អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ធ្វើតេស្ត​រើស​កីឡាករ​បាន​៧​នាក់ និង​ត្រៀម​សម្រាប់​ដំណាក់កាល​ចុង​ក្រោយ

ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត សមាជិក ​នៃ​លី​គ​កំពូល​កម្ពុជា បាន​ធ្វើ​សេចក្ដីសម្រេច ​ស្ដីពី​ការ​ជ្រើស​រើស​កីឡាករ ដើម្បី​រៀបចំ​សមាជិក​ឲ្យ​បាន​កាន់តែ​ប្រសើរ ក្នុងការ​ចូលរួម​ប្រកួត​ពានរង្វាន់​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ ឆ្នាំ​២០២០ ខាងមុខ តាមរយៈ​ការធ្វើ​តេស្ត​សមត្ថភាព កាលពីដើម​ខែធ្នូ  ទីបំផុត​ជ្រើស​បាន​កីឡាករ​៧​នាក់​ចុងក្រោយ​ហើយ ហើយ​បាន​និង​កំពុង​បន្ត​ជម្រុះ​ដំណាក់កាល​ទី​៣ ដែល​ជា​ដំណាក់កាល​ចុងក្រោយ​។​

កីឡាករ​ទាំង​៧​នាក់​នេះ ​គឺ​ត្រូវបាន​ជ្រើស​ចេញពី​អ្នកចូលរួម​ធ្វើតេស្ត ដល់​ទៅ​២៣០​នាក់ និង​ឆ្លងកាត់​ជា​២​ដំណាក់កាល​ផ្សេងៗ​ពីគ្នា​ផងដែរ​។​

យ៉ាងណាមិញ ​ក្នុងចំណោម​កីឡាករ ៧​នាក់ មាន​៥​នាក់​ គឺជា​ប់​ជា​ផ្លូវការ ខណៈ​២​នាក់​ផ្សេងទៀត គឺ​ជាប់​បម្រុង ដែល​មាន​សមាសភាព​កីឡាករ​ដូចជា អ្នកចាំទី​ម្នាក់​, ខ្សែ​ការពារ ៣​នាក់​, ខ្សែបម្រើ ២​នាក់ និង​ខ្សែប្រយុទ្ធ​ម្នាក់​ផងដែរ​។​

សូមបញ្ជាក់ថា ការធ្វើ​តេស្ដ​នេះ​ នឹង​បែង​ចែក​ជា​៣​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ ដែល​ធ្វើ​ឡើង​កាល​ថ្ងៃ​សៅរ៍ ទី​៣០​វិច្ឆិកា និង​ថ្ងៃអាទិត្យ ទី​០១​ធ្នូ ត្រូវ​ចម្រាញ់​យក​២០​នាក់ ទៅ​តេស្ដ​បន្ត​ជាមួយ​កីឡាករ​សល់​ពី​រដូវ​កាល​មុន​ទៀត​។ ចំណែក​ដំណាក់កាល​ទី​៣ គឺ​ ចូលរួម​តេស្ដ​ជាមួយ​កីឡាករ​បរទេស​។

ចំពោះ​អត្ថប្រយោជន៍​ដែល​បេក្ខជន​ទទួលបាន ​គឺ យុវជន​ដែល​អាច​ឈានដល់​ជាប់​តេស្ត​ដំណាក់​កាល​ចុងក្រោយ នឹង​ក្លាយជា​កីឡាករ​របស់​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ព្រមទាំង​ទទួល​បាន​អាហារូបករណ៍​១០០​ភាគរយ (​សិក្សា​ឥត​បង់ថ្លៃ​) នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត និង​ប្រាក់ឧបត្ថម្ភ​១៥០​ដុល្លារ​អាមេរិក​ឡើងទៅ​។​

គួររំលឹកថា ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជារឿយៗ​តែងតែ​ធ្វើការ​ជ្រើសរើស​កីឡាករ​ថ្មី នៅ​រៀងរាល់​មុន​បើក​រដូវ​កាល ហើយ​ច្រើន​ទទួល​លទ្ធផល​ល្អ​ផង​ដែរ ដោយ​រដូវ​កាល​២០១៩ បានបញ្ចប់​ទៅដោយ​ឈរ​នៅ​លេខ​១០ ក្រោយ​ប្រកួត ២៦​ដង ឈ្នះ​១០ ស្មើ​៤ និង​ចាញ់ ១២​ដង អា​ចរក​គ្រាប់​បាល់​បាន​៤៧​គ្រាប់ និង​របូត​គ្រាប់​បាល់​វិញ​៥៧​គ្រាប់ សរុប​ដក​គ្រាប់​ចំណេញ​១០​គ្រាប់ និង​ រក​បាន ៣៤​ពិន្ទុ ខណៈ​ក្នុង​ពានរង្វាន់ ​សម្ដេច​តេ​ជោ ហ៊ុន សែន គឺ​បាន​ប្រកួត​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ថ្នាក់​ខេត្ត ក្រោយ​ចាញ់ ក្រសួងការពារជាតិ ទាំងពីរ​ជើង ៦​ទល់​៣៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114