ព័ត៍មានទាន់​ហេតុការណ៏
Search

អូស្ត្រាលី​ផ្តល់​កម្ចី​ដល់​កសិករ​ដែល​រងគ្រោះ​រាំងស្ងួត​រហូតដល់​៦៨៨​លាន​ដុល្លារ​

នាយករដ្ឋមន្ត្រី Scott Morrison បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​អូស្ត្រាលី​នឹង​ផ្តល់​កម្ចី​ដែលមាន​តម្លៃ​ការប្រាក់​ទាប​ជូន​ដល់​កសិករ​ដែល​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត​បាន​ដល់​១ ពាន់​លាន​ដុល្លារ​អូស្ត្រាលី (៦៨៨,១០ លាន​ដុល្លារ​) ។​

កសិករ​នៅ​ទូទាំង​ឆ្នេរ​ខាងកើត​នៃ​ប្រទេស​អូស្ត្រាលី​បាននិងកំពុង​តស៊ូ​ជាមួយ​គ្រោះរាំងស្ងួត​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ​ដោយ​ធ្វើឱ្យ​ផលិតកម្ម​កសិកម្ម​ថយ​ចុះ​និង​ធ្វើឲ្យ​ទីក្រុង​មួយចំនួន​ស្ថិតក្នុង​សភាព​ខ្វះ​ទឹក​ផ្គត់ផ្គង់​។​

ជាមួយ​កំហឹង​កាន់តែ​ពុះពោរ​ក្នុងចំណោម​មូលដ្ឋាន​អ្នកបោះឆ្នោត​របស់​រដ្ឋាភិបាល​អភិរក្សនិយម លោក​MOrrison​បានផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ថ្មី រួមមាន​ប្រាក់កម្ចី​ដែល​គ្មាន​ការប្រាក់​បណ្តោះអាសន្ន​ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​អនុញ្ញាត​ឲ្យ​កសិករ​ការពារ​ការ​ក្ស័យធន​។​

លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង Canberra ថា “​អ្វីដែល​កំពុង​ធ្វើ​នេះ​គឺ​ដើម្បី​គាំទ្រ​ដល់​កសិករ​និង​អ្នក​ចិញ្ចឹមសត្វ​ដែល​ដឹងថា​ពួកគេ​ត្រូវ​ពឹងផ្អែក​អនាគត​នៅក្នុង​វិស័យនេះ ហើយ​ប្តេជ្ញា​ថា​នឹង​ទៅ​ផ្នែក​ម្ខាង​ទៀត​នៃ​គ្រោះរាំងស្ងួត​នេះ ហើយ​ដឹងថា​មាន​ថ្ងៃ​ល្អប្រសើរ​ជាង​នៅ​ម្ខាង​ទៀត​” ។

អាជីវកម្ម​ខ្នាតតូច​ណាមួយ​ដែល​ត្រូវបាន​ចាត់ទុកថា​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​នឹងមាន​សិទ្ធិ​ទទួលបាន​ប្រាក់កម្ចី​សម្បទាន​រហូត​ដល់​៥០​ម៉ឺន​ដុល្លារ​អូស្ត្រាលី​ដែល​ត្រូវ​បង់​ក្នុង​រយៈពេល​១០​ឆ្នាំ​។​

ដើម្បី​បន្ធូរបន្ថយ​បន្ទុក​ហិរញ្ញវត្ថុ រដ្ឋាភិបាល​បាន​និយាយថា ​នឹងមិន​មានការ​ប្រាក់​ចំពោះ​ការបង់​សង​មកវិញ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដំបូង​នៃ​ប្រាក់កម្ចី​នោះ ឡើយ ខណៈដែល​ក្រុមហ៊ុន​អាជីវកម្ម​នឹងត្រូវ​បង់​ត្រឹមតែ​ការប្រាក់​លើ​ប្រាក់កម្ចី​ចន្លោះ​ពី​៣​ទៅ​៥​ឆ្នាំ​ប៉ុណ្ណោះ​។ បន្ទាប់មក​ប្រាក់​ដើម​និង​ការប្រាក់​នឹងត្រូវ​គិត​ចាប់ពី​ឆ្នាំ​ទី​៦​ឡើងទៅ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114