អូស្ត្រាលី​ចង់​ឲ្យ​មាន​ទស្សនកិច្ច​សិក្សា ពី​ក្រុមចម្រុះ​គណបក្ស​នៅ​កម្ពុជា ដើម្បី​សិក្សា​ពី​របៀប​ដឹកនាំ និង​ប្រព័ន្ធ​នយោបាយ

ភ្នំពេញ​ ៖ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ថ្មី លោក Pablo Chiho Kang មានគំនិត​មួយ​ចង់​ឲ្យ​មាន​ទស្សនកិច្ច​សិក្សា ពី​ក្រុមចម្រុះ​គណបក្ស និង​យុវជន​វ័យក្មេង​នៅ​កម្ពុជា ទៅកាន់​ប្រទេស​អូស្ត្រាលី ដើម្បី​សិក្សា​ពី​របៀប​ដឹកនាំ និង​ប្រព័ន្ធ​នយោបាយ​នៅ​ប្រទេស​អូស្ត្រាលី ថា​តើ​គេ​ដឹកនាំ​របៀប​ណា ហើយ​បើតាម​លោក កុយ គួ​ង កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ស្វាគមន៍​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​ប្រទេស​អូស្ត្រាលី​។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​នេះ បាន​ធ្វើឡើង​ក្រោយពី​ជំនួប​រវាង​លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី ទើប​តែងតាំង​ថ្មី ដែល​បាន​ចូល​ជួប ដើម្បី​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ កាលពី​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០​។

លោក កុយ គួ​ង អះអាងថា នៅក្នុង​ជំនួប​នោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​បាន​សម្តែង​ក្តី​រីករាយ ដែល​លោក Pablo Chiho Kang ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​អះអាងថា នឹង​ជួយ​ជ្រោមជ្រែង និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ឲ្យ​បេសកកម្ម​ការទូត​នេះ​ទទួលបាន ជោគជ័យ​។ នៅក្នុង​ជំនួប​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​រំលឹក​អំពី​តួនាទី​ដ៏​សំខាន់​របស់​ប្រទេស​អូស្ត្រាលី​នៅ​ក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព ហើយ​តាំងពី​ពេល​នោះ​មក ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ គឺ​កម្ពុជា និង​អូស្ត្រាលី កាន់តែ​រីកចម្រើន​ជា​បន្តបន្ទាប់​។ ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការរំលែក​ទុក្ខ​ចំពោះ​ប្រទេស​អូស្ត្រាលី ដែល​កន្លងមក​បាន​ជួប​នៅ​ភ្លើង​ឆេះ​ព្រៃ យូរអង្វែង​បណ្ដាល​ឲ្យ​មាន​វិនាសកម្ម​យ៉ាងច្រើន​។

ជា​ការ​ឆ្លើយតប​លោក​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​អូស្ត្រាលី​បាន​សម្ដែង​ក្តី​រីករាយ ដែល​លោក​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​លោក​បាន​ថ្លែងអំណរគុណ​ដល់​សហគមន៍​ខ្មែរ ក៏ដូចជា​និស្សិត​នៅ​ប្រទេស​អូស្ត្រាលី ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា​បាន​នាំ​គ្នា​រៃអង្គាស ថវិកា ដើម្បី​ជួយ​ដល់​ប្រទេស​អូស្ត្រាលី​ដែល​ជួប​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នេះ​។ ជាមួយគ្នា​នោះ​លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​ចូលរួម​សោកស្ដាយ​ចំពោះ​ការបាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​នៅ​ខេត្ត​កែប នាពេល​កន្លងមក ហើយ​ទាក់ទង​បញ្ហា​នេះ នៅក្នុង​ជំនួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា លោក​ឯកអគ្គរដ្ឋទូត​បាន​ផ្ដួចផ្ដើម​ឲ្យ​មាន​ក្រម​សុវត្ថិភាព​ផ្នែក​សំណង់ និង​ផ្ដើម​ឲ្យ​មាន​ទស្សនកិច្ច​សិក្សា​ទៅ​ប្រទេស​អូស្ត្រាលី ដើម្បី​សិក្សា​ពី​វិស័យ​សំណង់​នៅ​ប្រទេស​អូស្ត្រាលី ធ្វើយ៉ាងណា​ឱ្យ​ការសាងសង់​នាពេល​អនាគត​មាន​សុវត្ថិភាព​។

បើ​តាម​លោក កុយ គួ​ង នៅក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ​បាន​សន្យា​ធ្វើ​យ៉ាង​ណា​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​រីកចម្រើន និង​ស៊ីជម្រៅ​បន្ថែមទៀត ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម ដែល​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អូស្ត្រាលី មាន​ប្រមាណ​ពីរ​៣០០​លាន ទៅ​៥០០​លាន ក្នុង​មួយឆ្នាំៗ ហើយក៏​ជំរុញ​ឲ្យ​ផ្នែក​វិស័យ​ទេសចរណ៍​ផងដែរ ដែល​កាលពី​ឆ្នាំមុន​ប្រជាជន​អូស្ត្រាលី​បាន​សុំ​មក​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា​ប្រមាណ​២២ ម៉ឺន​នាក់​។ ចំណែក​នៅក្នុង​ផែនការ​ផ្លាស់ប្ដូរ​និស្សិត​ប្រទេស​ទាំងពីរ​ចន្លោះ​ពី​៣ ខែ​ទៅ ៩ ខែ មាន​ប្រមាណ​៥៥០ នាក់​នៅ​ឆ្នាំ​២០២០​នេះ​។ ដោយឡែក​និស្សិត​កម្ពុជា​ដែល​បាន​ទៅ​ចុះឈ្មោះ ទាំង​និស្សិត​អាហារូបករណ៍ និង​និស្សិត​ដែល​ប្រើ​លុយ​ខ្លួនឯង​នៅ​ឆ្នាំ​២០២០ នេះ​មាន​ប្រមាណ​៣​ពាន់​នាក់។

ជាមួយគ្នា​នោះ​ភាគី​ទាំងពីរ​ទាំងពីរ ក៏បាន​ពិភាក្សា​គ្នា​អំពី​វិស័យ​ដោះមីន​ផងដែរ ដែល​កន្លងមក​ប្រទេស​អូស្ត្រាលី​បាន​ជួយ​កម្ពុជា​យ៉ាងច្រើន​។ ទាក់ទង​ទៅនឹង​វិស័យ​ដល់​នេះដែរ ឆ្នាំនេះ​អូស្ត្រាលី នឹង​ផ្ដល់​ចំនួន​១០​លាន​ដុល្លារ​ថែមទៀត ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ដោះមីន​នេះ​សម្រេច​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​កំណត់ថា ឆ្នាំ​២០២៥ ឲ្យ​អស់​គ្រាប់មីន​។ នៅក្នុង​ជំនួប​ពិភាក្សា​នោះ លោក​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ក៏បាន​ចាប់អារម្មណ៍​ទៅលើ​វិស័យ​ដឹកជញ្ជូន​ហើយ​លោក​ឯកអគ្គរដ្ឋទូត​អា​ថា នឹង​ជំរុញ​ឲ្យ​អ្នកវិនិយោគ​អូស្ត្រាលី ឲ្យ​មក​វិនិយោគ​លើ​ផ្នែក​ដឹកជញ្ជូន​នេះ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114