​របាយការណ៍​បណ្តោះ​អាសន្ន​ពី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃ​ទី១៦​ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ជនបរទេស​ដែល​ជា​ជ​នស​ង្ស័​យ​ចំនួន​៣​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​។ ដោយ​ក្នុង​នោះ​មាន​បុរស​ជនជាតិ​ថៃ​ម្នាក់ និង​បុរស​ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន​២​នាក់ រួម​នឹង​វត្ថុ​តាង​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។ ពេលនេះ​ជនសង្ស័យ​ទាំង​៣​នាក់​នេះ ​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​បន្ត​នីតិ​វិធី​តាមផ្លូវ​ច្បាប់៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114