ព័ត៍មានទាន់​ហេតុការណ៏
Search

អាស៊ាន​បង្កើត​ពានរង្វាន់​បាល់ទាត់​មួយ​ សម្រាប់​ក្លិប​តំណាងឱ្យ​ប្រទេស​ជា​សមាជិក​ប្រកួតប្រជែង​ពី​ឆ្នាំ​២០២០​ទៅ

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) លោក Shaikh Salman bin Ebrahim Al Khalifa និង​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) លោក Gianni Infantino បានការ​គាំទ្រ​ចំពោះ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្តើម​ជើងឯក​ក្លិប​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Asean Club Championship (ACC) ហើយ​ការប្រកួត​ក្នុង​ពានរង្វាន់​នេះ​នឹង​ចាប់ផ្តើម​ពី​ឆ្នាំ​២០២០ តទៅ​។

តាម​គម្រោង​ការប្រកួត​បាល់ទាត់​ជើងឯក​ក្លឹប​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ នេះ​គឺ​អនុញ្ញាត​ឲ្យ​ក្រុម​ចំនួន​១២​ក្រុម​ប៉ុណ្ណោះ ចូលរួម​ពោល​គឺ​ក្រុម​ដែលជា​សមាជិក​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) តាមរយៈ​ការ​ឈ្នះ​ជើងឯក​លី​គ​កំពូល​របស់​ប្រទេស​នីមួយៗ​។ កន្លងមក AFF ធ្លាប់​បានរៀបចំ​ការប្រកួត​ជើងឯក​ក្លិប​បាល់ទាត់​អាស៊ាន ប្រចាំឆ្នាំ​ម្តង ក្នុង​ឆ្នាំ​២០០៣ និង​២០០៥ តែ​ក្រោយមក​ក៏​ផ្អាក​ទៅវិញ​។

​នៅ​ក្នុង​វេប​សាយ aseanfootball.org ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សា​ម៉េ​ត ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) បានបង្ហាញ​ទស្សនៈ​ជុំ​ពានរង្វាន់ ACC ខាងលើ​ថា​៖ «​យើង​បាន​ចែករំលែក​ផែនការ​របស់​យើង​សម្រាប់​ជើងឯក​ក្លឹប​អាស៊ីអាគ្នេយ៍ ជាមួយ​លោក​ប្រធាន Infantino និង​លោក Shaikh Salman ហើយ​ពួកគេ​ទាំងពីរ​នាក់​គាំទ្រ​។ យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​ពេញទំហឹង​ពី FIFA និង AFC»​។

​ស្ថាប័ន​AFF បង្កើត​ពានរង្វាន់​លើ​នេះ​ឡើង​ដើម្បី​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្លិប​ឈានមុខ​គេ ហើយ ជឿជាក់​ថា​ ព្រឹត្តិការណ៍ ACC នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​ដំណាក់កាល​បន្ទាប់​នៃ​ការអភិវឌ្ឍន៍​បាល់ទាត់​ក្នុង​តំបន់ សម្រាប់​ការប្រកួត​អាជីព​កម្រិត​កំពូល​។ «​យើង​បាន​ចំណាយ​ពេលវេលា​ដើម្បី​ដាក់​ផែនការ​រួមបញ្ចូល​គ្នា និង​រួម​នេះ ព្រោះ​មាន​កត្តា​ជាច្រើន​ដែល​ត្រូវ​ពិចារណា រួមទាំង​ធានា​ថា ​មិន​មាន​ការប៉ះពាល់​ណា​ជាមួយ​កាលវិភាគ​ទាំង​លី​គ​ក្នុងស្រុក ការប្រកួត​របស់ FIFA និង​ការប្រកួត​របស់ AFC រួមទាំង AFC Champions League ផងដែរ​»​។ ឯកឧត្តម ខៀវ សា​ម៉េ​ត បន្ថែម៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114