BREAKING NEWS
Search

អាវុធហត្ថ​ ចាប់​ខ្លួន​អ្នក​ចេញ​សែក​អត់​លុយ​ម្នាក់ ​បញ្ជូន​មក​តុលាការ

ភ្នំពេញ ​៖ ​ បុគ្គលិក​ក្រុមហ៊ុន​រ៉ូយ៉ាល់​អង្គរ​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​ល្ងាច​ថ្ងៃ​ទី​៣១ ​ខែ​ធ្នូ ឆ្នាំ​២០១៦ ​ពាក់ព័ន្ធ​ករណី​ចេញ​មូលប្បទានប័ត្រ​អត់​ប្រាក់។

ជនសង្ស័យ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ​គាំង ប៊ុនធឿន​ អាយុ​៣០​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​១០ ​ផ្លូវ​លេខ​៣៧១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ជា​បុគ្គលិក​ក្រុមហ៊ុន​រ៉ូយ៉ាល់​អង្គរ។

ដើមចម​ដែល​បណ្ដាល​ឲ្យ​មានការ​ចាប់ខ្លួន​ឈ្មោះ គាំង ប៊ុនធឿន គឺ​កាលពី​ថ្ងៃ​ទី​២៧ ​ខែ​កញ្ញា ឆ្នាំ ២០១៦ ឈ្មោះ​គាំង​ប៊ុនធឿន​ បាន​ជួល​រថយន្ត​ដឹក​ដី​របស់​​​​ប្រជាពលរដ្ឋ​​​​​ ក្នុង​ខណ្ឌ​ដង្កោ​ចំនួន​១១​នាក់​ ឲ្យ​ដឹក​ដី​ចាក់​បំពេញ​ដី​របស់​ក្រុមហ៊ុន ដោយ​សន្យា​ថា​រាល់​១៥​ថ្ងៃ​​​ម្ដង​ នឹង​ទូទាត់​លុយ​ឲ្យ​គ្រប់​ចំនួន ដោយ​ដី​ក្នុង​១​រថយន្ត​តម្លៃ​១៥​ដុល្លារ។

លុះដល់​ថ្ងៃ​កំណត់​ទូទាត់​លុយ ឈ្មោះ​គាំង ប៊ុនធឿន​មិន​ប្រគល់​ប្រាក់​ឲ្យ​ទេ តែ​បែរ​ជា​ចេញ​សេក​ឲ្យ​អ្នក​ឡាន​ដឹក​ដី​គ្រប់ៗ​គ្នា​តាម​ចំនួន​ទឹកប្រាក់ ប៉ុន្តែ​ពេល​យក​សេក​ទៅ​បើក​លុយ សេក​នោះ​គ្មាន​លុយ​មួយ​រៀល ទើប​ប្រជាពលរដ្ឋ​លើកគ្នា​មក​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ឃាត់​ខ្លួន​តែម្ដង។

នៅ​រសៀល​ថ្ងៃ​ទី​៣១ ​ខែ​ធ្នូ សមត្ថកិច្ច​បាន​បញ្ជូន​ឈ្មោះ​គាំង ប៊ុនធឿន ​មក​តុលាការ ​តែ​ព្រះរាជអាជ្ញា​មិន​ទាន់​បាន​សាកសួរ​ជនសង្ស័យ​នៅឡើយ។

ពេល​ សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​មក​តុលាការ គេ​ឃើញ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​បណ្ដឹង​បាន​មក​តុលាការ​តាម​មើល​សេចក្ដី​សម្រេច​របស់​តុលាការ​ ព្រោះ​ខ្លាច​តុលាការ​ដោះលែង​ជនសង្ស័យ​ទៅវិញ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114