BREAKING NEWS
Search

អេ​ម មី បង្ហាញមុខ​ក្នុង​សកម្មភាព​មនុស្សធម៌​ ចែក​អំណោយ​នៅ​ទីលាន​ចាក់​សំរាម​បឹង​ជើងឯក​

ភ្នំពេញ ​៖​ កញ្ញា​ អេ​ម មី ដែល​កន្លងមក ​ធ្លាប់តែ​ពើប​ប្រទះ​ នឹង​រឿងរ៉ាវ​អាស្រូវ​ស្នេហា និង​ចូលចិត្ត​តុបតែង​ខ្លួន​សិច​ស៊ី​បែប​នារី​សម័យ​ថ្មីៗ​នេះ, ​​បាន​ងាក​មក​ផ្ដើម​ធ្វើ​ការងារ​មនុស្សធម៌ ​ក្រោយពី​ជោគជ័យ​បណ្ដើរ​ៗ​លើ​អាជីព​ជា​អ្នកចម្រៀង និង​ក្រសោប​បាន​ប្រជាប្រិយភាព​សម្រាប់​ទីផ្សារ​សិល្បៈ​ក្នុង​និង​ក្រៅ​ស្រុក​ច្រើន​នា​ពេល​កន្លង​មក។

រូប​ថត​ជា​ច្រើន​សន្លឹក​ ដែល​ត្រូវ​បាន​តារា​ចម្រៀង​ កញ្ញា អេ​ម មី​ យក​មក​បង្ហោះ​ចែករំលែក​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ខ្លួន គឺ​ភាគច្រើន​សុទ្ធ​សឹង​បង្ហាញ​ពី​សកម្មភាព​មនុស្សធម៌​នៅ​ពេល​ដែល​នាង និង​មិត្តភក្ដិ​បាន​នាំ​យក​សម្ភារៈ​ខ្លះៗ​ទៅ​ចែក​ជូន​ដល់​កុមារ និង ប្រជាពលរដ្ឋ​ នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក ដោយមាន​ទាំង​ការចែក​អាហារ និង​ថវិកា​មួយ​ចំនួន​ចែក​ជូន​ពួកគាត់​ ដែល​បាន​មក​ចូលរួម។

តាមរយៈ​ការ​បង្ហាញ​សកម្មភាព​មនុស្សធម៌​បែបនេះ​របស់ កញ្ញា អេ​ម មី គឺជា​លើកទីមួយ​ហើយ​បន្ទាប់ពី​នាង​បាន​ចូល​ប្រឡូក​វិស័យ​សិល្បៈ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នោះ។

យ៉ាង​ណា​មិញ ក្រោយពី​នាង​បាន​ទទួល​ផ្លែផ្កា​ពី​អាជីព​មួយ​នេះ កញ្ញា អេ​ម មី ​ក៏បាន​ងាក​មក​ធ្វើ​សកម្មភាព​មនុស្សធម៌​ ដោយ​ការងារ​មនុស្សធម៌​ដំបូង​របស់​នាង គឺ​ការ​ចែករំលែក​ក្តី​ស្រឡាញ់​ឲ្យ​កុមារ​តាមរយៈ​ការ​ផ្តល់​អាហារ និង​សម្ភារៈ​នំចំណី​ខ្លះ​ៗ​ទៀត។

ទស្សនិកជន​សង្ឃឹមថា ថ្ងៃ​ខាងមុខ​ទៀត តារា​ចម្រៀង​ស្រី កញ្ញា អេ​ម មី នឹង​បន្ត​សកម្មភាព​បែបនេះ​ដើម្បី​រួមចំណែក​ជួយ​សង្គម​។​

ជាមួយគ្នា នៃ​ការចូលរួម​សកម្មភាព​មនុស្សធម៌​នេះ កញ្ញា អេ​ម មី ក៏បាន​បញ្ជាក់​បន្ថែម​ថា ថ្ងៃនេះ ខ្ញុំ​ពិតជា​បាន​មក​ចូលរួម​ចែក​អំណោយ​ជាមួយ​បងៗ​សិល្បករ​-​សិល្បការិនី រួម​ជា​មួយ​នឹង​សមាគម​ចាស់ជរា​សហរដ្ឋ​អាមេរិក ដើម្បី​ចែក​ជូន​ទៅដល់​ពុក​ម៉ែ​បងប្អូន​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក​មែន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114