អ្នកចាត់ការ​ទូទៅ​កីឡដ្ឋាន SRU បង្ហាញ​ពី​គោលបំណង​នៃ​ការរៀបចំ​ពាន Siem Reap Super Asia Cup នៅ​សៀមរាប

លោក ប៊ួ​យ ដា​រី អ្នកចាត់ការ​ទូទៅ​ក្លឹប​បាល់ទាត់​ពាក់កណ្ដាល​អាជីព សៀមរាប​យូ​ណាយ​ធី​ត និង​កីឡដ្ឋាន SRU បាន​ធ្វើ​ការ​បញ្ជាក់​ពី​ការរៀបចំ​ពានរង្វាន់​មិត្តភាព​អន្ដរ​ជាតិ Siem Reap Super Asia Cup នៅ​សៀមរាប លើ​កីឡដ្ឋាន​ដ៏​ថ្មីស្រឡាង គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​សំខាន់ៗ ២​យ៉ាង​។

​ថ្លែង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លឹប SRU Stadium ថា ទី​១ ជា​ការ​ធ្វើ​តេស្ដ​ទីលាន ដែល​ទើបតែ​សាងសង់​ហើយ​ថ្មីៗ និង​ទី​២ ជា​ការ​សាកល្បង​ការរៀបចំ​របស់​ខ្លួន ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំ​បែបនេះ​។

​លោក ប៊ួ​យ ដា​រី បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ទី​១ គឺ​ដោយសារ​ស្តា​ត​របស់​យើង​ទើបតែ​ចាប់ផ្ដើម​ធ្វើ ហើយក៏​ជា​ឱកាស​មួយ​ដោយសារតែ​ក្នុង​ឆ្នាំ​ហ្នឹង ស្តា​ត​របស់​យើង​គឺ​ទទួល​ក្រុម​ពីរ​នៅ​ក្នុង​លី​គរ​បស់​យើង ដែល​ក្រុមទី​១ គឺ អង្គ​រថា​យ​ហ្គឺ​រ ហើយ​ទី​២ គឺ​ក្រុម​សូល​ទី​ឡូ​។ ចឹ​ង សម្រាប់​ពួកយើង ទី​១ យើង​ចង់​តេស្ដ​ទីលាន និង​ការរៀបចំ​របស់​យើង ហើយ​យើង​ពិត​ជា​មាន​មោទកភាព​ដែល​យើង​អាច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ ។ យើង​សង្ឃឹមលើ​ទស្សនិកជន នៅ​ខេត្ត​សៀមរាប ដោយសារ​សៀមរាប ជា​ខេត្ត​មួយ​មាន​ទស្សនិកជន​ផុលផុស​ក្នុង​បាល់ទាត់ ជាពិសេស​អង្គ​រថា​យ​ហ្គឺ​រ​ជាប់​ជា​ក្រុម​មាន​ទស្សនិកជន​ច្រើនជាងគេ​បំផុត​ពីរ​ឆ្នាំ​ជាប់​គ្នា​»​។

​សូម​បញ្ជាក់​ថា ក្លឹប​កីឡាបាល់ទាត់​សៀមរាប​យូ​ណាយ​ធី​ត បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាឡេស៊ី Bolabros និង Karki Jersi នឹង​រៀបចំ​ពានរង្វាន់​មិត្តភាព​អន្ដរ​ជាតិ Siem Reap Super Asia Cup 2020 នៅ​កីឡដ្ឋាន SRU ខេត្ត​សៀមរាប នៅ​ថ្ងៃទី​២៣-២៦ ខែ​មករា​ខាងមុខ ដោយមាន ៤​ក្លឹប​មកពី ៣​ប្រទេស​ចូលរួម គឺ​ក្លឹប Petaling Jaya City មកពី​លី​គ​កំពូល​ម៉ាឡេស៊ី និង​ក្លឹប Bhayangkara FC មកពី​លី​គ​កំពូល​ឥណ្ឌូនេស៊ី រួមទាំង​ក្រុម​ម្ចាស់​ទឹកដី ៣​ក្រុម គឺ​ក្លឹប​អង្គ​រថា​យ​ហ្គឺ​រ និង​វិសាខា​។

​ចំពោះ​កម្មវិធី​ប្រកួត​ពាន​មិត្តភាព​អន្ដរ​ជាតិ​ខាងលើ​វិញ បន្ទាប់ពី​ធ្វើការ​ចាប់​ពូ​ល កាលពី​ម្សិលមិញ គឺ​អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​ជួប​ក្រុម Petaling Jaya City នាទី​២៣-​មករា ហើយ​វិសាខា ត្រូវ​ប៉ះ Bhayangkara FC នា​ថ្ងៃទី​២៤-​មករា​។ ចំពោះ​ក្រុម​ឈ្នះ នឹង​ឡើង​ប៉ះ​គ្នា​យក​ជើងឯក នា​ថ្ងៃទី​២៦-​មករា ខណៈ​ក្រុម​ចាញ់ ត្រូវ​ជួប​គ្នា​ដណ្ដើម​លេខ​៣ នា​ថ្ងៃទី​២៥-​មករា​។ ការប្រកួត​នេះ បើ​ស្មើគ្នា​នឹង​ទាត់​បាល់ ១១​ម៉ែត្រ​កាត់សេចក្ដី មិន​មាន​ការ​បន្ថែម​ម៉ោង ១៥​នាទី ២​ដងនោះ​ទេ​៕