ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកចាំទី អ៊ុំ វិចិត្រ និង​កីឡាករ​ចាស់វស្សា គួច សុ​កុម្ភៈ ទទួល​ការងារ​ក្នុង​ក្រុម U22​កម្ពុជា ត្រៀម​ចេញទៅ​ស៊ី​ហ្គេម​

​អ្នកចាំទី​របស់​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ អ៊ុំ វិចិត្រ ដែល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ញាំញី​ដោយសារ​របួស នៅពេលនេះ​ត្រូវបាន​កោះហៅ​ឱ្យចូល​រួម​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​២២​ឆ្នាំ (U22) ក្នុងនាម​ជា​គ្រូបង្វឹក​អ្នកចាំទី ខណៈ​កីឡាករ​ចាស់វស្សា គួច សុ​កុម្ភៈ ដែល​ប្រកប​អាជីព​នៅ​ក្លិប​ណាហ្គា​វើ​ល ក៏​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជំនួយការ​គ្រូបង្វឹក​ដើម្បី​ត្រៀម​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ផងដែរ​។ ឈុត​ស៊ី​ហ្គេម​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ Keisuke Honda និង​គ្រូបង្វឹក Felix Dalmas មាន​គ្រូ​ជំនួយ​មួយរូប​បន្ថែមទៀត​ជាមួយ​លោក ភា សុ​ភ័​ក្ត្រា​។

​បើ​និយាយ​ពី អ៊ុំ វិចិត្រ វិញ​ធ្លាប់មាន​ភាពល្បីល្បាញ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ស្មើគ្នា​ជាមួយ​អ្នកចាំទី ស៊ូ យ៉ា​ទី របស់​ក្រុម​ណាហ្គា​វើ​ល បច្ចុប្បន្ន​។ ប៉ុន្តែ​ជា​អកុសល​កីឡាករ​រូបនេះ​បាន​របួស​ស្រាំ​ឆ្អឹង​ម្រាមដៃ នៅ​ចុងឆ្នាំ​២០១៤ ពេល​ចូលរួម​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ នៅ​ដើមឆ្នាំ ២០១៥ ក្រោម​ការជួយជ្រោមជ្រែង​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ក្លិប​ក្រសួង​ការពារ​ផងដែរ​នោះ បាន​វះកាត់​ដៃ​ដែល​ឈឺ​របស់ អ៊ុំ វិចិត្រ បានសម្រេច​តែ​ត្រូវរបួស​នោះ​ទើបតែ​ជា​ដាច់ស្រឡះ​។

កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារជាតិ នៅ​ឆ្នាំ​២០១៨ ហើយ​បន្ត​លេង​ជាមួយ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​កណ្តាល​រាជធានី​មួយ​នេះ​រហូតដល់​បច្ចុប្បន្ន​។ រូបគេ​ធ្លាប់​ជាប់​ឈ្មោះ​នៅក្នុង​ក្រុម​ជម្រើសជាតិ​តាំងពី​ឈុត U19 ដល់​ឈុត​ធំ​ផងដែរ​។ បច្ចុប្បន្ន​រូបគេ​កំពុង​ដើរតួរ​ជា​កីឡាករ​ផង​និង​ជា​គ្រូបង្វឹក​អ្នកចាំទី​ផង​ក្រោយ​គ្រូបង្វឹក​អ្នកចាំទី លោក សួង ភារ​ម្យ ចាកចេញ​ហើយ​ទៅ​ចូលរួម​ជាមួយ​ក្រុម​វិសាខា កាលពីដើម​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​។

ចំណែក​កីឡាករ គួច សុ​កុម្ភៈ វិញ​បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​លើកដំបូង នៅ​ក្លិប​ខេមរា​កីឡា​ពី​ឆ្នាំ​២០០៥-២០១០ ហើយ​បាន​ផ្លាស់​ទៅ​ចូលរួម​ក្លិប​ភ្នំពេញ​ក្រោ​ន នៅ​ឆ្នាំ​២០១០ ដល់​២០១៥ និង​ចាប់ពី​ឆ្នាំ​២០១៥ ដល់​បច្ចុប្បន្ន​ចូលរួម​ជាមួយ​ក្លិប​ណាហ្គា​វើ​ល វិញ​ម្តង​។ កីឡាករ​មកពី​ខេត្តកំពង់ធំ រូបនេះ​ធ្លាប់បាន​ជាប់​ជម្រើសជាតិ​កម្រិត​យុវជន និង​ឈុត​ធំ​តាំងពី​ឆ្នាំ​២០០៦ ដោយបាន​បង្ហាញខ្លួន​ចំនួន​៥៨​ប្រកួត និង​រកបាន​៧​គ្រាប់​។ បច្ចុប្បន្ន​រូបគេ​ត្រូវបាន​កោះហៅ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ សម្រាប់​ត្រៀម​ការប្រកួត​មិត្តភាព​ជាមួយ​ម៉ុង​ហ្គោ​លី​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា និង​ជំនួប​វគ្គ​ជម្រុះ World Cup ជាមួយ​ហុងកុង​នៅ​ថ្ងៃទី​១៩ វិច្ឆិកា នៅ​ទឹកដី​ហុងកុង​។

​សូម​បញ្ជាក់​ថា ​លទ្ធផល​នៃ​ការចាប់​ឆ្នោត ដែល​ធ្វើឡើង​នាទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពីពេល​ថ្មីៗ​បាន​បង្ហាញថា សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ ខាងមុខនេះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម ២២​ឆ្នាំ នឹង​ស្ថិតនៅ​ពូ​ល A ជាមួយ​ប្រទេស​ចំនួន ៤ ដែលមាន​ដូចជា​ម្ចាស់ផ្ទះ​ហ្វីលីពីន​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត ស្របពេល​ដែល​ពូ​ល B វិញ​រួមមាន​ក្រុម​ការពារ​តំណែង​មេដាយមាស ថៃ​, ឥណ្ឌូនេស៊ី​, វៀតណាម​, ឡាវ​, សិង្ហ​បុរី និង​ព្រុយ​ណេ​។​ស៊ី​ហ្គេម​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ជាមួយនឹង​៥២៣ វិញ្ញាសា​ប្រកួត លើ​ប្រភេទ​កីឡា​ចំនួន ៥៦ ប៉ុន្តែ​សម្រាប់​ប្រភេទ​កីឡាបាល់ទាត់ គឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៥ ខែវិច្ឆិកា ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​១០ ខែធ្នូ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114