ខ្សែបម្រើជើងចាស់របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន អ៊ុក សុធី ដែលទើបតែប្រកាសព្យួរស្បែកជើងកាលពីពេលថ្មីៗនេះ បានបង្ហើបប្រាប់ពីមានបំណងវិវឌ្ឍខ្លួនជាគ្រូបង្វឹកដើម្បីជួយបណ្ដុះបណ្ដាលធនធានយុវជននៅកីឡដ្ឋានស្មាតអរអេសអិន (Smart RSN) វិញម្ដង។ នេះបើយោងតាមការសន្ទនារវាង កីឡាករជើងចាស់រូបនេះ ជាមួយគេហទំព័រគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។
កីឡាករមានវិញ្ញាបនបត្រគ្រូបង្វឹកកម្រិត B ពន្យល់ថា កត្តាវ័យ និងការថមថយកម្លាំង គឺជាហេតុផលសំខាន់ដែលរូបគេសម្រេចចិត្តព្យួរស្បែក និងងាកទៅផ្ដោតលើការអភិវឌ្ឍយុវជននៅឆ្នាំថ្មីខាងមុខ។
អតីតខ្សែបម្រើជាតិកម្ពុជា ទាំងលើវាលស្មៅធម្មជាតិ និងក្នុងសាលរូបនេះពន្យល់លម្អិត ជាមួយគេហទំព័រ cncc-football.com ថា៖ «អាយុកាន់តែច្រើន ហើយកម្លាំងក៏ថយជាងមុន បើខ្ញុំនៅលេងទៀត ក៏មិនសូវទៀងទាត់ដែរ អ៊ីចឹងមានតែងាកទៅជួយបង្ហាត់យុវជនវិញល្អជាង។ ខ្ញុំបានពិភាក្សាជាមួយថ្នាក់ដឹកនាំក្លិបរួចរាល់ហើយពីគម្រោងនាពេលខាងមុខនេះ ហើយខ្ញុំក៏ចង់បង្ហាត់ក្មេងៗនៅភ្នំពេញក្រោនដែរក្រោយចូលនិវត្តន៍។»
គួររំឭកថា អ៊ុក សុធី ដែលជាប់ជម្រើសជាតិកម្ពុជាពីចន្លោះ ឆ្នាំ២០១៤ ដល់២០១៧ បានចូលរួមជាមួយភ្នំពេញក្រោន នៅឆ្នាំ២០១១ ហើយបានដើរតួសំខាន់មួយពេលឈ្នះជើងឯក Metfone Cambodian រដូវកាល២០១៤ និង២០១៥ និងធ្លាប់ជួយឲ្យក្លិបឡើងទៅវគ្គជម្រុះជុំចុងក្រោយក្នុងពានរង្វាន់ AFC President Cup 2012។ អ្វីដែលគួរឲ្យសោកស្ដាយ ឆ្នាំ២០១៥ សុធី បានអវត្តមានពីទីលានរយៈពេលយូរ ដោយសាររងរបួសពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា។
សុធី បង្ហាញខ្លួនបានចំនួន១២លើក គ្រប់ពានរង្វាន់សម្រាប់រដូវកាលនេះ និងរកបាន២គ្រាប់ ក្រៅពីមានតួនាទីជាកីឡាករ គេក៏ឆ្លៀតបង្ហាត់ក្រុមបាល់ទាត់មិនមែនអាជីពមួយចំនួនដែរដើម្បីសម្រួចបទពិសោធគ្រូបង្វឹក។
ប្រធានក្រុមថ្មីរូបនេះ មានឈ្មោះក្រៅថា Messi ដែលអ្នកគាំទ្រហៅតាំងពីលេងនៅក្រុមបាល់ទាត់ម៉ូតូហោះ និងក្រុមហ្វូតសាលជម្រើសជាតិនា អំឡុងពេលយុវវ័យមកម្ល៉េះ៕
ម៉េង ហួរ