BREAKING NEWS
Search

អាស៊ី​អឺរ៉ុប ចុះ​កិច្ចសន្យា​នាំយក​កីឡាករ​បរទេស​ទី​៤ ដែលជា​ប្អូនបង្កើត​កីឡាករ Samuel Gbenga Ajayi របស់​បឹងកេត

ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានប្រកាស​បង្ហាញ​ពី​សម​សភាព​កីឡាករ​បរទេស​៤​ប្រចាំ​ក្លិប​របស់ខ្លួន​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​យុទ្ធនាការ​រដូវ​កាល​ឆ្នាំ​២០១៩ ខាងមុខ ខណៈ​កីឡាករ​ថ្មី​រូបនេះ​ជា​ប្អូនប្រុស​បង្កើត​របស់​កីឡាករ Samuel Gbenga Ajayi របស់​ក្លិប​បាល់ទាត់​បឹងកេត​។

កីឡាករ​នេះ មាន​ឈ្មោះថា Ajayi Opeyemi Korede មាន​វ័យ​ទើបតែ​២២​ឆ្នាំ លេង​ក្នុងតួនាទី​ជា​ខ្សែប្រយុទ្ធ មាន​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​។ កីឡាករ​រូប​នេះ​ធ្លាប់​ជា​កីឡាករ​ដែលមាន​បទពិសោធន៍​ប្រកប​អាជីព​នៅ​លី​គ​បាល់ទាត់​ក្នុងប្រទេស​ថៃ ទាំង​លី​គ​កំពូល និង​លី​គ​លំដាប់​ទី​២ ពោលគឺ​ធ្លាប់​លេង​ឲ្យ​ក្លិប​ខ្លាំង Bangkok Glass កាលពី​អំឡុង​ឆ្នាំ ២០១៤-២០១៦ Rangsit FC អំឡុង​ឆ្នាំ ២០១៧, Khoan Kaen FC និង​ចុងក្រោយ​កាលពី​ឆ្នាំទៅ​រួមរស់​ជាមួយ ក្លឹប Samuth Prakan FC នៃ​លី​គ​លំដាប់​ទី​៤​ថៃ មុន​ធ្វើដំណើរ​មកកាន់​កម្ពុជា នេះ​។​

យោង​តាម​ការ​កំណត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់​ថា ​ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ប៉ុន្តែ​ដាច់ខាត​ក្នុង​នោះ​ត្រូវ​តែ​មាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។ គិត​ត្រឹម​ពេលនេះ​ក្រុម​អាស៊ី​អឺរ៉ុប ទើបតែ​បង្ហាញ​កីឡាករ​បរទេស​ផ្លូវការ​របស់​ខ្លួន​តែ​៤​នាក់​ហើយ​បូក​នឹង​កីឡាករ​Tsubasa Mitani ជនជាតិ​ជប៉ុន កីឡាករ Joshua Jokic ជនជាតិ​អូស្ត្រាលី និង​កីឡាករ​ជប៉ុន Tomohiro Masaki​។

លោក សុក វាសនា គ្រូបង្វឹក​របស់​ក្លិប​មួយ​នេះ​ធ្លាប់បាន​លើកឡើងថា​ កូនក្រុម​របស់​ខ្លួន​កាលពី​រដូវ​កាល​២០១៨​កន្លងទៅ​នៅសល់​ប្រមាណ​ជាង​១០​នាក់​ប៉ុណ្ណោះ ដោយសារ​អ្នកខ្លះ​ផ្លាស់​ទ្រនំ​ថ្មី និង​មួយចំនួនទៀត​បាន​បញ្ចប់​អាជីព ស្របពេល​ថ្មីៗ​នេះ​ក្លិប​បានធ្វើ​តេស្ត​សមត្ថភាព​កីឡាករ​យុវជន​ជាច្រើន​នាក់​ហើយ​ជម្រុះ​នៅសល់​ជាង​២០​នាក់​មុន​សម្រេច​ជ្រើស​រើស​យក​អ្នក​ល្អ​ចូលរួម​ក្នុង​ក្រុម​។

​បើ​និយាយ​ពី​លទ្ធផល​ក្នុង​ពានរង្វាន់​លី​គ​កំពូល​របស់​កម្ពុជា ក្រុម​អាស៊ី​អឺរ៉ុប បាន​បញ្ចប់​រដូវ​កាល​របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម គឺជា​លទ្ធផល​ដ៏​ល្អ​របស់​ក្លិប​តាំងពី​បង្កើត​មក​។ តាមរយៈ​កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​២២​ប្រកួត​ក្រុម​អាស៊ី​អឺរ៉ុប បាន​យកឈ្នះ​គូប្រកួត​បាន​៨​លើក ហើយ​ស្មើគ្នា​បាន​៦​លើក​និង​ចាញ់​៨​លើក ប៉ុណ្ណោះ​។ បើ​និយាយ​ពី​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ចេញ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ថ្នាក់ជាតិ​ក្រោយ​ចាញ់​ក្រុមជើង​ឯក​ក្រសួង​ការពារជាតិ​ដោយ​លទ្ធផល​ទាំង២ជើង​១០ទល់២៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114