ប្រទេសអូស្ត្រាលីនៅថ្ងៃចន្ទបានចាប់ផ្តើមក្រុមការងារចារកម្មកម្រិតខ្ពស់មួយដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែលក្រុមមន្ត្រីនិយាយថាជាការជ្រៀតជ្រែកពីបរទេសយ៉ាងខ្លាំងក្លានៅក្នុងប្រទេសនេះនិងបន្ទាប់ពីមានការអះអាងអំពីប្រតិបត្តិការចារកម្មរបស់ចិន។
លោកនាយករដ្ឋមន្ត្រី Scott Morrison បាននិយាយថា “កម្លាំងថ្មីនេះនឹងមានការចូលរួមពីភ្នាក់ងារស៊ើបការណ៍សម្ងាត់កំពូលទាំងអស់របស់ប្រទេសដើម្បីបង្អាក់និងរារាំងដល់អ្នកណាដែលប៉ុនប៉ងបំផ្លាញផលប្រយោជន៍ជាតិរបស់យើង” ។
កម្លាំងថ្មីមួយនឹងនាំឲ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់សម្របសម្រួលជាមួយប៉ូលិសសហព័ន្ធដើម្បីកំណត់អត្តសញ្ញាណនិងកាត់ទោសឬបណ្តេញភ្នាក់ងារបរទេស។
លោក Morrison បាននិយាយក្នុងសន្និសីទកាសែតមួយនៅទីក្រុងកង់បេរ៉ាថា “យើងនឹងអភិវឌ្ឍជំនាញថ្មីៗទាំងពីសមត្ថភាពស៊ើបអង្កេតក៏ដូចជាអាចបន្តការស៊ើបអង្កេតនិងរំខានឬតាមដាននិងកាត់ទោសផងដែរ”។
ដោយមិនបញ្ជាក់ចំឈ្មោះចិន លោក Morrison បាននិយាយថា “ការជ្រៀតជ្រែកពីបរទេសគឺមកពីប្រភពជាច្រើនផ្សេងៗគ្នាហើយជាការគំរាមកំហែងដែលកំពុងវិវត្ត”។
ប៉ុន្តែការប្រកាសនៅថ្ងៃចន្ទនេះបានកើតឡើងបន្ទាប់ពីមានការលាតត្រដាងថា អាជ្ញាធរកំពុងស៊ើបអង្កេតលើព័ត៌មានជាច្រើនដែលអះអាងដោយអ្នករត់ចោលជួររបស់ចិនឈ្មោះ Wang Liqiang អំពីចារកម្មចិននិងប្រតិបតិ្តការសម្ងាត់នៅក្នុងប្រទេសអូស្ត្រាលី។
វាក៏បានកើតឡើងផងដែរបន្ទាប់ពីប្រមុខអង្គការស៊ើបការណ៍សន្តិសុខអូស្ត្រាលីដែលចូលនិវត្តន៍កាលពីពេលថ្មីៗនេះឈ្មោះ Duncan Lewis បាននិយាយថា ប្រទេសចិនចង់គ្រប់គ្រងប្រព័ន្ធនយោបាយរបស់អូស្ត្រាលីដោយប្រើយុទ្ធនាការចារកម្មចាត់ការផ្ទៃក្នុងនិងជាប្រព័ន្ធ។
អាជ្ញាធរអូស្ត្រាលីក៏កំពុងតែសម្លឹងមើលទៅលើការអះអាងមួយដែលថា ប្រទេសចិនបានព្យាយាមជ្រើសរើសអ្នកជំនួញក្រុងមែលប៊នម្នាក់ហើយជំរុញឲ្យគាត់ជាប់ឆ្នោតជាសមាជិកសភាផងដែរ៕ AFP
វណ្ណវណ្ណ